Wednesday, November 20, 2024
Homeព័ត៌មានជាតិប្តីចុះ​ចោល​​ជាង​២​ខែ​មក​សុំ​ចែក​ទ្រព្យ​សម្បត្តិ​បាន​វាយ​ប្រពន្ធ​បែក​ក្បាល

ប្តីចុះ​ចោល​​ជាង​២​ខែ​មក​សុំ​ចែក​ទ្រព្យ​សម្បត្តិ​បាន​វាយ​ប្រពន្ធ​បែក​ក្បាល

ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃកូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍ទាំងខ្លួន បែកក្បាលហូរឈាមពេញមុខបន្ទាប់ពីបុរសជាប្តីវាយនឹងមេសោចាក់ផ្ទះដោយសារតែខឹងប្រពន្ធ​និយាយឌឺថាបើបងមានស្រីថ្មី ខ្ញុំក៏បានប្រុសដែរ ដែលហេតុការណ៍នេះបង្កឲ្យមាន ការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី ២៩ខែ ធ្នូ ​នៅចំណុចផ្សារចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះខាងមានឈ្មោះ យឿង សុផលអាយុ៣១ឆ្នាំ ​មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះ​មានប្តីឈ្មោះ រិន ទ្រី អាយុ ៣១ឆ្នាំ មុខរបរជាងកាត់សក់បានចុះចេញពីប្រពន្ធទៅ នៅជាមួយស្រីថ្មីរយៈពេលជាង២ខែមកហើយទាំង២នាក់មាន​កូនស្រីម្នាក់អាយុ៧ឆ្នាំ។

​ប្រ​ភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលរូបគាត់ កំពុងអង្គុយជជែកគ្នាជាមួយបងថ្លៃស្រាប់តែឃើញប្តីរបស់គាត់មកដល់ក៏បានរាក់ទាក់ប្តីជាធម្មតានិងបានអង្គុយផឹកស៊ីជាមួយគ្នារហូតស្រវឹងហើយស្រ្តីជាប្រពន្ធបានអង្វរប្តីអោយមករស់នៅជាមួយគាត់វិញ​ តែប្តីមិនព្រម និងបានសុំលុយខ្លះដើម្បីយកទៅរួមរស់ជាមួយ ប្រពន្ធថ្មី ​គាត់មិនអោយ ក៏បង្កទៅជាជម្លោះដោយប្រពន្ធនិយាយឌឺ​​ដាក់ប្តីថាបើឯងមាន ស្រីថ្មី គាត់ក៏មាន​ប្រុសដែរ គ្រាន់តែនិយាយចប់ធ្វើឲ្យបុរសជាប្តីខឹងបាន​យកមេសោសម្រាប់ ចាក់ផ្ទះវាយទៅលើប្រពន្ធបណ្តាលអោយបែកក្បាលហូរឈាមស្រោចខ្លួនហើយប្តីរត់គេចខ្លួនបាត់ ។

ស្ត្រីរងគ្រោះបានប្រាប់អោយដឹងទៀតថា កន្លងមកប្តីរបស់គាត់​ធ្លាប់ចុះចោលគាត់​ធ្លាប់និង​បានធ្វើកិច្ចសន្យា២ដងរួចមកហើយ ​លើកទី១នៅខេត្តក្រចេះ ​លើកទី២នៅសង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យដោយបុរសជាប្តីបានធ្វើកិច្ចសន្យាថាបើគាត់មានស្រីទៀត ​គាត់នឹងចុះចេញដោយខ្លួនទទេ ពោលគឺមិនទាមទារទ្រព្យសម្បត្តិអ្វីទាំងអស់តែសុំសន្យា រយៈពេល៣ខែបើមិនអាចលែងលះស្រីថ្មីបានគ្នាទេ គាត់នឹងចុះចេញដោយមិនយកទ្រព្យ សម្បត្តិ ព្រមទាំងបានសន្យាថា បើសិនជាគាត់វាយធ្វើបាបប្រពន្ធកូនក៏គាត់ព្រមចុះចេញ ដោយមិន យកទ្រព្យសម្បត្តិដែរ ។ ស្រ្តីជាប្រពន្ធថា នៅមុនថ្ងៃកើតហេតុបុរសជាប្តី ទើបតែចុះចោល​គាត់ទៅរស់នៅជាមួយស្រីថ្មីបានជាង២ខែត្រឡប់មកវិញសុំចែកទ្រព្យ សម្បត្តិហើយវាយធ្វើ បាបគាត់បែបនេះ ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកដៃកូនស្រីទាំងខ្លួនប្រលាក់សុទ្ធតែឈាមទៅ ប៉ុស្តិ៍នគរបាលចោមចៅប្តឹងសុំលែងលះ ។ ពេលទៅដល់សមត្ថកិច្ចបានណែនាំឲ្យទៅមន្ទីរ ពេទ្យរួចចាំទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ចោមចៅវិញបើសិនជាចង់លែងលះ ៕

ដោយ ៖ ថោងធីម

RELATED ARTICLES