Monday, November 25, 2024
Homeព័ត៌មានជាតិកឹម សុខា តុលាការសម្រេចឃុំខ្លួនក្នុងផ្ទះ២៧ឆ្នាំ ហាមជួបគ្រប់មនុស្ស លើកលែងក្រុមគ្រួសារ

កឹម សុខា តុលាការសម្រេចឃុំខ្លួនក្នុងផ្ទះ២៧ឆ្នាំ ហាមជួបគ្រប់មនុស្ស លើកលែងក្រុមគ្រួសារ

(អតីតគណបក្សសង្គ្រោះជាតិ) ដែលអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ បានបញ្ចប់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយតុលាការបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសអតីតមេបក្សប្រឆាំងរូបនេះ ចំនួន២៧ឆ្នាំ និងផ្តន្ទាទោសបន្ថែម ដោយដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិនយោបាយ ប៉ុន្តែតុលាការសម្រេចមិនឃុំខ្លួន ដោយគ្រាន់តែដាក់ជនជាប់ចោទឲ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ចមួយចំនួន ដូចជា មិនត្រូវចាកចេញពីបរិវេណលំនៅឋាន (ស្មើនឹងការឃុំខ្លួនក្នុងផ្ទះ) លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ឬដោយប្រយោល ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ ។

          យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃសុក្រ ទី១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿង​ព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នា១៩៥៣ ដែលត្រូវជាប់ចោទពីបទ «សន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញតិ្តមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

          សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោល ចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ ១៨២ ”ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម ៖

          ១- ផ្ដន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារ កំណត់រយៈពេល២៧ (ម្ភៃប្រាំពីរ) ឆ្នាំ ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

          ២- ផ្ទន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញតិ្តមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ ។

          ៣- ដាក់ជនជាប់ចោទឲ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ចមួយចំនួន ដូចខាងក្រោម ៖

          -មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

          -មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោល តាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ ។

          កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃប្រកាសសាលក្រមនេះ រហូតដល់ពេលសាលក្រមចូលជាស្ថាពរ ។

          ៤- បង្គាប់ឲ្យកងកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ប្រើប្រាស់សិទ្ធិអំណាច និងតួនាទីរបស់ខ្លួន ក្នុងឋានៈជាមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីធានាអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចកំណត់ក្នុងចំណុចទី៣ នៃសេចក្ដីសម្រេចខាងលើនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញានៃអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ។

          ៥- ក្នុងករណីដែលមានការបំពាននូវកាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ច ឲ្យចេញនូវវិធានការឃុំខ្លួនជាបណ្ដោះអាសន្ន លើជនជាប់ចោទ ។

          ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ជូនអំពីចំណុចសំខាន់ៗដែលមានមូលដ្ឋានក្នុងសាលក្រម ដូចតទៅ ៖       

          ទី១- ការជំរុញនិងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនមែនជាអំពើខុសច្បាប់នោះឡើយ ហើយសកម្មភាពនេះ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែតុលាការ បានរកឃើញថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងដោយមានការជួយជ្រោមជ្រែង គប់គិតត្រូវរ៉ូវគ្នាក្នុងផែនការសម្ងាត់ជាមួយបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំ ដូចនៅរដ្ឋ “ខ” និងរដ្ឋ “គ” គឺជាអំពើខុសច្បាប់ ដែលអំពើនេះ បានធ្វើឲ្យប់ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិដភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល ។ ក្នុងន័យនេះ ជនជាប់ចោទ បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការគប់គិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ។

          ទី២- តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល តំណាងដើមបណ្ដឹងរដ្ឋវប្បវេណី តុលាការពុំមានសរសេរឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស នៅក្នុងសាលក្រមរបស់ខ្លួនឡើយ ។ តុលាការសម្រេចប្រើប្រាស់អក្សរ តាងចំពោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីធានាឲ្យបាននូវទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ ជាមួយរដ្ឋបរទេស ។ ជាមួយនេះដែរ ដើម្បីធានាឲ្យបាននូវទំនាក់ទំនងល្អនិងផលប្រយោជន៍ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ និងដោយចៀសវាងឲ្យបាននូវការធ្លាយចេញនូវឯកសារជាតារាងអក្សរតាងជំនួសការហៅឈ្មោះរដ្ឋបរទេស តុលាការកំណត់ និងដាក់ឯកសារនេះ  ជាឯកសារសម្ងាត់ដែលមិនត្រូវទម្លាយជាសាធារណៈនោះឡើយ ។ ដូច្នេះផ្អែកលើមូលដ្ឋាននេះ ជនណា ឬភាគីណាមួយដែលធ្វើឲ្យធ្លាយចេញឯកសារនេះជាសាធារណៈ គឺត្រូវមានទោស ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

          ទី៣- តុលាការបានសម្រេចមិនឃុំខ្លួនជនជាប់ចោទ តាមមាត្រា៣៥៣ នៃនីតិវិធីព្រហ្មទណ្ឌ ដែលតំណាងអយ្យការបានស្នើសុំ ប៉ុន្តែដើម្បីធានារក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធីច្បាប់ តុលាការបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ជំនួសឲ្យការឃុំខ្លួន ដែលមានដូចជា ៖ ១- មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ២- មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោល តាមបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ ។

          គួរបញ្ជាក់ថា នៅថ្ងៃបើកសវនាការ និងការប្រកាសសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងលោកកឹម សុខា ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» នេះ ក៏មានការឃ្លាំមើលពីសកម្មជន អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ អ្នកនយោបាយដែលជាសហការីលោកកឹម សុខា និងបណ្ដាស្ថានទូតបរទេសមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ ហើយបន្ទាប់ពីតុលាការបានប្រកាសសាលក្រមផ្តន្ទាទោសលោកកឹម សុខា ២៧ឆ្នាំ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នោះមក សហការីលោកកឹម សុខា បានប្រតិកម្ម ដោយចាត់ទុកការកាត់ទោសនេះ មានភាពអយុត្តិធម៌ចំពោះលោកកឹម សុខា ។ ចំណែកស្ថានទូតបរទេសមួយចំនួន ប្រចាំប្រទេសកម្ពុជា ក៏បានសម្ដែងការខកចិត្ត និងព្រួយបារម្ភជុំវិញការអនុវត្តច្បាប់របស់តុលាការកម្ពុជា មកលើអ្នកនយោបាយប្រឆាំង លោកកឹម សុខា ។

          លោកហ៊ុន កុសល អតីតយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោកកឹម សុខា កាន់តែរងនូវអយុត្តិធម៌ រូបលោកកាន់តែគាំទ្រនិងស្មោះត្រង់នឹងគាត់ ។

          លោកសួន សូរីដា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា «តើឱ្យមានការផ្សះផ្សាជាតិខ្មែរ ម្តេចបាន បើចោទចាប់យ៉ាងអយុត្តិធម៌បែបនេះ? ការកាត់ទោសលោកកឹម សុខា ជាប់ទោស ២៧ឆ្នាំ ពីរឿងក្បត់ជាតិ ដោយគប់គិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរលំរដ្ឋាភិបាលលោកហ៊ុន សែន វាជារឿងអយុត្តិធម៌ និងគួរឱ្យអស់សំណើចក្នុងពេលដែលរដ្ឋាភិបាលលោកហ៊ុន សែន កំពុងធ្វើកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាងជាមួយសហរដ្ឋអាមេរិក ទាំងនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌» ។

          ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ថា «យើងមានការខកចិត្តជាខ្លាំងចំពោះការប្រកាសសាលក្រមកាត់ទោសលោកកឹម សុខា នៅថ្ងៃនេះ (៣ មីនា) ឱ្យជាប់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទក្បត់ជាតិ។ អូស្ត្រាលី បន្តអំពាវនាវឲ្យមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ក្នុងករណីនេះ។ មន្ត្រីអូស្ត្រាលី បានសង្កេតមើលសវនាការនៅថ្ងៃនេះ រួមជាមួយសហការីមកពីបេសកកម្មការទូតផ្សេងៗទៀត។ អូស្ត្រាលី នឹងបន្តកិច្ចពិភាក្សារបស់យើងជាមួយកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានលំហនយោបាយសម្រាប់ការបោះឆ្នោត ដែលមានការប្រកួតប្រជែងពិតប្រាកដ ព្រមទាំងគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» ។

          ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃដដែលនោះថា «សហរដ្ឋអាមេរិក មានការខកចិត្តជាខ្លាំង ដោយការដាក់ទោដោយតុលាការ ទៅលើលោកកឹម សុខា ដែលជាមេដឹកនាំនយោបាយកម្ពុជា ទទួលបាននូវការគោរព ។ ដំណើរការក្ដីដែលមានរយៈពេលច្រើនឆ្នាំ ដើម្បីបំបិទសំឡេងលោកកឹម សុខា ដោយផ្អែកលើការគប់គិតបែបប្រឌិត គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌ ។ ការមិនផ្ដល់ឲ្យលោកកឹម សុខា និងឥស្សរជននយោបាយដទៃទៀត នូវសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួម បំផ្លាញរដ្ឋធម្មនុញ្ញ ការប្ដេជ្ញាចិត្តជាអន្តរជាតិ និងដំណើរជឿនលឿនកន្លងមករបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងសង្គមមួយ​ដែលមានពហុបក្ស និងចូលរួមទាំងអស់គ្នា ។ យើងសូមអំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជា ទាំងអស់ ទទួលបាននូវសិទ្ធិមនុស្សជាសាកល ក្នុងការប្រមូលផ្ដុំគ្នាដោយសន្តិភាព និងសេរីភាពនៃការបញ្ចេញមតិ ហើយអនុញ្ញាតឲ្យពួកគេចូលរួមក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ»។

          បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើនេះ លោកផាទ្រិក មឺរហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនោះថា សាលក្រមកាត់ទោសលោកកឹម សុខា ឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យដើរថយក្រោយ ។ លើសពីនេះ លោកបានលើកឡើងថា ការកាត់ក្តីលោក សុខា គឺជាយុត្តិធមរលូត ឬអយុត្តិធម៌ ។

          ទោះបីយ៉ាងណា សម្រាប់មន្រ្តីរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានធ្វើញត្តិ និងបញ្ចេញមតិគាំទ្រនូវការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកថា ការសម្រេចនេះ ពិតជាត្រឹមត្រូវទៅតាមច្បាប់ និងអាចទទួលយកបាន ។

          លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការជំនុំជម្រះក្តីករណីកឹម សុខា គឺតុលាការ មានភ័ស្តុតាងច្បាស់លាស់និងរឹងមាំ ហើយការវិនិច្ឆ័យទោស គឺស្របទៅតាមទម្ងន់ទោសដែលមាន។ លោកថា ការជម្រះក្តីមួយនេះ គឺជាការបញ្ជាក់នូវនីតិរដ្ឋរបស់កម្ពុជា ដោយគ្មានជនណាមួយអាងលើអ្វីមួយ អាចធ្វើសកម្មភាពខុសច្បាប់កម្ពុជា ជាពិសេសការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា​ភិបាលស្របច្បាប់ ដោយកម្លាំងនិងរូមភាពខុសច្បាប់ផ្សេងៗ ។ ដូច្នេះលោកសូមគាំទ្រចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងគាំទ្រការពង្រឹងនីតិរដ្ឋនៅកម្ពុជា ហើយក៏សូមថ្កោលទោសចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលឯករាជ្យភាពនៃតុលាការកម្ពុជា និងកិច្ចការផ្ទៃក្នុងកម្ពុជា។

ថ្នាក់ដឹកនាំ និងសមាជិកសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ទូទាំងប្រទេស ក៏បានចេញញត្តិគាំទ្រ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ គាំទ្រទាំងស្រុងចំពោះសាលក្រមព្រហ្មទណ្ឌ លេខ១៨២ “ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់នូវសវនាការរបស់សាលា​ដំបូងរាជធានីភ្នំពេញ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះកឹម សុខា  ភេទប្រុស កើតថ្ងៃទី២៧ មិថុនា ឆ្នាំ១៩៥៣ ដែលត្រូវចោទពី «បទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕ កុលបុត្រ

RELATED ARTICLES