Sunday, November 24, 2024
Homeព័ត៌មានជាតិសង្សារបែ.....កចិត្ត ប្រុសចា....ក់១កាំ.....បិត

សង្សារបែ…..កចិត្ត ប្រុសចា….ក់១កាំ…..បិត

ខេត្តព្រះសីហនុ ៖ គូសង្សារមួយគូ បានទាក់ទងស្នេហាគ្នាបានមួយរយៈ លុះក្រោយមកមានរឿងរកាំរកូស រហូតខាងស្រីសុំបែកចែកផ្លូវ ស្រាប់តែខាងប្រុស ផ្ទុះភ្លើងប្រចណ្ឌ ក៏ស្ទាក់ចាំនារីជាគូស្នេហ៍ចេញពីធ្វើការថែមម៉ោងយប់ រួចចាក់ ១កាំបិត ចំក្រោមក្លៀក បណ្តាលឱ្យនារីរងគ្រោះ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកជនដៃដល់ជាឃាតករ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

ជនសង្ស័យជាឃាតករដែលចាក់សម្លាប់សង្សារ រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ចំណែកនារីរងគ្រោះ មានឈ្មោះសៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានធ្វើការថែមម៉ោង រហូតដល់វេលាម៉ោងប្រមាណ ១០យប់ ទើបចេញពីធ្វើការ ដើរសំដៅទៅបន្ទប់ជួលស្នាក់នៅរបស់ខ្លួន លុះគ្រាន់តែដើរចេញមកដល់ត្រង់ចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង (ទីតាំងកើតហេតុខាងលើ) ក៏លេចមុខជនសង្ស័យជាគូស្នេហ៍ កាន់កាំបិតចុងស្រួច ចូលមកធ្វើសកម្មភាពចាក់ប្រហារនារីរងគ្រោះ ចំនួន១កាំបិត ចំក្រោមក្លៀកខាងឆ្វេង បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែងមួយរំពេច។ ចំណែកជនដៃដល់ជាឃាតករ ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់សង្សាររួច ក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីមិត្តភក្តិនារីរងគ្រោះ បានបង្ហើបប្រាប់ថា រវាងអ្នកទាំងពីរ (ជនដៃដល់ និងនារីរងគ្រោះ) គឺជាគូសង្សារ ដោយទាក់ទងស្នេហាជាមួយគ្នា មួយរយៈមកហើយ តែមួយរយៈចុងក្រោយនេះ មិនដឹងថាចំណងស្នេហ៍ពួកគេ មានបញ្ហាអ្វី ទើបចេះតែមានរឿងរកាំរកូស មិនស្វាង រហូតដល់ខាងស្រីសុំបែកចែកផ្លូវគ្នា ស្រាប់តែមិនបានប៉ុន្មាន ខាងប្រុសបានស្ទាក់ចាក់សម្លាប់នារីរងគ្រោះជាសង្សារ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបែបនេះតែម្តង។

ករណីឃាតកម្មនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន។

ដោយឡែក សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES