ភ្នំពេញ ៖ បន្ទាប់ពីកីឡាករប្រដាល់ថៃ ដើមកំណើតកួយ បានប្រកាសស្នើសុំឲ្យអ្នកគ្រប់គ្រងសហព័ន្ធកីឡាប្រដាល់កម្ពុជា ជួយដោះស្រាយឲ្យគេ រឿងតម្លៃខ្លួនដែលរូបគេទៅចូលរួមប្រកួតលើកចុងក្រោយនៅកម្ពុជា ក្នុងកម្មវិធី «សង្វៀនគុនខ្មែរពិភពលោក» (Worldfight tournament) ដែលនៅសល់ ២,២លានបាតទៀត មិនទាន់ទូទាត់ឲ្យនៅឡើយនោះមក ខាងភាគីកម្ពុជា បានបំភ្លឺថា ករណីនេះ មិនពាក់ព័ន្ធនឹងកម្ពុជាទេ គឺជាករណីជនជាតិថៃ បោកប្រាស់ជនជាតិថៃ គ្នាឯង ព្រោះអ្នករៀបចំកម្មវិធី ដែលជាអ្នកហៅបួខាវ មកប្រកួតនៅកម្ពុជា នោះ គឺជាជនជាតិថៃ ។
យោងតាមទំព័រហ្វេសប៊ុក ឈ្មោះ «WORLD KUN KHMER Promotion» បានបញ្ជាក់ពីករណីនេះនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៣ ថា «រឿងជនជាតិថៃ បោកប្រាស់ជនជាតិថៃ លើទឹកដីខ្មែរ! លោកសម្បត្តិ (សញ្ជាតិកួយថៃ) ទារលុយ ២.២លានបាត! រឿងលុយដែលលោកសម្បត្តិ ជនជាតិថៃ សញ្ជាតិកួយ ស្នើឲ្យខាងថ្នាក់ដឹកនាំសហព័ន្ធ ជួយរកអ្នកសង គឺជារឿង “ជនជាតិថៃ បោកជនជាតិថៃ លើទឹកដីកម្ពុជា”។ មិនមែនតែលោកសម្បត្តិ ទេដែលមិនទាន់បានទទួលលុយ ខាងកីឡាករ Kun Khmer និងក្រុមការងារផ្សេងៗ ជាខ្មែរ ក៏ត្រូវជនជាតិថៃ ម្នាក់នេះ រត់ចោល មិនបានបើកលុយឲ្យដែរ។ ខ្ញុំគិតថា លោក Tony Anh ជាម្ចាស់កម្មវិធី World Fight គួរតែនៅថៃ មិននៅកម្ពុជា ទេ ព្រោះបើនៅកម្ពុជា ក៏នឹងត្រូវអ្នករងគ្រោះនៅកម្ពុជា ប្តឹងចាប់ខ្លួនមកដោះស្រាយបំណុល តាមច្បាប់របស់កម្ពុជា ផងដែរ»។
ចំណែកទំព័រហ្វេសប៊ុក ឈ្មោះ «MN-kun khmer Sport» បានបញ្ជាក់នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ ថា «សេចក្តីប្រកាសជូនដំណឹងចំពោះលោក Tony Anh (ឈ្មោះក្រៅ) ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត 27-Mar-1975 ដែលជាអ្នកបង្កើតកម្មវិធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រឹត្តិការណ៍ប្រដាល់ World Fight Tournament ចំនួន 5000$
បញ្ជាក់ ៖ លោក Srisud Tipaya បានជួលឆាកភ្លើង ប្រព័ន្ធសំឡេង និងផ្ទាំងរូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia, Show ទីមួយ ថ្ងៃ27-July-22 ធ្វើឡើងនៅទីតាំងស្តាតថ្មី ជិតវិមានឈ្នះ-ឈ្នះ ចំនួនទឹកប្រាក់ 6,500$ ក្នុង 1Show។ Show ទីពីរ ថ្ងៃទី 31-Aug-22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ ក្នុង 1Show សរុបទឹកប្រាក់ទាំងពីរកម្មវិធី ចំនួន 13,000$ ។ លុយដែលលោក Srisud Tipaya ទូទាត់ឲ្យតាម ABA transfer 5,400$ បូកនឹងលុយកក់ក្រៅ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya បានទូទាត់ឲ្យបានចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះលោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត។
អស់រយ:ពេលច្រើនខែរហើយដែលខ្ញុំមិនផុស ព្រោះទុកពេលឲ្យដោះស្រាយ តែការរង់ចាំ គ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថា គាត់បាននិយាយថាគាត់បានចាញ់បោកខ្មែរ អស់លុយជាច្រើន តាមពិតទៅ គាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរងគ្រោះ ដូចជាខ្ញុំអ៊ីចឹង ខ្ញុំឲ្យបងប្អូនប្រុងប្រយ័ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវិធី World Fight Tournament»។
ចំណែកគណនីហ្វេសប៊ុក ឈ្មោះ «Doctor Sem Ratana» បានផ្តាំផ្ញើទៅកីឡាករថៃ ដើមកំណើតកួយ លោកបួខាវ បាន់ឆាមេឃ ថា តាមពិតជនជាតិថៃ ខ្លួនឯងខិលខូច បែរជាប្រកាសចោទជាតិគេជាសាធារណៈ ដែលជារឿងមិនយុត្តិធម៌សម្រាប់កម្ពុជា។
គណនីហ្វេសប៊ុក ខាងលើបានសរសេរនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ថា «តាមពិតជនជាតិខ្លួនឯងខិលខូច បែរជាប្រកាសចោទជាតិគេជាសាធារណៈ!!!
ខ្មែរទូទាំងប្រទេស កំពុងត្រូវបានគេចោទប្រកាន់ ទាំងដែលខ្លួនមិនបានធ្វើ តើរឿងមួយនេះ គួរទាមទារឲ្យមានការខមោទោសជាសាធារណៈដែរទេ ឬយ៉ាងណា? ដើម្បីកុំឲ្យកើតមានការយល់ច្រទ្បំ ព្រោះប្រជាជនខាងគេ ជឿ ១០០០% ទាំងដែលគ្មានភ័ស្តុតាងច្បាស់លាស់ នាំគ្នាឌឺដងដាក់ខ្មែរ ដូចទឹកបាក់ទំនប់ ដោយសារតែសម្តីបុគ្គលម្នាក់នោះ។
មិនមែនខ្ញុំចង់ដុតកំហឹង ពន្យុះឲ្យប្រទេសទាំងពីរឈ្លោះគ្នានោះទេ អ្វីដែលជារបស់ពិត សាងចេញពីដៃអ្នក ខ្ញុំនៅតែកោតសរសើរ ខ្ញុំដឹងថា ប្រទេសណាក៏មានមនុស្សល្អ និងមនុស្សមិនល្អដែរ តែលើកនេះ គឺវាប៉ះដល់កិត្តិយសខ្មែរ ទូទាំងប្រទេស ព្រោះអ្នកគឺជាបុគ្គលដែលគេស្គាល់លំដាប់អន្តរជាតិ មិនមែនចេះតែផុសតាមចិត្តខឹងសម្បារបស់ខ្លួននោះទេ?
ពេលនេះ ភាគីកម្ពុជា បានស្រាយបំភ្លឺហើយ តែបុគ្គលម្នាក់នោះ ដូចជាមិនទាន់ឃើញតបតអ្វីនោះទេ នៅលើផេកជាសាធារណៈរបស់ខ្លួន តើពេលនេះមានសារព័ត៌មានទាំងនៅក្នុងស្រុករបស់អ្នក និងអន្តរជាតិ ប៉ុន្មានដែលបានចុះផ្សាយពីរឿងនេះ? តើកិត្តិយសរបស់សហព័ន្ធកីទ្បាគុនខ្មែរ និងជនជាតិខ្មែរ ទូទាំងប្រទេសអ្នកណាទទួលខុសត្រូវ?»។
គួរបញ្ជាក់ថា ប្រតិកម្ម និងការបកស្រាយបំភ្លឺខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលកីឡាករថៃ បួខាវ បាន់ឆាមេឃ បានប្រកាសតាមទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ថា រូបគេមិនមានបញ្ហាអ្វីជាមួយគុនខ្មែរ ឬជនជាតិកម្ពុជា នោះទេ។ ប៉ុន្តែរូបគេមានបញ្ហាមួយ ចង់ស្នើសុំឲ្យអ្នកគ្រប់គ្រងសហព័ន្ធកីឡាប្រដាល់កម្ពុជា ជួយដោះស្រាយឲ្យគេផង រឿងតម្លៃខ្លួន ដែលរូបគេទៅចូលរួមប្រកួតលើកចុងក្រោយនៅកម្ពុជា ក្នុងកម្មវិធី «សង្វៀនគុនខ្មែរពិភពលោក» (Worldfight tournament) ដែលនៅសល់ ២,២លានបាតទៀត មិនទាន់ទូទាត់ឲ្យគេនៅឡើយ៕ ខៀវទុំ