ភ្នំពេញ៖អ្នកមេម៉ាយលី ម៉ារីណា បានប្រកាសកាលពីពេលថ្មីៗនេះថានាងចង់លក់ផ្ទះ និងដីធ្លីខ្លះដើម្បីយកថវិការទៅផ្គត់ផ្គងដល់ការសិក្សាររបស់កូនប្រុសនាង ដែលការថ្លែងបែបនេះធ្វើឲ្យគេសង្ស័យថាម៉ារីណា ក្ស័យធន ឬឡុងចុងទៅហើយបានជាដល់ថ្នាក់លក់ផ្ទះសម្បែងដែលខ្លួនកំពុងរស់នៅសព្វថ្ងៃនេះ។យ៉ាងណាក្នុងជំនួបផ្ទាល់នៅពេលសាកសួររឿងទៅលែងរួចបានជាដាក់លក់កេរ្ដិ៍អាកបែបនេះត្រូវបានម៉ារីណា អះអាងថានាងមិនមែននាងក្ស័យធនឬធ្លាក់ខ្លួននោះទេ។

លី ម៉ារីណា ថ្លែងថាដោយសារតែនាងមានផ្ទះដលទៅ៣កន្លែងផ្សេងគ្នា ហេតុនេះហើយបានជាចង់លក់ចេញផ្ទះ១ភ្ជាប់ទាំងដីចំការផងនៅឆ្ងាយពីក្រុងបន្ដិចដែលរូបនាងមិនធ្លាប់ទៅរស់នៅ ដើម្បីយកលុយមកផ្គត់ផ្គងដល់ការសិក្សារដល់កូននាងដែលចំណាយ១ឆ្នាំពី៣ទៅ៤ពាន់ដុល្លារ ហើយសល់លុយខ្លះទុករកស៊ីឬពង្រីកជំនួញ។នាងថារបរក្រៅសិល្បៈរបស់នាងគឺលក់អ៊ឺវ៉ាន់ តាមOnline នោះគឺនៅតែតំណើរការជាធម្មតាទេ ហើយនាងLive លក់រាល់ថ្ងៃ។

ក្រៅពីចង់បញ្ចេញផ្ទះ១ក្នុងចំណោមផ្ទះទាំង៣ លី ម៉ារីណា ក៍នៅតែតូចចិត្តរឿងនាងចោទអតីតប្ដីលោកសាត ចាន់ថន ដែលថាលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួនតាំងពីខែឧសភា ឆ្នាំ២០២២ នោះនាងថាពេលនេះនៅតែស្ងាត់ដូចចោលួចសេះព្រោះលោកចាន់ថន គ្មានចេតនាយកមកប្រគល់ឲ្យនាងវិញទេ បើទោះជានាងសុំយ៉ាងណាក៍ដោយ។នាងបន្ថែមថាដោយសារតែអស់សង្ឃឹមនិងរឿងមិនអាចយកទ្រព្យរបស់ខ្លួនបានមកវិញបែបនេះហើយទើបចូលឆ្នាំ២០២៣ នេះនាងចង់បំភ្លេចោលរឿងណាដែលមិនអាចយកមកបាន ព្រោះបើនៅអលោះអាល័យរបស់ទាំងនោះនាងថាតើគេព្រមឲ្យយើងវិញអត់?

ថ្វីត្បិតលី ម៉ារីណា វាចាបែនេះក្ដី ប៉ុន្ដែនាងសារភាពថាពេលខ្លះគឺនាងសប្បាយរីករាយតែនៅពេលធ្វើការងារសិល្បៈប៉ុណ្ណោះ ព្រោះជាតួនាទី ប៉ុន្ដែពេលក្រៅឆាកនាងស្រងូតស្រងាត់ម្នាក់ឯង ព្រោះការថតសិល្បៈមិនបានលុយទាំងដុលដូចនាងបាត់បង់នោះទេ ហេតុនេះ រាល់ថ្ងៃនាងយកការងារដើម្បីបន្លប់ទុកខ្លួនឯងប៉ុណ្ណោះ។

នៅដើមឆ្នាំ២០២៣ នេះលី ម៉ារីណា បានឲ្យដឹងដែរថានាងកំពុងថតរឿងបុរាណ” ”អប្សរាមហាអង្គរ”របស់ហង្សមាសដែលភាពយន្ដនេះនាងមានមោទនភាពខ្លាំង ព្រោះបានសម្ដែងជាមួយលោកទេព រិនដារ៉ូ និងអ្នកនាងអម្ពរ ទេវី ព្រោះនាងចាត់ទុកថារៀមច្បងទាំងពីរជាIdol របស់នាងតាំងពីរូបនាងនៅក្មេងម្លេះ។ដោយឡែកទាក់ទងរឿងគូជីវិតថ្មីវិញម៉ារីណា អាយុ៤៣ឆ្នាំថានាងមិនមែនបិតបេះដូងនោះទេ ប៉ុន្ដែបុរសថ្មីដាច់ខាតនាងត្រូវតែពិនិត្យឲ្យច្បាស់លាស់ជាងមុន ដើម្បីកុំឲ្យដើរជាន់ដានចាស់ ហើយចិតុ្តនាងចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”៕
