ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃកូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍ទាំងខ្លួន បែកក្បាលហូរឈាមពេញមុខបន្ទាប់ពីបុរសជាប្តីវាយនឹងមេសោចាក់ផ្ទះដោយសារតែខឹងប្រពន្ធនិយាយឌឺថាបើបងមានស្រីថ្មី ខ្ញុំក៏បានប្រុសដែរ ដែលហេតុការណ៍នេះបង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី ២៩ខែ ធ្នូ នៅចំណុចផ្សារចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះខាងមានឈ្មោះ យឿង សុផលអាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះមានប្តីឈ្មោះ រិន ទ្រី អាយុ ៣១ឆ្នាំ មុខរបរជាងកាត់សក់បានចុះចេញពីប្រពន្ធទៅ នៅជាមួយស្រីថ្មីរយៈពេលជាង២ខែមកហើយទាំង២នាក់មានកូនស្រីម្នាក់អាយុ៧ឆ្នាំ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលរូបគាត់ កំពុងអង្គុយជជែកគ្នាជាមួយបងថ្លៃស្រាប់តែឃើញប្តីរបស់គាត់មកដល់ក៏បានរាក់ទាក់ប្តីជាធម្មតានិងបានអង្គុយផឹកស៊ីជាមួយគ្នារហូតស្រវឹងហើយស្រ្តីជាប្រពន្ធបានអង្វរប្តីអោយមករស់នៅជាមួយគាត់វិញ តែប្តីមិនព្រម និងបានសុំលុយខ្លះដើម្បីយកទៅរួមរស់ជាមួយ ប្រពន្ធថ្មី គាត់មិនអោយ ក៏បង្កទៅជាជម្លោះដោយប្រពន្ធនិយាយឌឺដាក់ប្តីថាបើឯងមាន ស្រីថ្មី គាត់ក៏មានប្រុសដែរ គ្រាន់តែនិយាយចប់ធ្វើឲ្យបុរសជាប្តីខឹងបានយកមេសោសម្រាប់ ចាក់ផ្ទះវាយទៅលើប្រពន្ធបណ្តាលអោយបែកក្បាលហូរឈាមស្រោចខ្លួនហើយប្តីរត់គេចខ្លួនបាត់ ។
ស្ត្រីរងគ្រោះបានប្រាប់អោយដឹងទៀតថា កន្លងមកប្តីរបស់គាត់ធ្លាប់ចុះចោលគាត់ធ្លាប់និងបានធ្វើកិច្ចសន្យា២ដងរួចមកហើយ លើកទី១នៅខេត្តក្រចេះ លើកទី២នៅសង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យដោយបុរសជាប្តីបានធ្វើកិច្ចសន្យាថាបើគាត់មានស្រីទៀត គាត់នឹងចុះចេញដោយខ្លួនទទេ ពោលគឺមិនទាមទារទ្រព្យសម្បត្តិអ្វីទាំងអស់តែសុំសន្យា រយៈពេល៣ខែបើមិនអាចលែងលះស្រីថ្មីបានគ្នាទេ គាត់នឹងចុះចេញដោយមិនយកទ្រព្យ សម្បត្តិ ព្រមទាំងបានសន្យាថា បើសិនជាគាត់វាយធ្វើបាបប្រពន្ធកូនក៏គាត់ព្រមចុះចេញ ដោយមិន យកទ្រព្យសម្បត្តិដែរ ។ ស្រ្តីជាប្រពន្ធថា នៅមុនថ្ងៃកើតហេតុបុរសជាប្តី ទើបតែចុះចោលគាត់ទៅរស់នៅជាមួយស្រីថ្មីបានជាង២ខែត្រឡប់មកវិញសុំចែកទ្រព្យ សម្បត្តិហើយវាយធ្វើ បាបគាត់បែបនេះ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកដៃកូនស្រីទាំងខ្លួនប្រលាក់សុទ្ធតែឈាមទៅ ប៉ុស្តិ៍នគរបាលចោមចៅប្តឹងសុំលែងលះ ។ ពេលទៅដល់សមត្ថកិច្ចបានណែនាំឲ្យទៅមន្ទីរ ពេទ្យរួចចាំទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ចោមចៅវិញបើសិនជាចង់លែងលះ ៕
ដោយ ៖ ថោងធីម