ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនជាចិន ជាមេការក្រុមហ៊ុនមួយ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនជាតិខ្មែរម្នាក់ទៀត ពាក់ព័ន្ធករណីចាយសែកស្អុយ ជាង៥លានដុល្លារ។

ជនត្រូវចោទខាងលើ មានឈ្មោះ WU QUANG JIE ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនហុងកុង ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាមេការក្រុមហ៊ុនសាងសង់ហ្សុងលាន អ៊ិនធើណេសិនណល អ៊ីនវេសមិន។ ជនត្រូវចោទរូបនេះ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ដើមចមនៃការចាប់ខ្លួនជនត្រូវចោទខាងលើ តាមយោងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុលបញ្ជាក់ថាកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បុរសខ្មែរម្នាក់ និងឈ្មោះ WU QUA NG JIE ជនជាតិចិន ជាមេការ និងតំណាងឱ្យក្រុមហ៊ុន ហ្សុងលាន អ៊ិនធើណេសិនណល អ៊ីនវេសមិន បានស្នើសុំខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥លា ៥សែនដុល្លារ ដោយជនជាតិខ្មែរម្នាក់នោះ បានធ្វើលិខិតធានាអះអាងថានឹងសងវិញ តាមរយៈមូលប្បទានបត្រ ចំនួន៥សន្លឹក គឺមូលប្បទានបត្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់។

លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រ ដែលមានទឹកប្រាក់ប្រមាណ ៣លាន៥សែនដុល្លារ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបមកថា មូលប្បទានបត្រ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ របស់ឈ្មោះ WU QUANG JIE និងខ្មែរម្នាក់នោះ ជាមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)។

ហើយបន្ទាប់ពីដឹងថា មេការជនជាតិចិន និងខ្មែរម្នាក់ រួមគ្នាមានគំនិតទុច្ចរិតឆបោកលើទឹកប្រាក់ជាង ៥លានដុល្លារនោះ ទើបម្ចាស់បំណុល ស្វះស្វែងរកការជួបចរចាជាមួយ ជនជាតិខ្មែរ និងឈ្មោះ WU QUANG JIE នោះ ដើម្បីពិភាក្សាដោះស្រាយបំណុល ហើយពួកគេក៏បានសុំពន្យារពេលសង ប៉ុន្តែទីបំផុត គឺសងខ្យល់ ទើបឈានដល់ការដាក់ពាក្យបណ្តឹង ចាប់ខ្លួនជនជាតិចិននោះ និងត្រូវបានតំណាងអយ្យការ ចោទប្រកាន់ជាផ្លូវការរួចដាក់ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិចិននោះតែម្តង៕
