ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពដេញកាប់ម្តាយកូន ២នាក់ ដោយមូលហេតុផ្តើមចេញពីភ្លើងប្រចណ្ឌ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយនិងកូនប្រុស ភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួន ដោយរត់ឆ្លងផ្លូវជាតិ ពីម្ខាងទៅម្ខាង ចំណែកស្ត្រីបង្កហេតុ បានព្យាយាមរត់ឆ្លងផ្លូវដេញកាប់ម្តាយកូននេះទៀត ប៉ុន្តែអកុសល ត្រូវរថយន្តធុនធំ ១គ្រឿង កំពុងបើកបរពេញល្បឿន ជាន់ហ្វ្រាំងគេចចង្កូតមិនទាន់ ជ្រុលបុកនិងកិន បណ្តាលឱ្យខ្ទេចខ្លួន (១កំណាត់ផ្នែកខាងលើ) បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកម្តាយកូន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៧-២០៨ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់។
មន្ត្រីនគរបាលស្រុកមេមត់ បានឱ្យដឹងថា ស្ត្រីដែលត្រូវរថយន្តធុនធំកិនខ្ទេចខ្លួននោះ មានឈ្មោះប៉ូ សុខគា អាយុ៣០ឆ្នាំ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះជា ជាតិ អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0007 សណ្តោងរ៉ឺមកពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 4A-1177។ ដោយឡែក ភាគីស្ត្រីរងគ្រោះ និងកូនប្រុស ដែលត្រូវស្ត្រីខាងលើដេញកាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ស្ត្រីឈ្មោះប៉ូ សុខគា ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពដេញកាប់ស្ត្រីម្នាក់និងកូនប្រុសវ័យជំទង់ម្នាក់ បណ្តាលឱ្យរងរបួស និងធ្វើឱ្យម្តាយកូនទាំង២នាក់ ភ័យខ្លាច ក៏រត់ឆ្លងថ្នល់ទៅម្ខាងដើម្បីគេចខ្លួន ស្រាប់តែភ្លាមនោះ ស្ត្រីឈ្មោះប៉ូ សុខគា បានបន្តរត់ទៅដេញកាប់ជនរងគ្រោះទាំង២នាក់ម្តាយកូនបន្តទៀត ប៉ុន្តែចៃដន្យពេលកំពុងរត់ឆ្លងថ្នល់ ត្រូវរថយន្តខាងលើ កំពុងបើកបរពេញល្បឿន ចាប់ហ្វ្រាំងគេចចង្កូតមិនទាន់ ក៏ជ្រូលបុកនិងកិនស្ត្រីឈ្មោះប៉ូ សុខគា បណ្តាលឱ្យខ្ទេច ១កំណាត់ខ្លួន ស្លាប់នៅនឹងកន្លែង គួរឱ្យរន្ធត់តែម្តង។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានប្រាប់ថា បញ្ហានេះផ្តើមចេញពីការប្រចណ្ឌ តែខាងលោកមិនទាន់ស៊ីជម្រៅលើករណីនេះទេ គឺខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើការស៊ើបអង្កេត លទ្ធផលយ៉ាងណានឹងជម្រាបជូនតាមក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
ចំណែកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕