Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមច្របាច់កសម្លាប់ម៉ែក្មេក ខឹងចែកដីឱ្យហើយ ដកយកវិញ

ច្របាច់កសម្លាប់ម៉ែក្មេក ខឹងចែកដីឱ្យហើយ ដកយកវិញ

ព្រៃវែង ៖ ករណីឃាតកម្មច្របាច់កសម្លាប់ស្ត្រីម្នាក់ នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបំបែក​សំណុំ​រឿងបានហើយ ដោយបានឃាត់ខ្លួនជនសង្ស័យជាឃាតករម្នាក់ ត្រូវជាកូនប្រសារបស់ស្ត្រីរងគ្រោះ ហើយ​ជនដៃដល់បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់ម្តាយក្មេក គឺដោយសារតែខឹង​ម្តាយ​ក្មេកចែកដីឱ្យហើយ បែរជាដកយកវិញ។

ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅកណ្តាលវាលស្រែខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយ​អន្ទរ​។ រហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវរូតឈាន​ដល់ការ​ឃាត់​ខ្លួនជនសង្ស័យជាឃាតក ដែលត្រូវជាកូនប្រសាស្ត្រីរងគ្រោះបាន នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅ​ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យជាឃាតករសម្លាប់ម្តាយក្មេក និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។ ចំណែកស្ត្រីរងគ្រោះ មាន​ឈ្មោះញ៉ សារ៉ាត់ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីប្រទះឃើញសាក​សពនៅ​ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ដោយជនរងគ្រោះមានឈ្មោះញ៉ សារ៉ាត់ ភេទស្រី អាយុ៤៥ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ (ស្លាប់មិនដឹងមូលហេតុ)។

ផ្អែកតាមកាពិនិត្យសាកសព របស់ជំនាញ គ្រូពេទ្យ បានបញ្ជាក់ថា មានស្លាកស្នាមរបួសនៅលើសព ត្រង់ចំណុច​បំពង់ក និងឆ្អឹងខ្នង ជាច្រើនកន្លែង ដែលកើតឡើងដោយសារការប្រើកម្លាំងប៉ះទង្គិច ធ្វើឱ្យមានស្នាម​ជាំផ្នែក​កយ៉ាង​ធ្ងន់ធ្ងរ ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់។ តាម ការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ ករណីនេះគឺជាអំពើ​ឃាតកម្ម។ បន្ទាប់ពីធ្វើកោសល្យវិច័យចប់សព្វគ្រប់ សមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ​បុណ្យ​តាមប្រពៃណី។

បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ កម្លាំងជំនាញ បានបើកការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ រហូត​ឈាន​ដល់កំណត់មុខសញ្ញាបានថា ជនសង្ស័យមានឈ្មោះសឿង ហ៊ាង ត្រូវជាកូនប្រសារបស់ស្ត្រី​រងគ្រោះ​តែម្តង។ បន្ទាប់មក ជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការសហការជាមួយ​ជំនាញស្នងការ​ស្រាវ​ជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទរបស់ជនសង្ស័យ ឃើញថា ជនសង្ស័យបានគេចខ្លួនពីមូលដ្ឋាន ទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លុះដល់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្ត​បន្ទាយ​មានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង និងលោក​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានពន្លាត​ដែន​សមត្ថកិច្ច សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តលើ​ផ្ទៃប្រ​ទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះទៅសហការជាមួយកម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ឈ្មោះសឿង ហ៊ាង បានខណៈដែលជននេះ​បម្រុងគេច​ខ្លួន​ទៅច្រកដូង (ច្រកឡែម) គោលបំណងបម្រុងឆ្លងដែនទៅប្រទេសថៃ ដើម្បីគេចខ្លួន។ បន្ទាប់មក កម្លាំងជំនាញ​កងរាជអាវុធហត្ថព្រៃវែង និងខេត្តបន្ទាយមានជ័យ បានបន្តធ្វើការសហការជាមួយ​កម្លាំងអាវុធហត្ថ​ខេត្តបាត់​ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះសឿង ហ៊ាង នៅចំណុចបេនឡាន ច្រកឡែម ស្ថិតនៅភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ក្រោយពីការចាប់ខ្លួន កម្លាំងជំនាញ បានធ្វើការដកហូតសម្ភារៈ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-7180 និងលោហធាតុពណ៌លឿង (ក្រវិល) ចំនួន១គូ ទម្ងន់​១ជី (ជារបស់ជនរងគ្រោះ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសឿង ហ៊ាង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ​សកម្មភាព​សម្លាប់​ម្តាយក្មេក ឈ្មោះញ៉ សារ៉េត ប្រាកដមែន មូលហេតុដោយសារគុំកួននឹងម្តាយក្មេក រឿងដីភូមិ ដែលម្តាយ​ក្មេក ម្តងថាឱ្យ ម្តងដកយកវិញ ទើបធ្វើឱ្យរូបគេមានចិត្តខឹង ក៏រៀបគម្រោងសម្លាប់ម្តាយក្មេកចោលតែម្តង។

ជនសង្ស័យជាឃាតករ បានសារភាពទៀតថា លុះមកដល់យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពេលដែលរូប​គេ​ជិះ​ម៉ូតូឌុបម្តាយក្មេក ចេញពីមណ្ឌលសុខភាពបឹងព្រះ គោលបំណងត្រឡប់ទៅផ្ទះវិញ ពេលមកដល់ចំណុច​វាលស្រែ ទីតាំងកើតហេតុខាងលើ ដែលមើលទៅមានសភាពស្ងាត់ល្អ រូបគេក៏បានឈប់ម៉ូត រួចធ្វើសកម្មភាព​ចាប់ច្របាច់កម្តាយក្មេក បោកទៅនឹងដី បណ្តាលឱ្យស្លាប់ រួចក៏ជិះម៉ូតូគេចខ្លួនតែម្តង។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនី​តិវិធី៕

RELATED ARTICLES