ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលរៀបគម្រោងសម្លាប់បុរសម្នាក់ (បងជីដូនមួយប្រពន្ធ) បណ្តាលឱ្យដាច់កស្លាប់នោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវឃោរឃៅ លបកាប់បុរសម្នាក់ បណ្តាលឱ្យដាច់ក (ស្ទើរដាច់ក្បាលចេញពីដងខ្លួន) ស្លាប់ក្នុងថ្លុកឈាម ខាងមុខឃ្លាំងទុកចោលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងបាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករ ២នាក់ប្តីប្រពន្ធ នៅត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ខណៈដែលមូលហេតុ ត្រូវបានជនដៃដល់ឆ្លើយសារភាពថា បណ្តាលឱ្យមកពីភ្លើងប្រចណ្ឌ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២-ឈ្មោះដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាន់ រី (Danh Ri) ហៅខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ មានលំនៅ ភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។
មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះពេជ្រ ជីវ័ន្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ដាច់កពិតមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះជនរងគ្រោះបានលួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន ទើបខ្លួនបានរៀបគម្រាងសម្លាប់ជនរងគ្រោះចោលតែម្តង។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅត្រង់មុខកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ក្នុងអំពើឃាតកម្ម ដោយជនសង្ស័យកាប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកាប់ដាច់ក៕