Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញសែកស្អុយជាង៥លានដុល្លារ តុលាការសម្រេច​ដាក់គុក

ចេញសែកស្អុយជាង៥លានដុល្លារ តុលាការសម្រេច​ដាក់គុក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានសម្រេចចេញដី​កាឃុំខ្លួនជនជាចិន ជាមេការក្រុមហ៊ុនមួយ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឱ្យសមត្ថកិច្ចតាមចាប់​ខ្លួន​ជនជាតិខ្មែរម្នាក់ទៀត ពាក់ព័ន្ធករណីចាយសែកស្អុយ ជាង៥លានដុល្លារ។

ជនត្រូវចោទខាងលើ មានឈ្មោះ WU QUANG JIE ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនហុងកុង ស្នាក់នៅផ្ទះលេខ​​១៣ ផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាមេការក្រុមហ៊ុនសាងសង់ហ្សុងលាន អ៊ិនធើ​ណេ​សិនណល អ៊ីនវេសមិន។ ជនត្រូវចោទរូបនេះ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាម​ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន​កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ដើមចមនៃការចាប់ខ្លួនជនត្រូវចោទខាងលើ តាមយោងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុលបញ្ជាក់ថាកាល​ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បុរសខ្មែរម្នាក់ និងឈ្មោះ WU QUA NG JIE ជនជាតិចិន ជាមេការ និងតំ​ណាង​ឱ្យក្រុមហ៊ុន ហ្សុងលាន អ៊ិនធើណេសិនណល អ៊ីនវេសមិន បានស្នើសុំខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥លា ៥សែន​ដុល្លារ ដោយជនជាតិខ្មែរម្នាក់នោះ បានធ្វើលិខិតធានាអះអាងថានឹងសងវិញ តាមរយៈមូលប្បទានបត្រ ចំនួន​៥សន្លឹក គឺមូលប្បទានបត្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់។

លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រ ដែលមានទឹកប្រាក់ប្រមាណ ៣លាន​៥សែនដុល្លារ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបមកថា មូលប្បទានបត្រ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ របស់ឈ្មោះ WU QUANG JIE និងខ្មែរម្នាក់នោះ ជាមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)។

ហើយបន្ទាប់ពីដឹងថា មេការជនជាតិចិន និងខ្មែរម្នាក់ រួមគ្នាមានគំនិតទុច្ចរិតឆបោកលើទឹកប្រាក់ជាង ៥លាន​ដុល្លារនោះ ទើបម្ចាស់បំណុល ស្វះស្វែងរកការជួបចរចាជាមួយ ជនជាតិខ្មែរ និងឈ្មោះ WU QUANG JIE នោះ ដើម្បីពិភាក្សាដោះស្រាយបំណុល ហើយពួកគេក៏បានសុំពន្យារពេលសង ប៉ុន្តែទីបំផុត គឺសងខ្យល់ ទើប​ឈាន​ដល់ការដាក់ពាក្យបណ្តឹង ចាប់ខ្លួនជនជាតិចិននោះ និងត្រូវបានតំណាងអយ្យការ ចោទប្រកាន់ជាផ្លូវការរួចដាក់​ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិចិននោះតែម្តង៕

RELATED ARTICLES