ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ទើបនឹងលាចាកសិក្ខាបទ (សឹក) ចូលមកបម្រើការងារនៅក្នុងរោងចក្រកែច្នៃកៅស៊ូក្រែប របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯង បណ្តាលឱ្យរយះរន្ធគូទ ត្រូវបានក្រុមគ្រូពេទ្យដេរមុខរបួសជាង២០ថ្នេរ។
ហេតុការណ៍គ្រោះថ្នាក់ដួលម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថៃទ្ងី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។
យុវជនរងគ្រោះដែលដួលម៉ូតូរយះរន្ធគូទ មានឈ្មោះប៊ុនថា ថាន មុខរបរជាកម្មកររោងចក្រកែច្នៃកៅស៊ូក្រែប នៅតំបន់កែវផុស របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ “វេលាម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយកម្មករថ្លឹងរថយន្ត ឈ្មោះ ប៊ុនថា ថាន ទើបតែលាចាកសិក្ខាបទ មកធ្វើការនៅរោងចក្រ កែច្នៃកៅស៊ូក្រែប ផ្នែកខាងថ្លឹងរថយន្ត បើកបរម៉ូតូដួលដោយខ្លួនឯង បណ្តាលឱ្យភ្ញាក់ផ្អើលដល់ព្រះសង្ឃ ឧបាសក ឧបាសិកាចំណុះជើងវត្តកែវផុស ទាំងយប់ មកសាកសួរសុខទុក្ខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មិនដឹងជាទៅប៉ះចំនឹងវត្ថុអ្វីទេ ទើបបណ្តាយឱ្យមុតចំរន្ធគូទ ដេរអស់ជាង២០ថ្នេរ។ ដូច្នេះហើយសូមបងប្អូនយើងដែលធ្វើចរាចរណ៍តាមម៉ូតូ ត្រូវតែប្រុងប្រយ័ត្ន គួរតែស្លៀកខោលីអូ ឲ្យបានក្រាស់ៗបន្តិច…”៕