ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់ បានអះអាងថា ខ្លួនត្រូវបានម្តាយបង្កើត និងឪពុកចុង ប្រើអំពើហិង្សា វាយដំ ធ្វើទារុណកម្ម គំរាមសម្លាប់ បង្ខំឱ្យរៀបការជាមួយបុរសម្នាក់ដែលនាងមិនស្រលាញ់ព្រោះនាងបានដឹងច្បាស់ថា បុរសនោះ ជាមនុស្សស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) និងមានផ្ទុករោគថ្លើមទៀតផង ប៉ុន្តែម្តាយនិងឪពុកចុង មិនបានគិតខ្វល់ពីសុខទុក្ខនាងជាកូនស្រីឡើយ ព្រោះតែចង់បានថ្លៃបណ្ណាការពីគេ ទើបបង្ខំនាងឲ្យរៀបការ រួចនាងសុំលែងលះ ក៏ត្រូវឪពុកចុងវាយដំ ។ ជាពិសេសរឿងដ៏ឈឺចាប់មួយទៀត គឺឪពុកចុងស៊ីកូនស្រីឯង (ចាប់រំលោភ) លុះកូនស្រីយករឿងនេះប្រាប់ម្តាយបង្កើត បែរជាម្តាយមិនជឿ រហូតទីបំផុតនាងជាកូនស្រីរងគ្រោះ ទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវដ៏អាស្រូវនេះ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងទទូចសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ផង។
នារីដែលអះអាងថា រងគ្រោះត្រូវម្តាយនិងឪពុកចុងវាយធ្វើបាប បង្ខាំងរំលោភនិងបង្ខំឱ្យរៀបការប្តីនោះ មានឈ្មោះសុខ ស្រីអន មានលំនៅក្នុងតំបន់ពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកម្តាយបង្កើត ឈ្មោះបាន ស្រីអូន មុខរបររកស៊ីលក់ដី និងបុរសជាឪពុកចុង មានឈ្មោះ រស់ ប្រុស មុខរបររកស៊ីលក់ដី។ ចំណែកស្ត្រីជាម្តាយបង្កើត ឈ្មោះបាន ស្រីអូន មុខរបររកស៊ីលក់ដី។
នារីរងគ្រោះ ឈ្មោះសុខ ស្រីអន បានសរសេររៀបរាប់តាមគណនីហ្វេសប៊ុក របស់ខ្លួននៅអធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា “ដល់ដំណាក់ការនេះ ខ្ញុំទ្រាំលែងបានហើយ ខ្ញុំលែងមានភាពខ្មាសអៀនទៀតហើយ ដោយសារការគំរាម សម្លុត ឪពុកចុងបានប្រើអំពើហិង្សា បោចសក់ ទះកំផ្លៀង គ្មាននរណាជួយខ្ញុំទេ បានតែឈរមើលនូវឪពុកចុងប្រើអំពើហិង្សាមកលើកខ្ញុំ បង្ខំឱ្យខ្ញុំរៀបការ និងគំរាម និងប្រើអំពើហិង្សាមកលើខ្ញុំណាស់។ ខ្ញុំបានព្រមរៀបការហើយ តែខ្ញុំសុំលែងលះ បានប្រើពាក្យគំរាមកំហែងណាស់មកលើខ្ញុំ ប្រសិនបើខ្ញុំលែងលះ សងមួយគុណបី ហើយឱ្យខ្ញុំទៅលោតពីលើស្ពានជ្រោយចង្វា។ សុំដោះលែងខ្ញុំទៅ ខ្ញុំមិនចង់រស់នៅជាមួយអ្នកទេ កុំឱ្យមានវិប្បដិសារីរៀងខ្លូន របួសផ្លូវកាយ អាចព្យាលបាលជា តែបើរបូសផ្លូវចិត្តហើយ គ្មានថ្នាំព្យាលបាលទេ ខ្ញុំឆ្អែតជាមួយគ្រួសារនេះណាស់ អាងអីគំរាម សម្លុត ហើយប្រើអំពើហិង្សាណាស់ ខ្ញុំឈ្មោះសុខ ស្រីអន រស់នៅពេជ្រនិល ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ការរៀបការនេះ មិនទាន់ចុះអាតាស៊ីវិល ម្តាយឈ្មោះបាន ស្រីអូន រកស៊ីលក់ដី។ ឪពុកឈ្មោះ រស់ ប្រុស (ត្រូវជាឪក្រោយ) រកស៊ីលក់ដី ខ្ញុំជាកូនប្តីដើម…”។
នារីរងគ្រោះ បានរៀបរាប់បន្តថា “ខ្ញុំមានរឿងមិនពេញចិត្តនឹងពិធីរៀបមង្គលការបស់ខ្ញុំ ដែលគ្រួសាររៀបចំឱ្យ ដោយសារខាងកូនកំលោះ មានរោគ ហើយគ្រួសារកូននៅតែបង្ខំ ខ្ញុំបានប្រកែកជាច្រើនដងថា មិនយកបុគ្គលម្នាក់ហ្នឹងទេ ដោយដឹងថា បុគ្គលហ្នឹងស្រលាញ់បុរសភេទបុរសដូចគ្នា និងមេរោគថ្លើម ប្រភេទបេ ដោយសារមូលហេតុនេះ ទើបរូបខ្ញុំមិនពេញចិត្ត ឬចង់រៀបការឡើយ ប៉ុន្តែគ្រួសារនៅតែបង្ខំ ដោយសារខាងប្រុសមាន គ្រួសាររឹតតែបង្ខំខ្ញុំ ទោះបីដឹងឮហើយថា បុគ្គលម្នាក់នោះមានរោគហើយ ក៏នៅតែបង្ខំ ខ្ញុំបានបដិសេធម្តងទៀត តែគ្រួសារនៅតែបង្ខំទៀត ខ្ញុំបានឆាតប្រាប់ពូម្នាក់ហ្នឹងដែរ “សូមពូកុំប្រគល់ប្រាក់បណ្ណាការឱ្យម៉ាក់ខ្ញុំអី ខ្ញុំអត់បានស្រលាញ់ពូទេ” ខ្ញុំបានរត់គេចម្តងហើយ តែគ្រួសាររខ្ញុំរកឃើញ ហើយនៅតែបង្ខំឱ្យខ្ញុំរៀបការជាមួយបុគ្គលនោះដដែល។ ការរស់នៅជាមួយគ្នា បើអត់ស្រឡាញ់គ្នាផង តើបង្ខំដល់ពេលណទៀត? ម៉ាក់ដូចបងម៉ាក់ណាស់ ដែលដឹងហើយឮហើយថា អេដស៍ ឱ្យនៅយកគ្នា ខ្លាចបាត់បង់ទ្រព្យ។ ទ្វារផ្ទះ យប់ឡើងចាក់សោ រុំច្រវាក់ ចាក់សោសូឡិច ពីលើ ១តង់ទៀត ខ្លាចកូនរត់។ ឪពុកចុងធ្វើអ្វីតាមតែចិត្តគាត់ ដោយយកប្រាក់ថ្លៃបណ្ណាការគេ គ្រួសារក្មួយ មិនដែលខ្វល់ខ្វាយពីរខ្ញុំ ចង់ឱ្យខ្ញុំកើតជាអីជាទៅ…”។
នារីខាងលើ បានបន្តថា “ខ្ញុំត្រូវបានឪពុកនិងម្តាយលែងលះគ្នា តាំងពីអាយុមួយឆ្នាំកន្លះ ដែលខ្ញុំមិនទាន់ដឹងក្តី ខ្ញុំនៅជាមួយយាយ តាំងពីតូច យាយខ្ញុំមើលថែខ្ញុំ ការពារណាស់ មិនដែលឱ្យស្រមោចមកខាំខ្ញុំទេ បើសិនជាពេលវេលាត្រឡប់ក្រោយ ខ្ញុំអត់នៅជាមួយម៉ាក់ទេ ម៉ាក់ធ្វើបាប ខ្ញុំខ្លាំងណាស់ យាយស្លាប់ ខ្ញុំត្រូវឈប់រៀន យកខ្ញុំមកពេជ្រនិល ពេលខ្លះបាយលាយទឹកភ្នែកក៏មានដែរ ដាំបាយទឹកកម្មករ ជិត២០នាក់ រួមទាំងសមាជិកគ្រួសារ អ្នកឡើងភ្នំ ជាងច្រៀកឈើ បាយនៅក្នុងគ្រួសារ ខោអាវបោក ២ថ្ងៃ ២កន្ត្រកធំ នៅភួយប្អូនៗនោមទៀត ភួយក្រាស់ៗ ទឹក១ថ្ងៃ ២ឆ្នាំងស៊ុបគុយទាវ ជីវិតរស់នៅជាមួយម៉ាក់ ខ្ញុំឆ្អែតហើយ ជីវិតរស់នៅនៅទីនេះ គំរាម សម្លុត ហើយប្រើអំពើហិង្សា…”។
នារីរងគ្រោះ បន្តទៀតថា “លុយផ្ទះ ឈ្មោះចំណែកយាយ ៤០០០ដុល្លារ កាត់មកខ្ញុំ គាត់យកបាត់ ដីទឹកធ្លាក់ ទិញមានលុយខ្ញុំនៅក្នុងហ្នុងដែរ បូកលុយគាត់ ប្រាប់គេថា អួតគេថា ចែកឱ្យខ្ញុំ លួចលក់បាត់ អត់មានប្រាប់ខ្ញុំអីម៉ាមាត់ លក់ដូចជា ៧០០០-៨០០០ដុល្លារ មាសប៉ាខ្ញុំឱ្យលុយទិញ បាន៣ជីកន្លះ លក់របស់ខ្ញុំអស់ ខ្សែកយាយទិញឱ្យ លក់បាត់ទៀត លុយខ្ញុំរកស៊ីលក់កាហ្វេ និងកត់ប្រេង ខ្ចី ១០០០ដុល្លារ ទារខឹង ខ្ញុំឈប់ទារហើយ។ អ្នកម្តាយនិងលោកឪពុកចុង លោកឪពុកចុងល្អណាស់ ល្អរហូតលួងស៊ីកូនប្តីដើម អ្នកម្តាយស្រលាញ់ប្តីជ្រុល កូនប្រាប់មិនជឿ ហើយកូនបានប្តឹងទៅឃុំ ហើយទៅអង្គការ ថាកូនចោទប្តីគាត់…”។
នារីរងគ្រោះ បានបន្ថែមថា “កុំចេះតែថា ក្តីស្រឡាញ់ខ្ញុំចំពោះម៉ាក់ គឺគ្មានទេ ម៉ាក់ធ្វើបាបខ្ញុំខ្លាំងណាស់ ខ្ញុំរស់នៅរាល់ថ្ងៃ ដោយការភ័យខ្លាច ដោយសារការប្រើអំពើហិង្សា គំរាម សម្លុត សម្លាប់ ក្នុងគ្រួសារមួយនេះណាស់ ប្រសិនបើខ្ញុំសរសេរបង្ហោះ គាត់ប្រើអំពើហិង្សាមកលើខ្ញុំ ខ្ញុំមិនអហោសិកម្មដល់គ្រួសារមួយនេះ ខ្ញុំនឹងតាមចងកម្មគ្រប់ជាតិ ខ្ញុំនឹងឱ្យគេចុះកាសែត និងប្តឹងហើយ។ ខ្ញុំសុំតែលែងលះ និងចុះតែខ្លួនទទេ ហើយម៉ាក់កាត់កាល់ខ្ញុំទៅចុះ។ ខ្ញុំអត់មានទូរស័ព្ទប្រើទេ គ្រួសារខ្ញុំបានដកអត់ហើយ ខ្ញុំខ្ចីទូរស័ព្ទគេមកប្រើទេ ខ្ញុំបានផ្ញើរូបភាពការប្រើអំពើហិង្សា ទៅឆាតហើយ ទំព័រសម្តេចពុក Samdech Hun Sen, Cambodian Prime Minister ហើយក្រសួងកិច្ចការនារី Ministry of Women’s Affairs of Cambodia ហើយអ្នកសារព័ត៌មានហើយ សូមសម្តេចពុក ជួយកូនផង នេះជារូបភាពឪពុកចុង ដែលប្រើអំពើហិង្សាមកលើខ្ញុំ នៅ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣…”។
ជុំវិញការរៀបរាប់ ចោទប្រកាន់ពីនារីរងគ្រោះខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីជាម្តាយបង្កើត និងបុរសជាឪពុកចុង របស់នារីខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕