ព្រៃវែង ៖ ករណីឃាតកម្មច្របាច់កសម្លាប់ស្ត្រីម្នាក់ នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបំបែកសំណុំរឿងបានហើយ ដោយបានឃាត់ខ្លួនជនសង្ស័យជាឃាតករម្នាក់ ត្រូវជាកូនប្រសារបស់ស្ត្រីរងគ្រោះ ហើយជនដៃដល់បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់ម្តាយក្មេក គឺដោយសារតែខឹងម្តាយក្មេកចែកដីឱ្យហើយ បែរជាដកយកវិញ។

ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅកណ្តាលវាលស្រែខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។ រហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវរូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតក ដែលត្រូវជាកូនប្រសាស្ត្រីរងគ្រោះបាន នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យជាឃាតករសម្លាប់ម្តាយក្មេក និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះញ៉ សារ៉ាត់ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ដោយជនរងគ្រោះមានឈ្មោះញ៉ សារ៉ាត់ ភេទស្រី អាយុ៤៥ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ (ស្លាប់មិនដឹងមូលហេតុ)។
ផ្អែកតាមកាពិនិត្យសាកសព របស់ជំនាញ គ្រូពេទ្យ បានបញ្ជាក់ថា មានស្លាកស្នាមរបួសនៅលើសព ត្រង់ចំណុចបំពង់ក និងឆ្អឹងខ្នង ជាច្រើនកន្លែង ដែលកើតឡើងដោយសារការប្រើកម្លាំងប៉ះទង្គិច ធ្វើឱ្យមានស្នាមជាំផ្នែកកយ៉ាងធ្ងន់ធ្ងរ ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់។ តាម ការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ ករណីនេះគឺជាអំពើឃាតកម្ម។ បន្ទាប់ពីធ្វើកោសល្យវិច័យចប់សព្វគ្រប់ សមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ កម្លាំងជំនាញ បានបើកការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ រហូតឈានដល់កំណត់មុខសញ្ញាបានថា ជនសង្ស័យមានឈ្មោះសឿង ហ៊ាង ត្រូវជាកូនប្រសារបស់ស្ត្រីរងគ្រោះតែម្តង។ បន្ទាប់មក ជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការសហការជាមួយជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទរបស់ជនសង្ស័យ ឃើញថា ជនសង្ស័យបានគេចខ្លួនពីមូលដ្ឋាន ទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លុះដល់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះទៅសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ឈ្មោះសឿង ហ៊ាង បានខណៈដែលជននេះបម្រុងគេចខ្លួនទៅច្រកដូង (ច្រកឡែម) គោលបំណងបម្រុងឆ្លងដែនទៅប្រទេសថៃ ដើម្បីគេចខ្លួន។ បន្ទាប់មក កម្លាំងជំនាញកងរាជអាវុធហត្ថព្រៃវែង និងខេត្តបន្ទាយមានជ័យ បានបន្តធ្វើការសហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះសឿង ហ៊ាង នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ក្រោយពីការចាប់ខ្លួន កម្លាំងជំនាញ បានធ្វើការដកហូតសម្ភារៈ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-7180 និងលោហធាតុពណ៌លឿង (ក្រវិល) ចំនួន១គូ ទម្ងន់១ជី (ជារបស់ជនរងគ្រោះ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសឿង ហ៊ាង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយក្មេក ឈ្មោះញ៉ សារ៉េត ប្រាកដមែន មូលហេតុដោយសារគុំកួននឹងម្តាយក្មេក រឿងដីភូមិ ដែលម្តាយក្មេក ម្តងថាឱ្យ ម្តងដកយកវិញ ទើបធ្វើឱ្យរូបគេមានចិត្តខឹង ក៏រៀបគម្រោងសម្លាប់ម្តាយក្មេកចោលតែម្តង។

ជនសង្ស័យជាឃាតករ បានសារភាពទៀតថា លុះមកដល់យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលដែលរូបគេជិះម៉ូតូឌុបម្តាយក្មេក ចេញពីមណ្ឌលសុខភាពបឹងព្រះ គោលបំណងត្រឡប់ទៅផ្ទះវិញ ពេលមកដល់ចំណុចវាលស្រែ ទីតាំងកើតហេតុខាងលើ ដែលមើលទៅមានសភាពស្ងាត់ល្អ រូបគេក៏បានឈប់ម៉ូត រួចធ្វើសកម្មភាពចាប់ច្របាច់កម្តាយក្មេក បោកទៅនឹងដី បណ្តាលឱ្យស្លាប់ រួចក៏ជិះម៉ូតូគេចខ្លួនតែម្តង។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕