ភ្នំពេញ ៖ ករណីចាក់សម្លាប់ស្ត្រីម្នាក់ នៅក្នុងបន្ទប់ទឹក ជាន់ទី១ អគារកាស៊ីណូណាហ្គាវើលដ៍១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ប្លន់លុយជាង ៦០ម៉ឺនដុល្លារនោះ មកទល់ពេលនេះ មានរយៈពេលជាង១ខែ មកហើយ តែសមត្ថកិច្ចនៅមិនទាន់តាមចាប់ខ្លួនជនសង្ស័យជាឃាតករបាននៅឡើយ ធ្វើឲ្យក្រុមគ្រួសារស្ត្រីរងគ្រោះ នៅតែកើតទុក្ខមិនសុខចិត្ត ជាពិសេសបុរសជាប្តីរបស់ស្ត្រីរងគ្រោះ នៅតែបន្តបញ្ចេញសារត្អូញត្អែរនឹកស្តាយស្រណោះអាឡោះអាល័យប្រពន្ធដែលស្លាប់ទៅយ៉ាងវេទនា ដោយស្នាដៃឃាតករចិត្តសាហាវឃោរឃៅ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃខួបការស្លាប់ ១ខែ របស់ស្ត្រីជាប្រពន្ធ បុរសជាប្តី បានបញ្ចេញសារថ្មីថា ជាការចៃដន្យបំផុតដែលថ្ងៃខួប ១ខែ នៃការលាទៅមិនត្រឡប់របស់ភរិយា ក៏ជាថ្ងៃខួបកំណើតរបស់ខ្លួនជាប្តី ហើយថាឆាកជីវិតនៅលើវាលវដ្តសង្សារ មិនទៀងទាត់ទេ មិនដឹងនរណាត្រូវទៅមុនឬទៅក្រោយ ប៉ុន្តែឆាកជីវិតគូរបស់លោកនិងភរិយា ពិតជាកម្សត់ពេកហើយ។
លោកចាន់ សួរ មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាស្វាមីរបស់ស្ត្រីរងគ្រោះ អឹង ជុងហ្គិច ដែលត្រូវបានជនសង្ស័យចាក់សម្លាប់យ៉ាងឃោរឃៅនោះ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «ជាការចៃដន្យបំផុត ថ្ងៃនេះ រយៈពេល ១ខែហើយដែលអូនលាលែងត្រឡប់ ហើយក៏ជាថ្ងៃខួបរបស់បងដែរ តែឆ្នាំនេះ ខុសឆ្នាំកន្លងទៅ ជាការរំលឹកខួបពីរផ្សេងគ្នាគឺថ្ងៃខួបកំណើត និងថ្ងៃខួបនៃការចាកចេញដោយពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ឆាកជីវិតនៅលើវាលវដ្តសង្សារនេះ គឺមិនទៀងទាត់ទេ មិនដឹងនរណាត្រូវបានទៅមុន ឬទៅក្រោយនោះដែរ ប៉ុន្តែរឿងរ៉ាវជាច្រើនឆ្លងកាត់ឆាកជីវិតគូរបស់យើងកម្សត់ពេកហើយ»។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចក្នុងបន្ទប់ទឹក ជាន់ទី១ នៃអគារកាស៊ីណូ ណាហ្គាវើលដ៍១ ដោយស្ត្រីរងគ្រោះ ឈ្មោះអ៊ឹង ជុងហ្គិច អាយុ៣៧ឆ្នាំ ប្រកបរបរជាអ្នកទទួលបញ្ចាំនៅក្នុងកាស៊ីណូណាហ្គាវើលដ៍១ ត្រូវបានឃាតករចាក់និងអារកសម្លាប់ ប្លន់ទ្រព្យសម្បត្តិ ប្រមាណ៦០ម៉ឺនដុល្លារ។ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់។
លោកចាន់ សួរ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ អ៊ឹង ជុងហ្គិច កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបង្ហោះក្នុងគណនីហ្វេប៊ុក របស់លោក នូវរូបថតបុរសម្នាក់ មានមាឌធំ សក់ក្បាលហាយឡាយពណ៌ទង់ដែង ដែលលោកអះអាងថា គឺជាជនសង្ស័យ (ឃាតករ) ដែលបានចាក់សម្លាប់ ប្លន់ប្រពន្ធរបស់លោក និងកំពុងរត់គេចខ្លួន។

លោកចាន់ សួរ ស្វាមីស្ត្រីរងគ្រាះអ៊ឹង ជុងហ្គិច បានសរសេរថា “នេះជាលើកទី១ហើយ ជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថកិច្ចក៏បានខំដុតដៃដុតជើងដែរ ដើម្បីតាមចាប់ឃាតករ មកផ្តន្ទាទោសតាមច្បាប់ដែរ។ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជនយើង បើសិនបានឃើញឃាតករក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានមកដល់ខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៧០ ៦៦៦ ៧៧៧ ខ្ញុំនឹងជូនសគុណ នៅពេលចាប់បានជននេះមកទទួលទោសតាមច្បាប់…”។
លោកចាន់ សួរ បានសរសេរបន្តថា “សូមអូនទៅកាន់សុខគតិភពចុះ ការងារដែលសេសសល់ ទុកឱ្យសមត្ថកិច្ចនិងច្បាប់ ដោះស្រាយចុះ សូមព្រលឹងអូន កុំនៅវិលវល់ទៀតអី។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជំរុញស្មារតីកងកម្លាំង ក្នុងការស្វែងរកយុត្តិធម៌ឱ្យគ្រួសារខ្ញុំ…”។

គួររំឭកថា ស្ត្រីរងគ្រោះ ឈ្មោះអ៊ឹង ជុងហ្គិច ត្រូវបានឃាតករចាក់និងអារកសម្លាប់ កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ទឹក ជាន់ទី១ អគារណាហ្គាវើលដ៍១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ហើយសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ហើយត្រូវបានស្វាមី និងក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តទឹកថ្លា នោះតែម្តង។
ករណីឃាតកម្មនេះ ត្រូវបានសង្ស័យថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ ខណៈដែលក្រុមគ្រួសារអះអាងថា ក្រោយប្រទះឃើញសព ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការនៅលើខ្លួនសព ត្រូវបានបាត់បង់អស់ គ្រាន់តែមិនទាន់អាចកំណត់ច្បាស់នៅឡើយថា មានចំនួនប៉ុន្មានឱ្យប្រាកដ។

ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ គិតមកដល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យជាឃាតករ បន្ទាប់ពីមានការបង្ហាញរូបថតជនសង្ស័យម្នាក់ ពីកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ដែលកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ (សុំមិនបង្ហាញឈ្មោះ) ជាជនជាតិខ្មែរ បានបង្ហាញអត្តសញ្ញាណជនសង្ស័យជាឃាតករ ឈ្មោះ សេង ពៅ (SENG POV) ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២២ វិច្ឆិកា ១៩៩៩ ដោយសង្ស័យថា ជនសង្ស័យបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ រួចបន្តដំណើរចេញទៅកាន់ប្រទេសទី៣ (ហ្វីលីពីន) បាត់ទៅហើយ ដោយសារគេឃើញជនសង្ស័យនៅព្រលានយន្តហោះប្រទេសថៃ កាន់កាតពលករនៅប្រទេសហ្វីលីពីន ។ ដូច្នេះមានតែសមត្ថកិច្ចកម្ពុជា ស្នើសុំកិច្ចសហការពីសមត្ថកិច្ចហ្វីលីពីន ក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យ បញ្ជូនត្រឡប់មកកម្ពុជា ដើម្បីចាត់ការតាមនីតិវិធី៕ ខៀវទុំ