ខេត្តសៀមរាប ៖ បុរសម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ក្រុមគ្រួសារថា ទៅចូលរួមមង្គលការមិត្តភក្តិ រួចក៏បាត់ដំណឹងឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាក្រុមគ្រួសារព្យាយាមទាក់ទងទូរស័ព្ទផង ដើររកផងយ៉ាងណាក៏នៅតែមិនឃើញ ស្រាប់តែ ៤ថ្ងៃក្រោយមក មានគេប្រទះឃើញសពជនរងគ្រោះដេកស្លាប់ផ្កាប់មុខក្នុងទឹកស្រែ ជាប់នឹងម៉ូតូរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យភ្លាមៗ ក្រែងជាអំពើឃាតកម្ម លុះពិនិត្យរួច ទើបដឹងថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូចូលទឹកស្រែស្លាប់ដោយខ្លួនឯង។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្នុងទឹកប្រឡាយ ជាប់ផ្លូវកៅស៊ូ ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។
សាកសពជនរងគ្រោះ មានឈ្មោះហ៊ាន សាវ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងការិ យាល័យបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងនគរបាលចរាចរណ៍ កម្លាំងអធិការក្រុង និងគ្រូវពេទ្យផ្នែកកោលស្យវិច័យ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសពជនរងគ្រោះ និងបន្តសាកសួររកសាច់ញាតិសព ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពខាងលើ បានបន្តថា តាមការពិនិត្យលើដងខ្លួនសព ផ្នែកក្បាល មានស្នាមបែកលើភ្នែកខាងឆ្វេង និងបាក់ក ផ្នែកដងខ្លួននិងអវយវៈ ពុំមានស្នាមអ្វីគួរឱ្យសង្ស័យនោះទេ។ តាមការពិនិត្យកន្លែងកើតហេតុ ជាទីតាំងផ្លូវ មានសភាពកោង និងទួលខ្ពស់ និងមានប្រឡាយទឹក អមសងខាងផងដែរ។
តាមប្រភពពីឈ្មោះ ចាន់សុធា ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ គាត់បានទៅបូមទឹកដាក់ស្រែ នៅចំណុចទួលត្រពាំងចក តាមបណ្តោយផ្លូវទៅភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។ ក្រោយពីដាក់ម៉ាស៊ីនបូមទឹកចូលស្រែរួច គាត់បានដើរមកនិយាយលេងជាមួយឈ្មោះជៀប រឿន ភេទប្រុស អាយុ៥៨ឆ្នាំ។ ចំណែកឈ្មោះ ជា ព្រឹម ភេទប្រុស កំពុងតែដកដើមឈូកនៅម្ខាងប្រឡាយទឹកក្នុងស្រែ ដោយគាត់ឈរនៅម្ខាងលើចិញ្ចើមផ្លូវកៅស៊ូ មួយសន្ទុះគាត់ ក៏ឃើញមួកសុវត្តិភាពអណ្តែតក្នុងទឹក ភ្លាមនោះគាត់ក៏ចុះទៅស្រង់មួកយកមក ស្រាប់តែឃើញមានសក់ក្បាលមនុស្សអណ្តែតក្នុងទឹកទៀត គាត់ក៏បានមើលទៅ ទើបដឹងថាមានមនុស្សស្លាប់ក្នុងទឹក ហើយក៏រាយការទៅលោកមេភូមិតែម្តង។
ដោយឡែក តាមប្រភពពីឈ្មោះ ហ៊ាន សាវឿយ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៣៩នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បងប្រុសរបស់គាត់ (ជនរងគ្រោះ) បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-8230 ចេញពីផ្ទះនៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ដើម្បីចូលរួមក្នុងពីធីមង្គលការរបស់មិត្តភក្តិ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប។
បន្ទាប់មកក៏មិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញនោះឡើយ ចំណែកទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ដើររកក៏មិនឃើញ ទើបពួកគាត់បានបង្ហោះសារស្វែងរកជនរងគ្រោះ តាមបណ្តាញសង្គម ហ្វេសប៊ុក។ លុះមកដល់វេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ គាត់បានទទួលដំណឹងតាមទូរស័ព្ទ ពីសមត្ថកិច្ចថា ប្រទះឃើញសពរបស់បងប្រុសគាត់ នៅក្នុងទឹកប្រឡាយ ត្រង់ចំណុចកើតហេតុខាងលើ លុះពេលគាត់មកដល់ ពិនិត្យជាក់ស្តែង ដឹងថាសពនោះពិតជាបងប្រុសបង្កើតរបស់គាត់ប្រាកដមែន។
ផ្អែកតាមការស្តាប់បំភ្លឺសាក្សីនៅកន្លែងកើតហេតុ និងស្តាប់បំភ្លឺរបស់ប្អូនបង្កើតជនរងគ្រោះ តាមការពិនិត្យពិភាគទៅលើសព ពិនិត្យវិភាគជុំវិញកន្លែងកើតហេតុ ម៉ូតូនិងមួកការពាររបស់សព ស្ថិតក្នុងទឹកប្រឡាយនៅទាំងអស់ សូម្បីតែលុយក៏នៅដែរ។
តាមការសន្និដ្ឋាន ករណីខាងលើ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ ដែលបង្កឡើងដោយខ្លួនឯង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕