ខេត្តកំពង់ស្ពឺ ៖ ស្រ្តីម្នាក់ បានតាមទាន់ប្តីរបស់ខ្លួនកំពុងរួមរ័កជាមួយប្រពន្ធចុង នៅក្នុងបន្ទប់ផ្ទះសំណាក់ បាននាំម្តាយ បងប្អូន មានគ្នា ៧នាក់ ទៅគោះទ្វារ លុះប្តីបើកទ្វារ ក៏ស្ទុះចូលទៅចាប់បោចសក់ ទាញស្រីកំណាន់របស់ប្តី ទម្លាក់ពីលើគ្រែ ទាំងក្នុងសភាពអាក្រាតកាយននលគក ហើយព្យាយាមទាញភួយដែលស្រីកំណាន់ប្តីប្រឹងបិទបាំងរាងកាយ ដើម្បីឲ្យបក្ខពួកថតរូបនិងវីដេអូ យកមកបង្ហោះជាសាធារណៈ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតផ្អើលដល់មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ចាត់ទុកជាអំពើហិង្សា មិនគួរកើតមាន។
ស្ត្រីជាប្រពន្ធដើម ដែលតាមទាន់ប្តីកំពុងរួមរ័កជាមួយប្រពន្ធចុងនៅ មានឈ្មោះ ស៊ន សុជាតិ អាយុ ២៨ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ មានកូនប្រុស២នាក់ រស់នៅខេត្តកំពង់ស្ពឺ។ ចំណែកបុរសជាប្តី និងនារីប្រពន្ធចុង មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា នារីរូបនោះស្ថិតក្នុងវ័តអនីតិជន។
ជាមួយការបង្ហោះរូបភាព និងវីដេអូ ពេលតាមទាន់ប្តីកំពុងរួមរ័កជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ផ្ទះសំណាក់ នៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ស្ត្រីជាប្រពន្ធដើម ឈ្មោះ ស៊ន សុជាតិ បានសរសេរថា «ជូនចំពោះអាប្ដីចោលម្សៀត និងមីស្រីយកប្តីគេ! អ្នកឯងធ្វើឲ្យខ្ញុំឆ្អែតគ្រប់រឿង ស្រលាញ់ណាស់ប្តី ការពារណាស់ប្តី តែអ្នកជាអ្នកធ្វើឲ្យខ្ញុំធ្វើដល់ថ្នាក់នេះ។ ១០ឆ្នាំ បានត្រឹមតែការឈឺចាប់ ផិតក្បត់ ទឹកភ្នែក តែចាប់ពីរម៉ោងដែលខ្ញុំយករូបអ្នកនិងមីស្រីថោកទាបនេះមកផុស ការឈឺចាប់របស់ខ្ញុំវាធូរស្រាលហើយ ខ្ញុំនឹងរឹងមាំ ដើម្បីកូនៗទាំង២ ជូនចំពោះអាប្រុសក្បត់ និងមីស្រីថោក ជួបគ្នានៅតុលាការ» ។
បន្ទាប់ពីរូបភាពនិងវីដេអូ ដែលស្ត្រីជាប្រពន្ធដើមខាងលើ ត្រូវបានបង្ហោះចែករំលែក ពេញបណ្តាញសង្គម ហ្វេសប៊ុក មក បានធ្វើឲ្យផ្អើលដល់មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានលើកឡើងថា រឿងប្តីធ្វើបាប និងមានស្រី ប្រពន្ធដើមត្រូវដោះស្រាយជាមួយប្តី ដោយសន្តិវិធីនិងតាមផ្លូវច្បាប់ មិនគួរនាំគ្នាទៅប្រើហិង្សាលើស្វាមីនិងស្រ្តីជាគូកំណាន់របស់ប្តីនោះទេ ព្រោះ វានឹងធ្វើឲ្យប្រពន្ធដើមនិងបក្ខពួក ក្លាយជាជនដៃដល់ដែលប្រព្រឹត្តផ្ទុយនឹងផ្លូវច្បាប់។ ពិសេសថតបង្ហោះជាសាធារណៈទៀត រឹតតែធ្វើឲ្យប៉ះពាល់ដល់សីលធ៌មសង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ យ៉ាងខ្លាំង។ ទោះបីក្រោយមក ស្ត្រីជាប្រពន្ធដើម បានលុបវីដេអូ និងរូបថតដែលខ្លួនបង្ហោះនោះវិញ ក៏មិនអាចរួចខ្លួនដែរ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីពង្រឹងវិស័យច្បាប់ និងចៀសវាងការយកគំរូតាម។
លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «ខ្ញុំមិនគាំទ្រទេប្តីធ្វើបាបចិត្តប្រពន្ធឬប្រើហិង្សា ប៉ុន្តែទង្វើរបស់ប្អូនស្រី និងមនុស្សមួយចំនួនដែលនាំគ្នាទៅប្រើអំពើហិង្សាលើស្រ្តីដែលជាដៃគូ វ៉ៃទាញបោចសក់ រហូតលេចរូបរាងអាក្រាតរបស់ស្ត្រីដែលជាដៃគូរបស់ប្តីខ្លួន រឹតតែមិនគាំទ្រ។
រឿងប្តីធ្វើបាប និងមានស្រី គឺជារឿងដែលប៉ះពាល់ដល់ការរស់នៅនិងអារម្មណ៍ផ្លូវចិត្តរបស់ប្រពន្ធដើមៗ ត្រូវដោះស្រាយជាមួយប្តី ដោយសន្តិវិធី និងតាមផ្លូវច្បាប់។ ដល់ប្រពន្ធដើមនាំគ្នាទៅប្រើហិង្សាលើស្វាមី និងស្រ្តីរបស់គាត់អ៊ីចឹង ប្រពន្ធដើមនិងបក្ខពួក បានក្លាយជាជនដៃដល់ដែលប្រព្រឹត្តផ្ទុយនឹងផ្លូវច្បាប់។ ពិសេសថតបង្ហោះជាសាធារណៈទៀត រឹតតែធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរយ៉ាងខ្លាំង។ រូបភាពអាក្រាតកាយនេះ គឺជាស្ត្រីខ្មែរ ដែលគេនឹងស៊ែរដល់ប្រទេសផ្សេងៗទៀតមើលបន្ត។
នាងដែលជាស្រី ឬប្រពន្ធចុង ត្រូវបានប្តីប្អូន នាំមកដេក ឬមកដេកជាមួយគាត់ទេ អ៊ីចឹងមានរឿងអី ត្រូវនិយាយជាមួយប្តី នាំគ្នាប្រើហិង្សាបែបនេះ មិនត្រឹមត្រូវឡើយ ហើយអ្នកដែលខមមិនឲ្យគេវ៉ៃប្រពន្ធចុង ឬប្តី វាមិនមែនជាសារអប់រំទេ វាជាការញុះញង់ឲ្យមានអំពើហិង្សាទៅវិញ»។
លោកស្រីញ៉ែម មរកត បានសរសេរបន្ថែមថា «ស្រ្តីជាប្រពន្ធដើម និងបក្ខពួក ១ក្រុមដែលទៅវ៉ៃធ្វើបាបស្រីកំណាន់ប្តី អាក្រាតកាយ បានលុបវីដេអូ និងរូបថតដែលខ្លួនបង្ហោះអស់ហើយ ប្រហែលគិតថា លុបបាត់ នឹងរួចខ្លួន ទង្វើកាចសាហាវហួសហេតុនេះ សូមសមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីពង្រឹងវិស័យច្បាប់ និងចៀសវាងការយកគំរូតាមគាត់»។
លោកស្រីញ៉ែម មរកត បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបាន ដោយសារតណ្ហា លោភលន់ កំហឹង ឈឺចាប់ ឈ្លើយ អំនួតអួតអាង ។ល។ ការនាំគ្នាទៅព្រួតវ៉ៃធ្វើបាប ទាញអាក្រាតថែមទៀត ជេរប្រមាថជនដទៃ មិនមែនជាទង្វើល្អឡើយ។ ប្រដៅប្តី ប្រដៅប្រពន្ធ បើនៅមិនសុខ មិនសប្បាយចិត្ត អស់ចិត្តក៏ចែកផ្លូវគ្នាតាមច្បាប់។
ទង្វើនេះ ប្រពន្ធដើមនិងបក្ខពួក បានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ ហើយរងការស្តីបន្ទោស និងរងភាពអាម៉ាស់ជាងនារីរងគ្រោះទៅទៀត !! សុភាពស្រ្តី កុំយកតម្រាប់តាមពួកគាត់ ឃើញទេ ដំបូងវ៉ៃគេហើយបង្ហោះ ឥឡូវលុបអស់រលីង ចាំបាច់លុបធ្វើអ្វី បើតាំងខ្លួនជាក្រុមនារីក្លាហាន ប្រឡូកក្នុងពិភពគុន??»។
លោកស្រីញ៉ែម មរកត បានសរសេរបន្ថែមទៀតថា «ខ្ញុំជាសកម្មជនក្នុងការចូលរួមជួយស្ត្រីដែលរងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានដោយគ្មានរើសអើង ខ្ញុំមិនដែលកាន់ជើងបុរសមានប្រពន្ធហើយ ទៅមានស្រីម្តងណាទេ ហើយក៏មិនដែលទៅកាន់ជើងស្រ្តីកំណាន់គេដែរ (តែបើគេមាន ជាសិទ្ធិរបស់គេ ខ្ញុំមានសិទ្ធិអីហាមគេ)។ អ្វីដែលខ្ញុំចែករំលែក គឺកុំប្រើហិង្សា ខ្លាចជ្រុលដៃជើង មានរឿងប៉ុណ្ណោះ។
មតិខ្លះថា ប្រពន្ធដើមធ្វើអ៊ីចឹងហួសហេតុ ខ្លះថាដាក់វាទៅ មីស្រីយកប្តីគេ ។ល។ ខ្លះក្មេងសោះ កោងកាចចាកប្រធាន រហូតហ៊ានសរសេរថា បើខ្ញុំយកប្តីមីងៗថាម៉េចដែរ?? មីងកុំរករឿងខ្ញុំ…។
ខ្ញុំផ្តល់ចម្លើយជាឧទាហរណ៍ជូនវិញថា :
១- បើខ្ញុំមានប្តី ត្រូវដឹងសិនថា ប្តីខ្ញុំអាចនឹងទៅយកក្មួយឬអត់ (មិនសំខាន់ក្មួយយកគាត់ទេ)
២- បើគាត់យកក្មួយជាកំណាន់ ខ្ញុំនឹងនិយាយជាមួយគាត់ថា រើសយក១ណា?
៣- បើគាត់ថាស្រឡាញ់ក្មួយ អត់មិនបាន ក៏យកទៅ តែត្រូវលែងលះគ្នាជាមួយមីង តាមផ្លូវច្បាប់ ព្រោះមនោសញ្ចេតនាមិនអាចបង្ខំបានទេ ជួនកាលរស់នៅជាមួយយើងតែកាយ តែចិត្តវាអត់នៅ យល់ ?
៤- បើគាត់នៅតែមិនលែង ហើយរញ៉េរញ៉ៃ ប្រើហិង្សា បណ្តោយឲ្យស្រីកំណាន់ មកអុកឡុកបង្កបញ្ហា បង្ករឿង ឲ្យប្រពន្ធកូនលំបាកទៀត ខ្ញុំនឹងយោងច្បាប់ឯកពន្ធភាព ដាក់បណ្តឹងទៅតុលាការ។ (មើលច្បាប់ឯកពន្ធភាព)
៥- ខ្ញុំមិនចេះជេរបញ្ចោរ ប្រើហិង្សាទៅលើក្មួយទេ នាំប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងផ្អើលគេឯងក្នុងសង្គម ហេងស៊យគេជេរថា មីងជាប្រពន្ធដើមចោលម្សៀតទៀត ពិសេសជាប់ទោសព្រហ្មទណ្ឌ ខានមើលកូនចៅ (សូមមើលមាត្រាចែងខាងក្រោម ចំពោះការប្រើហិង្សា)។
ខ្ញុំស្អប់ណាស់ប្រុសប្រភេទនេះ បើគេខុសហើយ យើងជាប្រពន្ធ ទៅខុសអីជាមួយពួកគេដែរ។
ខាងលើជាឧទាហរណ៍ទេ ក្មួយត្រូវប្រុងប្រយ័ត្ន បុរសខ្លះមានប្រពន្ធកូនហើយ ក៏ដើរភូតកុហកថានៅលីវ ពោះម៉ាយ រស់នៅមិនចុះសម្រុងគ្នា ។ល។
បើក្មួយចង់ក្លាយដូចស្ត្រីប្រពន្ធចុង ឬស្រីកំណាន់ ខ្ញុំនឹងប្រើច្បាប់ខាងក្រោម ចាត់ការប្តីខ្ញុំវិញប្រសើរជាងនាំគ្នាប្រើហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើល»។
ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ នារីវ័យក្មេង ជាប្រពន្ធចុង ដែលជាជនរងគ្រោះដល់ទៅពីរតង់ (ប្តីគេបោកថា ពោះម៉ាយ ប្រពន្ធគេវ៉ៃបង្ហោះហ្វេសប៊ុក) បានចេញមុខសារភាពទទួលកំហុស និងសុំទោសចំពោះស្ត្រីជាប្រពន្ធដើម ដោយនាងសន្យាថា នាងនឹងកែខ្លួន ឈប់ទាក់ទងបុរសជាប្តីគេនោះទៀតហើយ។ នាងបញ្ជាក់ថា នាងមិនប្តឹងស្ត្រីជាប្រពន្ធ ដើមដែលប្រើហិង្សាលើនាងនោះទេ ព្រោះនាងជាអ្នកខុស យកប្តីគេ តែការពិតនាងក៏ជាជនរងគ្រោះ ដែលត្រូវបុរសជាប្តីគេនោះ បោកប្រាស់ កុហកថាជាពោះម៉ាយ បានលែងលះប្រពន្ធដាច់ស្រេចហើយ និងបានលួងលោមសុំស្រឡាញ់នាង រហូតនាងទន់ចិត្ត លង់ខ្លួនជាមួយប្រុសប្តីគេនោះ។ ជាមួយនេះ នារីរងគ្រោះ បានលុតជង្គង់ក្រាបសំពះសុំទោសម្តាយ សារភាពថាកូនខុសហើយម៉ែ! នាងនឹងកែខ្លួន ចាប់ផ្តើមសាងជីវិតជាថ្មី ព្រោះក្រោយផ្ទុះរឿងនេះ នាងត្រូវបានគេបញ្ឈប់ពីការងារ ហើយខូចទាំងឈ្មោះអសោច ដោយសារតែចាញ់បោកប្រុសកំហូចដែលមានប្រពន្ធកូនហើយ កុហក បោកបញ្ឆោតនាង រហូតរងគ្រោះក្លាយជាស្រីលួចប្តីគេ៕ ខៀវទុំ