ភ្នំពេញ ៖ ស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់ បាននាំកូនប្រុសអាយុប្រហែលជិត ១ខួបម្នាក់ ចូលទៅជួលបន្ទប់ផ្ទះសំណាក់ ១កន្លែង ស្នាក់នៅ លុះមួយសន្ទុះក្រោយមក បានដើរចេញក្រៅ ហើយប្រាប់ម្ចាស់ផ្ទះសំណាក់ថា កូនតូចរបស់ខ្លួនដេកលក់ហើយ ហេតុនេះ នាងសុំផ្ញើ ១ភ្លែត ដើម្បីចេញទៅរកទិញអីហូប។ បន្ទាប់មកបានឡើងជិះរថយន្ត ១គ្រឿង ចេញទៅចោលក្មេងប្រុសនោះបាត់ឈឹង មិនឃើញត្រឡប់មកវិញ ទើបម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះសំណាក់ ស្កាយលាភ មានទីតាំងស្ថិតនៅក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីម្ចាស់ផ្ទះសំណាក់ខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿង មកឈប់នៅផ្ទះសំណាក់របស់គាត់ បន្ទាប់មក បានពក្មេងប្រុសខាងលើចូលមកជួលបន្ទប់ដើម្បីស្នាក់នៅ។ លុះមួយសន្ទុះក្រោយមក ស្ត្រីនោះបានដើរចេញក្រៅ ហើយប្រាប់គាត់ជាម្ចាស់ផ្ទះសំណាក់ថា “កូនខ្ញុំដេកលក់ហើយ ឥឡូវខ្ញុំចេញទៅក្រៅរកទិញអីហូបមួយភ្លែត”។ និយាយរួច ស្ត្រីនោះបានបើករថយន្តចេញទៅបាត់ស្រមោល ហើយរយៈពេលមួយយប់ទៅហើយ នៅតែមិនទាន់ឃើញត្រឡប់មកយកក្មេងប្រុសនោះវិញសោះ។
ម្ចាស់ផ្ទះសំណាក់ខាងលើ បានបន្តថា ដោយសារតែចាំបាត់ៗ រយៈពេល១យប់១ថ្ងៃទៅហើយ អត់ឃើញស្ត្រីខាងលើវិលត្រឡប់មកយកក្មេងប្រុសនោះវិញ ម៉្យាងទៀត ក្មេងប្រុសខាងលើ គិតតែយំ ទើបនៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រូបគាត់ជាម្ចាស់ផ្ទះសំណាក់ បាននាំយកក្មេងប្រុសនោះទៅកាន់សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីរាយការណ៍ជូនអាជ្ញាធរនិងនគរបាល ហើយបើមិនឃើញម្តាយត្រឡប់មកយកវិញទេ គាត់នឹងសុំសិទ្ធិចិញ្ចឹមកូននោះតែម្តង៕