ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ បានរក្សារភាពស្ងប់ស្ងាត់របស់ខ្លួន ពោលគឺនៅទ្រឹងតាំងពីលោកចាកចេញពីហង្សមាសដោយផុតកុងត្រារយៈពេល៥ឆ្នាំ(២០១៧-២០២២) ខណៈដែលលោកខេមរៈ ភារុណ បងប្រុសលោកថាសិរីមន្ដ មិនទាន់សម្រេចចិត្តទៅផលិតកម្មថ្មីណាទៀតឡើយ ពោលគឺនៅស្ងៀមមួយរយៈសិន។ថ្វីត្បិតតែមានការអះអាងបែបនេះក្ដី ប៉ុន្ដែFan លោកប៊ុនថៃ អាចសន្និដ្ឋានជាមុនរួចទៅហើយថាតារាកូន៣មានភាគរយខ្ពស់ទៅរួមរស់ជាមួយ Galaxy ជាមិនខាន ព្រោះទំនាក់ទំនងលោកប៊ុនថៃ និងឡេង ណាវ៉ាត្រា ត្រូវបានអ្នកចម្រៀងរូបនេះធ្លាប់ប្រាប់ថាលើសពីបងប្អូនទៅទៀត។

ប៉ុន្ដែបើសិរីមន្ដ ទៅGalaxy នោះមានន័យថាកម្ដៅនៃការប្រជែងទីផ្សារចម្រៀងរបស់លោកជាមួយលោកព្រាប សុវត្ថិ នឹងចាប់ផ្ដើមសារជាថ្មីម្ដងទៀតជាមិនខាន ក្រោយពីតារាទាំងពីរធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំ និងទើបតែស្ងាត់ការយកឈ្នះចាញ់គ្នារយៈពេលជាង១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោយពួកគេបានឡើងជាឧកញ៉ាព្រមគ្នា។តែទាំងលោកខែម ប៊ុនថៃ និងអ្នកនាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy មិនដែលនិយាយបំភ្លឺពាក់ព័ន្ធរឿងនេះឲ្យច្បាស់នោះទេ ទោះជាអ្នកនាងសុជាតា បានសារភាពថាពិតជាចាប់អារម្មណ៍សម្ថភាពរបស់លោកប៊ុនថៃ មែន ប៉ុន្ដែនាងថាអ្វីៗមិនអាចនិយាយជាមុនបាន។

ខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងរយៈពេល១៩ឆ្នាំ(២០០៤-២០២៣)ហើយធ្លាប់ច្រៀងនៅផលិតកម្ម៣ផ្សេងគ្នាគឺU2,សាន់ដេ និងហង្សមាស ស្របពេលដែលមុនទៅហង្សមាសនោះក៍ធ្លាប់មានព័តមានថាលោកប៊ុនថៃ ត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនដែរ តែដំណឹងនោះបានស្ងប់ស្ងាត់ទៅវិញរហូតដល់បច្ចុប្បន្ន ហើយប្រសិនបើតារាវ័យ៣៨ឆ្នាំរូបនេះទៅGalaxy មែននោះជាទ្រនុំទី៤របស់លោកហើយការធ្វើថៅកែផលិតកម្មខ្លួនឯងនឹងត្រូវបានពន្យាពេលតទៅទៀតជាមិនខាន។ដោយឡែកសម្រាប់ការមិនបន្ដកុងត្រាថ្មីនៅហង្សមាសនេះដែរធ្វើឲ្យលោកប៊ុនថៃ បាត់ឱកាសធ្វើជាCoach និងJudge របស់កម្មវិធីប្រលងចម្រៀងទាំងឡាយនៅហង្សមាសដែលជិតធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនទៅហើយ តែត្រូវបានជំនួសដោយតារាផ្សេងវិញពិសេសគឺកៅអីដែលនៅទំនេររបស់លោកព្រាប សុវត្ថិ ថៅកែហង្សមាសបានប្រគល់ទៅឲ្យតារាផ្សេងៗសឹងតែអស់ទៅហើយក្រោយដឹងថាសិរីមន្ដ មិនព្រមនៅបន្ដ។

សម្រាប់លោកប៊ុនថៃ វិញចុងក្រោយនេះលោកបានលេចមុខតាមឆាកតន្រ្ដីមួយៗឡើងវិញ ហើយអ្វីដែលគូរឲ្យភ្ញាក់ផ្អើលក្រុមពិធីករបានប្រកាសពីគោរម្យងារលោកលើឆាកថា”ឧកញ៉ាខេមរៈ សិរីមន្ដ”ឡើងបកស្រាយចម្រៀង ដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់រឹតតែភ្ញាក់ផ្អើលថែមទៀតនៅពេលឭថាឧកញ៉ាឡើងច្រៀង។ការបន្ដអាជីពចាស់ផង ធ្វើជំនួញផងនាពេលនេះរបស់លោកប៊ុនថៃ គឺដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរ តែផ្ទុយពីអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរបស់Ctn លោកស៊ិន សិលា ដែលសំណូមពរឲ្យតារាទាំងឡាយដែលឡើងជាឧកញ៉ាហើយគូរតែឈប់ពីសិល្បៈឲ្យដាច់ស្រឡះដើម្បីកុំឲ្យច្របូកច្របល់ច្រៀងផងរកសីផង ហើយពិបាកឡើងអក្សរនៅលើទូរទស្សន៍មិនដឹងដាក់ថាម៉េចនោះ ព្រោះថាទាំងលោកប៊ុនថៃ និងសុវត្ថិ នៅបន្ដអាជីពចាស់ដូចគ្នា។ប៉ុន្ដែគេឃើញលោកប៊ុនថៃ ឡើងឆាកហាក់រយាលៗជាងលោកសុវតិ្ថ នារយៈពេលចុងក្រោយនេះពោលគឺបន្ទាប់ពីលោកបានចេញវីដេអូ១ថាច្រៀង៦បទ បានតម្លៃខ្លួន១ម៉ឺនដុល្លារនោះមកមានម្ចាស់កម្មវិធីខ្លះសាញ ព្រោះហៅលោកម្នាក់ស្មើហៅតារាល្បីល្មមៗបាន២០នាក់ឯណ្ណោះ។

គូរបញ្ជាក់ថាក្រៅពីលោកខែម ប៊ុនថៃ តារាចម្រៀងដែលចេញពីហង្សមាសមិនទាន់រកទ្រនុំបានមានដូចជាលោករិន សាវ៉េត និងសាពួន មីដាដា ជាដើម។មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះលោកប៊ុនថៃ មានជីវភាពធូធារខ្លាំង ហេតុនេះទោះជាលោកផ្អាកឡើងឆាកទាំងស្រុងក៍គ្មានវិបត្តិសេដ្ឋកិច្ចដែរ ព្រោះជាច្រើនខែមកហើយដែលលោកងាកមកផ្ដោតរកស៊ីលក់ដីឡូតិ៍ច្រើនជាងចេញបទថ្មីៗ៕
