ភ្នំពេញ៖តារាកូន២អ្នកនាងសារ៉ាយ សក្ខណា ទើបនាំស្វាមីនិងកូនប្រុសស្រីមកពីអាមេរិកកាលពីពេលថ្មីៗនេះ ស្រាប់តែមកស្រុកមិនបានប៉ុន្មានថ្ងៃផងមានការចាប់អារម្មណ៍ថានាងកំពុងពោះធំជិតសម្រាលកូនទី៣ទៅហើយ ដែលដំណឹងនេះធ្វើឲ្យមានការតាមដានខ្លាំងពីFan នាងព្រោះសក្ខណា គ្មានផែនការណ៍យកកូនថែមឆាប់ៗទេ ប៉ុន្ដែដឹងអីស្ងាត់ៗនាងបាន១ទៀតបាត់។ប៉ុន្ដែអ្វីដែលគូរឲ្យសង្ស័យនោះស្រាប់តែការបង្ហាញក្បាលពោះមានកូនរបស់សក្ខណា គឺស្របគ្នាទៅនិងស្រីស្អាតសឹម ស្រីនិច្ច ទៅវិញហើយពួគេថែមទាំងគ្រងឈុតបុរាណបង្អួតក្បាលពោះដូចគ្នាថែមទៀត ទើបអ្នកខ្លះថាសិស្សច្បងនិងសិស្សប្អូនរូបនេះមានផ្ទៃពោះប្រណាំងគ្នាតែម្ដង។សម្រាប់សក្ខណា ការមានកូនថែមគឺអត់បញ្ហានោះទេ ព្រោះថានាងមានស្វាមីត្រឹមត្រូវចង់នាងយកម្ដង២(ភ្លោះ)ឬថែមប៉ុន្មានទៀតក៍បាន ហើយគ្រាន់តែធ្លាយថានាងមានផ្ទៃពោះភ្លាមមានតារារួមអាជីពជាបន្ដបន្ទាប់បានសាទរសក្ខណា ដែលបានសមាជិកថ្មីទៀតផង តែសម្រាប់ស្រីស្រស់សឹម ស្រីនិច្ច វិញមុននេះនាងថាកំពុងតែស្វែងយល់ចិត្តបុរសម្នាក់ និងគ្មានផែនការណ៍ចូលរោងការឆាប់ៗនោះទេ ហេតុនេះប្រសិនបើនាងពោះធំមែន សួរថាបុរសណាទៅជាឪពុកកូនក្នុងផ្ទៃរបស់នាង?

ថ្វីត្បិតតែសារ៉ាយ សក្ខណា និងសឹម ស្រីនិច្ច បញ្ចេញក្បាលពោះធំទំនងជាជិតសម្រាលព្រមគ្នាក្ដី ប៉ុន្ដែតាមព័តមានថារឿងតារាស្រីទាំងពីរដួងមានផ្ទៃពោះនេះមិនមែនជាការចៃដន្យឡើយ ប៉ុន្ដែមានឯកឧត្តមម្នាក់រៀបឈុតឆាកនេះឡើងដើម្បីឲ្យផ្ទុះ។ប្រភពបានឲ្យដឹងថាឯកឧត្តមហ្វៃ សំអាង ជាអ្នកនៅពីក្រោយសារ៉ាយ សក្ខណា និងសឹម ស្រីនិច្ច រឿងពោះធំរបស់ពួកគេ ព្រោះតារាស្រីទាំងពីរត្រូវបានលោកជ្រើសរើសឲ្យសម្ដែងក្នុងភាពយន្ដបុរាណរបស់ង្សមាសរឿង”អប្សារាមហាអង្គរ” ដែលសក្ខណា ធ្វើជាភរិយាទី៣ ព្រះនាម ក្រពុំចន្ទ ខណៈស្រីនិច្ច ជាភរិយាទី២ ព្រះនាមពនិតា ។ប្រភពបានឲ្យដឹងថាភាពយន្ដនេះមានការចំណាយអស់ទុនជាច្រើនសែនដុល្លារ ហើយអ្នកដឹកនាំរឿងលោកហ្វៃ សំអាង ដែលពេលនេះឡើងជាឋានៈឯកឧត្តមនោះបានប្រមូលតារាល្បីៗឲ្យបញ្ចេញសម្ថភាពរួមគ្នាក្នុងនោះមានដូចជាអ្នកនាងអម្ពរ ទេវី ,នារីរ័ត្ន គន្ធា ត្រូវចាប់ដៃជាមួយលោកទេព រិនដារ៉ូ សារជាថ្មីជាដើម។សម្រាប់សក្ខណា បានហោះពីអាមេរិកមកសម្ដែងរឿងពោះធំនេះ ស្របពេលដែលសឹម ស្រីនិច្ច បានវិលពីការផ្អាកការថតសម្ដែងសិល្បៈមួយអន្លើ តែនាងមិនអាចបោះបង់ឱកាសលេងឈុតមានផ្ទៃពោះនេះបានឡើយ។

សារ៉ាយ សក្ខណា ដែលបានរៀបការប្ដីលោកមេធាវីកែវ ប៊ុនមេត្រី ឆ្នាំ២០១២និងចេញទៅរស់នៅអាមេរិកជាង១០ឆ្នាំទៅហើយព្រមទាំងទទួលបានចំណងដៃកូន២នាក់(ស្រី១)នោះនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការមានកូន២នាក់គ្រប់គ្រាន់សម្រាប់រូបនាង ប៉ុន្ដែបើត្រូវមានទៀតនាងឲ្យមានទៅតាមធម្មជាតិ មិនប្រើវិធីពន្យាទេតែលើកក្រោយនាងចង់បានកូនភ្លោះវិញម្ដង ព្រោះកុំឲ្យពិបាកបង្កើតច្រើនដង។ចំណែកស្រីស្អាតសឹម ស្រីនិច្ច វិញ នាងកុំពុងតែពិសោធន៍ស្នេហ៍ជាមួយបុរសអ្នកជំនួញម្នាក់ហើយពេលនេះបានវិលរកអាជីពចាស់វិញក្រោយផ្អាកជាង១ឆ្នាំដោយសារតែនាងងាកទៅរកស៊ីវិស័យអចលនទ្រព្យ។ស្រីនិច្ច ថាមិនអាចកំណត់ពេលវេលារៀបការប្ដីនៅពេលណាឡើយ ព្រោះចិត្តនាងនៅតែស្រលាញ់សិល្បៈ ហើយសម្រាប់រូបនាងជាលើកដំបូងដែលបានថតរឿងដឹកនាំដោយរបស់ឯកឧត្តមហ្វៃ សំអាង ហេតុនេះនាងពិតជាមានមោទនភាពហើយចាត់ទុកថានោះជាភាពយន្ដដ៍ធំប្រចាំឆ្នាំ២០២៣ របស់នាងទៀតផង៕

