ភ្នំពេញ៖កូនច្បងរបស់លោកព្រាប សុវត្ថិ គឺកំលោះសុវត្ថិ មុនីវណ្ណ អតីតតារាចម្រៀងហង្សមាសត្រូវបានGalaxy ដាក់រូបចូលទៅក្នុងបដា(Banner) ឃោសនាសម្រាប់ការប្រគុំតន្រ្ដីថ្ងៃទី១៤ កុម្ភៈ ជាមួយតារាចម្រៀងល្បីៗសឹងទាំងអស់របស់ផលិតកម្មមួយនេះ ដែលការឡើងរូបកូនទី១របស់លោកសុវត្ថិ ក្នុងចំណោមតារាផ្សេងៗទៀតរបស់ផលិតកម្មមួយនេះ ដោយគ្មានអ្នកចម្រៀងនៅផលិតកម្មដ៍ទៃបែបនេះធ្វើឲ្យមានការសង្ស័យថាមុនីវណ្ណ បានក្លាយទៅជាសមាជិករបស់ផលិតកម្មនេះទៅហើយ។ការសំអាងបែបនេះដោយសារតែសុវត្ថិ មុនីវណ្ណ បានប្រកាសថារូបគេបានផុតកិច្ចសន្យាជាមួយហង្សមាសតាំងពីចុងឆ្នាំ២០២២ ម្លេះ ហើយថានឹងត្រៀមចេញអ្វីដែលថ្មីបំផុតនៅដើមឆ្នាំ២០២៣ បន្ទាប់ពីគ្មានបទចម្រៀងថ្មីៗចេញអស់រយៈពេល២ឆ្នាំកន្លងមក។

ទាក់ទងរឿងគេសង្ស័យកូនប្រុសលោកព្រាប សុវត្ថិ ចូលច្រៀងនៅផលិតកម្មជាមួយឪពុករបស់គេនេះដែរអ្នកនាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy បានឲ្យដឹងថានាងមិនអាចនិយាយរឿងនេះលម្អិតបានទេ តែសូមឲ្យទស្សនិកជនរងចាំតាមដានពីព័តមាននេះតទៅទៀតសិនចុះ។យ៉ាងណាអ្នកនាងសុជាតា អះអាងថាលោកសុវត្ថិ មុនីវណ្ណ គឺពិតជាត្រូវបង្ហាញខ្លួនក្នុងការច្រៀងសម្ដែងConcerts នៅថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះដែលរៀបចំដោយGalaxy ពិតប្រាកដមែន។អ្នកចាត់ការទូទៅរូបនេះសង្កត់ថាឲ្យតែតារាមានសម្ថភាពពិតប្រាកដនោះពួកគាត់គឺជាគោលដៅរបស់Galaxy ។

កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ និងប្អូនប្រុសទាំងពីររបស់គេគឺសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ សុទ្ធតែធ្លាប់ច្រៀងនៅហង្សមាសដូចគ្នា ហើយកំលោះទាំង៣ ទទួលបានការចាប់អារម្មណ៍ខ្លាំងពេលច្រៀងរាំជាមួយលោកសុវត្ថិ ។ប៉ុន្ដែចាប់តាំងពីចុងឆ្នាំ២០២០ ពោលគឺអំឡុងពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy នោះមកកូនៗរបស់លោកលែងសូវលេចធ្លោដូចមុនទៀតហើយនឹងមានការចាកចេញពីហង្សមាសជាបន្ដបន្ទាប់ផងដែរ តែការលេចមុខចេញច្រៀងជាមួយតារាGalaxy របស់មុនីវណ្ណ ជាលើកទី១ ទើបធ្វើឲ្យមានការលើកឡើងថាលោកសុវត្ថិ កំពុងតែគាំទ្រ ឬជម្រុញឲ្យកូនទី១របស់លោកឲ្យមកច្រៀងជាមួយលោកនៅGalaxy ដែរ។គេជឿរថាមិនយូនោះទេច្បាស់ជាលោកព្រាប សុវត្ថិ នឹងចេញបទថ្មីៗរបស់លោកដោយចាប់ដៃកូនប្រុសទី១សុវត្ថិ មុនីវណ្ណ នៅទ្រនុំថ្មីនេះជាមិនខាន។ដោយឡែកមហាជនរងចាំមើលថាការច្រៀងនៅហង្សមាស និងGalaxy របស់សុវត្ថិ មុនីវណ្ណ តើ១ណានឹងធ្វើបានល្អជាង?

ថ្វីត្បិតតែកូនច្បងរបស់លោកព្រាប សុវត្ថិ ជិតក្លាយទៅជាសមាជិកថ្មីរបស់Galaxy ក្ដី ប៉ុន្ដែចំពោះកូនទី២សុវត្ថិ មុនីនាគនិងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ថាតើពួកគេនឹងទៅចូលរួមជាមួយឪពុក ឬបងប្រុសរបស់គេដែរឬយ៉ាងណានោះនៅមិនទាន់មានសញ្ញាច្បាស់នោះទេ ខណៈដែលកន្លងមកសិរីវុឌ្ឍ បានតាំងចិត្តថានឹងធ្វើបទចម្រៀងដោយខ្លួនឯងមិនចូលនៅផលិតកម្មណាទេ ខណៈដែលមុនីនាគ អាចនឹងបន្ដស្នាក់នៅហង្សមាសតទៅទៀត។ដោយឡែកអ្នកស្រីគង់ ចន្ធូ ម្ដាយក្មេករបស់លោកព្រាប សុវត្ថិ ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថាចៅៗទាំង៣របស់លោកស្រីសុទ្ធតែមានដុងនិងទេពកោសល្យសិល្បៈខ្លាំងដូចគ្នា ព្រោះឪពុកគេបានបណ្ដុះបណ្ដាលកូនៗដោយផ្ទាល់តាំងពីពួកគេនៅតូចៗម្លេះ។

មជ្ឈដ្ឋានមហាជនចាំមើលថាតើក្នុងចំណោមកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ ម្នាក់ណានឹងអាចស្នងតំណែងរបស់ឪពុកគេបាននាពេលអនាគត?ការលើកឡើងបែបនេះដោយសារតែបច្ចុប្បន្នព្រាប សុវត្ថិ ឈានចូលវ័យ៤៨ឆ្នាំទៅហើយ តែកូនៗលោកហាក់មិនទាន់ត្រៀមខ្លួនដើម្បីជំនួសឪពុករបស់គេបានឡើយ។ដោយឡែកអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់អះអាងថាភាពស្ងប់ស្ងាត់របស់ព្រាប សុវត្ថិ និងកូនៗលោកនាពេលកន្លងមកនោះលោកជឿរថាលោកសុវត្ថិ និងកូនច្បាស់ជានឹងមានអ្វីថ្មីរួមគ្នាដើម្បីឲ្យគេភ្ញាក់ផ្អើលជាមិនខាន៕

