Monday, November 25, 2024
Homeព័ត៌មានជាតិកា.....ប់ក្បា....លបងថ្លៃ ១កាំបិ....ត ខឹងឃាត់ប្តីប្រពន្ធ​ឈ្លោះគ្នា

កា…..ប់ក្បា….លបងថ្លៃ ១កាំបិ….ត ខឹងឃាត់ប្តីប្រពន្ធ​ឈ្លោះគ្នា

ខេត្តស្វាយរៀង ៖ បុរសម្នាក់ កំពុងឈ្លោះប្រកែកជាមួយប្រពន្ធ លុះបុរសជាបងថ្លៃ (បងខាងប្រពន្ធ) ចូលមកឃាត់ ស្រាប់តែខឹងច្រឡោត ចោទបងថ្លៃលូកដៃរឿងគ្រួសាររបស់ខ្លួន ក៏ស្ទុះទាញកាំបិត កាប់ប្រហារបងថ្លៃ ១កាំបិត បណ្តាលឱ្យរយះក្បាល ហូរឈាមស្រោចខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនបង្កហេតុជាប្អូនថ្លៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្អូនថ្លៃកាប់បងថ្លៃ ១កាំបិត រយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិបារាយណ៍  ឃុំមេសរថ្ងក ស្រុកចន្ទ្រា។ លុះដល់វេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចបានចុះឃាត់ខ្លួនជនដៃដល់ជាប្អូនថ្លៃ នាំយកមកសាកសួរ។

ជនបង្កហេតុដែលកាប់បងថ្លៃរយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាត ស៊ីនឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។ ចំណែកជនរងគ្រោះជាបងថ្លៃ មានឈ្មោះណុប ភា ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីអំពើហិង្សាដោយចេតនាមួយ កើតឡើងរវាងប្អូនថ្លៃ និងបងថ្លៃ នៅចំណុចភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ដែលបង្កឡើងដោយជនសង្ស័យជាប្អូនថ្លៃ បានយកកាំបិតកាប់ទៅលើបងថ្លៃរយះក្បាល រងរបួសធ្ងន់។

ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកចន្ទ្រា បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរថ្ងក បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែល និងបាននាំខ្លួនជនសង្ស័យឈ្មោះសាត ស៊ីនឿន មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាត ស៊ីនឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងថ្លៃ ប្រាកដមែន។ មូលហេតុ ដោយសារតែខ្លួនកំពុងឈ្លោះគ្នាជាមួយប្រពន្ធ ហើយបងថ្លៃចូលមកឃាត់ ជាហេតុធ្វើឱ្យរូបគេខឹងនឹងបងថ្លៃដែលចេះលូកដៃរឿងគ្រួសារគេ ក៏ផ្ទុះអំពើហិង្សាបែបនេះតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះជាបងថ្លៃត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។ ចំណែកជនសង្ស័យជាប្អូនថ្លៃ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES