Monday, November 25, 2024
Homeព័ត៌មានជាតិបង្ក្រាបគ្រឿងញៀន ឧក្រិដ្ឋជនតដៃ បា...ញ់ប៉ូលិសស្លា..ប់១ វ៉ៃខ្នោះ៣

បង្ក្រាបគ្រឿងញៀន ឧក្រិដ្ឋជនតដៃ បា…ញ់ប៉ូលិសស្លា..ប់១ វ៉ៃខ្នោះ៣

ភ្នំពេញ ៖ មន្ត្រីនគរបាល ពាក់ស័ក្តិ៤ម្នាក់ មានតួនាទីជានាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មួយករណី ដោយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់តដៃ បណ្តាលឱ្យត្រូវ ១គ្រាប់ ស្លាប់ក្នុងថ្លុកឈាម ចំណែកក្រុមឧក្រិដ្ឋជនគ្រឿងញៀន ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកក្រុមជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចផ្លូវ ៦០ម៉ែត្រ កែង៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ។

មន្ត្រីនគរបាលដែលពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ មានឈ្មោះម៉ិច ឆាយភី ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលឋានន្តរសក្តិវរសេនីយ៍ត្រី (ស័ក្តិ៤) តួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩.៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩.៣) បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យមួយក្រុម ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងបុរីមួយកន្លែង នៅសង្កាត់ព្រៃស។ ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ជនសង្ស័យបានដឹងខ្លួនទាន់ ក៏បានទាញកាំភ្លើងបាញ់ស្រោចមកលើកងកម្លាំងសមត្ថកិច្ច បណ្តាលឱ្យត្រូវចំលោកនាយរងការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន ខាងល ត្រង់បំពង់ក បណ្តាលឱ្យដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ តែជាអកុសល ពេលទៅ ជនរងគ្រោះបានបាត់បង់ជីវិតទៅ។

ដោយឡែក ក្រុមឧក្រិដ្ឋជនទាំងនោះ បន្ទាប់ពីបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ចហើយ ក៏បើករថយន្ត ១គ្រឿង ម៉ាក TOYOTA  ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0366 នាំបក្ខពួករត់គេច រហូតដល់ចំណុចផ្លូវ៥០ម៉ែត្រ កែង៦០ម៉ែត្រ ក្នុងខណ្ឌដង្កោ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញ សហការបោះដៃតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចខណ្ឌដង្កោ ដេញឃាត់រថយន្តនិងជនសង្ស័យ បានចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងដកហូតរថយន្ត មួយគ្រឿង ធ្វើការសាកសួរ ដឹងថាជនដៃដល់ម្នាក់ដែលជាអ្នកបាញ់សមត្ថកិច្ច ជាជនបរទេស បានចុះពីលើរថយន្ត នៅម្តុំវត្តហារ រត់គេចខ្លួនបាត់ទៅហើយ។

ប្រភពព័ត៌មាន បានបន្តថា បន្ទាប់ពីសាកសួរ សមត្ថកិច្ចបាននាំស្ត្រីម្នាក់ដែលសមត្ថកិច្ចឃាត់បាន ក្នុងចំណោម៣នាក់ យកទៅខុនដូមួយ នៅម្តុំផ្លូវ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីធ្វើការឆែកឆេរបន្ទប់ ក៏បានរកឃើញវត្ថុតាង មានកាំភ្លើង ចំនួន៣ដើម និងសម្ភារៈមួយចំនួន សង្ស័យជាថ្នាំញៀនថែមទៀត រួចហើយក៏នាំគ្នាខ្លួនជនសង្ស័យទាំងនោះ ទៅខាងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។

ទោះបីជាយ៉ាង ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច រួមទាំងកម្លាំងអាវុធហត្ថ នៅតែបន្តឡោមព័ទ្ធកន្លែងជនសង្ស័យរត់គេចខ្លួន រហូតទល់ភ្លឺ តែមិនទាន់ឃាត់ខ្លួនជនដៃដល់បាននៅឡើយទេ ។

សពប៉ូលិសរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES