Monday, November 25, 2024
Homeព័ត៌មានជាតិសាលាបឋមសិក្សា ស្រែញរ៍ បានប្រារព្ធពិធីបើកបវេសន​កាល​ឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

សាលាបឋមសិក្សា ស្រែញរ៍ បានប្រារព្ធពិធីបើកបវេសន​កាល​ឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

រាជធានីភ្នំពេញ: ក្រសួងអប់រំកំណត់ធ្វើការបើកបវេសនកាលក្នុងឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និង សម្រាប់វិស្សមកាលប្រព្រឹត្តទៅចំនួនពីរដង គឺវិស្សមកាលតូច(វ៉ាកងតូច)ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និង មហាវិស្សមកាល(វ៉ាកងធំ)ចាប់ថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំបានធ្វើការបញ្ជាក់ប្រាប់ដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវ សកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣។

ចំពោះថ្ងៃបើកបវេសនកាលជាផ្លូវការ ត្រូវតែប្រារព្ធនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដោយគ្រប់សាលារៀន ត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, អាជ្ញាធរដែនដី, តំណាងសហគមន៍មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ចូលរួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា ដោយបិទផ្សាយបដាបញ្ជាក់ពីការចូលរៀនដោយឥត បង់ថ្លៃ។

ជាក់ស្តែងឃើញថានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សាលាបឋមសិក្សា ស្រែញរ៍ ដែលមានទីតាំងស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្ធពិធីបើកបវេសនកាលដោយមានការចូលរួមពីមន្ត្រីអប់រំ និងលោកស្រី ម៉ុន ចាន់ធន  នាយិកាសាលានិងគណៈគ្រប់គ្រងរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន មាតាបិតាអ្នក អាណាព្យាបាលកុមារាកុមារី ក៏បានចូលរួមអបអរសាទរ និងសម្ដែងការ សប្បាយរីករាយត្រេកអរយ៉ាងក្រៃលែង ក្រោយពីកម្ពុជាបានប្រយុទ្ធប្រឆាំងទទួលបានលទ្ធផលជោគជ័យជាវិជ្ជមានជាមួយនឹង ជំងឺកូវីដ១៩ ដែលបានរំខានយាយី និយាយជារួមគឺទូទាំងពិភពលោក និយាយដោយឡែកកម្ពុជាទទួលបានលទ្ធផលជោគជ័យដោយអនុវត្តតាមយុទ្ធសាស្ត្រ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកនូវវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចាប់តាំងពីកុមាររហូតទៅដល់មនុស្សចាស់។ ជាពិសេសសម្ដេចនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តបន្តឱ្យបាននូវ អភិក្រម “៣កុំ ៣ការពា”។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីម៉ុន ចាន់ធន នាយិកាសាលាបឋមសិក្សា ស្រែញរ៍ បានឡើងអានកិច្ចស្វាគមន៍និង​របាយការណ៍វឌ្ឍនភាព និងលើកទិសដៅចក្ខុវិស័យអប់រំ ដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងនោះកន្លងមកសាលាទទួលបានអំណោយពីសប្បុរសជននិងអង្គការដៃគូ បានជួយឧបត្ថម្ភរួមជាមួយនឹង​បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបបានប្រែក្លាយពីសាលាដែលមានសភាពចាស់ មកដល់បច្ចុប្បន្នមានរួមដូចជា :

១. សាលាបានជួសជុលប្រក់ក្បឿងលាបថ្នាំថ្មីទៅលើអគារចាស់ដែលមានស្រាប់ និងកំពុងបានប្រើប្រាស់មកដល់បច្ចុប្បន្ន

២. សាលាមានបង្គន់អនាម័យខ្នាតស្តង់ដា ដែលជាអំណោយរបស់អង្គការ BODA(បូដា)។

៣. សាលាបានក្រាលកូរូឡាពេញទីធ្លាដែលជាអំណោយបានពីក្រុមហ៊ុនហុងដា និងបុណ្យផ្កាសាមគ្គី។

៤. សាលាបានសាងសង់ខ្លោងទ្វាររបងយ៉ាងមាំ នឹងមានរូបសំណាក់ជ័យវរ្ម័នទី៧ បន្ទះសូឡា ដោយបានការឧបត្ថម្ភពីលោកឧកញ៉ា សេង ហេង និងលោកជំទាវលឹម សុធាព្រមទាំងបុត្រ។ គួរបញ្ជាក់ផងដែរថាលោកឧកញ៉ានិងលោកជំទាវតែងតែជួយក្នុងវិស័យអប់រំជាច្រើន ជាពិសេសគឺសាលាបឋមសិក្សាភូមិស្រែញរ៍នេះតែម្ដង។

៦. សាលាទទួលបានអំណោយម៉ាស៊ីនចម្រោះទឹកស្អាតដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជន កម្ពុជាដែលបានកំពុងប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន និងមានអំណោយនានាទៀតពីសប្បុរសជនដែល អាចធ្វើឲ្យសាលាមានលទ្ធភាពអភិវឌ្ឍន៍ខ្លួនបានជាបន្តបន្ទាប់។

ពាក់ព័ន្ធទៅនឹងចក្ខុវិស័យក្នុងការដឹកនាំបន្តរបស់លោកស្រីម៉ុន ចាន់ធន ដែលជានាយិកា បានបញ្ជាក់ប្រាប់ឱ្យអង្គភាព​សារព័ត៌មានយើងដឹងថា លោកស្រីនិងដឹកនាំដើរតាមទស្សនទានរបស់ថ្នាក់ដឹកនាំគឺ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ក្នុងនោះត្រូវខិតខំពង្រីកសមត្ថភាពរបស់ខ្លួនទាំងខាងផ្នែកបរិស្ថានហេដ្ឋារចនាសម្ព័ន្ធ ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលាយើងក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍ និងជាសាលារៀនជំនាន់ថ្មីក្នុង​សហគមន៍ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

លោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថា, សាលាបឋមសិក្សា ស្រែញ័របន្តលើកកម្ពស់សុខភាពដល់កុមារាកុមារី និងសូមឱ្យលោកគ្រូអ្នកគ្រូទាំងអស់បន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន ឱ្យសាកសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្តាល គំនិតស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។

លោកស្រីបន្តធ្វើការសំណូមពរតាមរយៈអង្គភាពសារព័ត៌មាន សូមក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការមិនមែនរដ្ឋាភិបាល សប្បុរសជននានាដែលតែងតែបានរួមចំណែកកសាងនិងអភិវឌ្ឍវិស័យអប់រំ សូមបន្តចូលរួមនិងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀនបឋមសិក្សាស្រែញរ៍ ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់ និងសុំអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូនចៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបានក្នុងការ​បណ្ដុះបណ្ដាលឱ្យសិស្សបានចំណេះដឹងចំណេះធ្វើ និងសីលធម៌ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តទៅរៀននូវថ្នាក់អនុវិទ្យាល័យ។

ជាចុងបញ្ចប់លោកស្រីម៉ុន ចាន់ធន នាយិកា សាលាបឋមសិក្សា ស្រែញរ៍ បានសំណូមពរដល់មាតាបិតាអាណាព្យាបាល កុមារាកុមារី សិស្សានុសិស្សរួមជាមួយនឹងលោកគ្រូអ្នកគ្រូ សូមចូលរួមបន្តអនុវត្តឱ្យខានតែបាននៅអភិក្រម “៣កុំ ៣ការពារ” និងបន្តនាំកូននាំចៅទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំ ដើម្បីកម្ពុជាឈ្នះកូវីដ១៩ជារៀងរហូត។/ អត្ថបទ និងរូបភាព ដោយសុខបូរិន្រ្ទ(នគរ៤២)

RELATED ARTICLES