Monday, November 25, 2024
Homeព័ត៌មានជាតិកូនស្រីកើតម....ហារី...កស្លា....ប់ ម៉ែយំបោកខ្លួន

កូនស្រីកើតម….ហារី…កស្លា….ប់ ម៉ែយំបោកខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីវ័យ ៨ឆ្នាំម្នាក់ រស់នៅក្នុងជីវភាពគ្រួសារទីទ័លក្រ បានកើតមានជំងឺដ៏កាចសាហាវ (មហារីកគ្រាប់ឈាម) អស់រយៈពេល ២ឆ្នាំមកហើយ លុះអាការធ្វើទុក្ខកាន់តែខ្លាំង គួបផ្សំនឹងគ្មានថវិកា ចំណាយលើការព្យាបាលផង ទើបបណ្តាលឱ្យបាត់បង់ជីវិតទាំងវ័យក្មេងខ្ចី ធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ មានការសោកសង្រេង ស្តាយស្រណោះយ៉ាងខ្លាំង។

ក្មេងស្រីអភ័ព្វដែលត្រូវជំងឺដ៏កាចសហាវឆក់យកជីវិតនោះ មានឈ្មោះម៉ុន ពេជ្រលីម៉ី អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ “ញ” នៅសាលាបឋមសិក្សាគំរូក្រុង មានលំនៅម្តុំស្ពានថ្ម ផ្លូវទៅផ្សារក្រោម ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់ឈ្មោះម៉ុន ពេជ្រលីម៉ី ទើបនឹងមានអាយុ៨ឆ្នាំ ស្រាប់តែកើតមានជំងឺដ៏កាចសាហាវ គឺមហារីកគ្រាប់ឈាម រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ ស្រោចស្រង់លែងបាន ក៏លាចាកលោក ចោល ឪពុកម្តាយ បងប្អូន និងញាតិមិត្តគ្រប់គ្នាទាំងវ័យក្មេងខ្ចីបែបនេះតែម្តង។

ក្រុមគ្រួសារក្មេងស្រីខាងលើ បានរៀបរាប់ថា កុមារីម៉ុន ពេជ្រលីម៉ី បានកើតមានជំងឺមហារីកគ្រាប់ឈាមនេះ រយៈពេលប្រមាណ ២ឆ្នាំមកហើយ ពោលគឺតាំងពីនាងមានអាយុ៦ឆ្នាំ មកម៉្លេះ ហើយទោះបីក្រុមគ្រួសារស្ថិតក្នុង ស្ថានភាពជីវភាពទីទ័លក្រយ៉ាងណាក៏ដោយ ក៏ពួកគាត់ជាឪពុកម្តាយ នៅតែប្រវេប្រវានាំកូនស្រីទៅព្យាបាលដែរ ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ អាការកូនស្រីគាត់ ហាក់មិនបានធូរស្បើយសោះ តែបែរជាកាន់តែធ្ងន់ទៅៗ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កូនស្រីអភ័ព្វរបស់ពួកគាត់ ទ្រាំទ្រនឹងស្ថានភាពជំងឺនេះលែងបាន ក៏បាត់បង់ ជីវិតទៅ។

ពិធីបុណ្យសពកុមារី ម៉ុន ពេជ្រលីម៉ី បានប្រារព្ធធ្វើនៅម្តុំស្ពានថ្ម ផ្លូវទៅផ្សារក្រោម ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជាមួយនេះ ប្រជាពលរដ្ឋក្នុងភូមិ ក៏បានអំពាវនាវដល់សប្បុរសជន សូមជួយឧបត្ថម្ភក្រុមគ្រួសារក្មេងស្រីអភ័ព្វរូបនេះ ដើម្បីរៀបចំពិធីបុណ្យសព ក្មេងស្រីអភ័ព្វ ម៉ុន ពេជ្រមីល៉ី ឱ្យបានសមរម្យផង ត្បិតអីក្រុមគ្រួសារនាង មានជីវភាពខ្វះខាតខ្លាំងណាស់៕

RELATED ARTICLES