ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពចាក់ប្រហារនារីជាសង្សារ ១កាំបិត ចំក្រោមក្លៀក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅត្រង់ចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន ដោយជនដៃដល់បានសារភាពថា មូលហេតុដែលចាក់សម្លាប់សង្សារ គឺដោយសារភ្លើងប្រចណ្ឌ ខឹងសង្សារផឹកស៊ី មិនដេកជាមួយ ដោយដេកបែកបន្ទប់។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតករចាក់សម្លាប់សង្សារនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យជាឃាតករ មានឈ្មោះឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ចំណែកនារីរងគ្រោះ មានឈ្មោះសៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ទទួលផែនយុត្តិធម៌ និងបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបានសម្រេច។
មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ឡូត ម៉ុក បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនប្រាកដមែន ដោយសារតែការប្រចណ្ឌ ខឹងសង្សារផឹកស៊ី និងដេកបែកបន្ទប់។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅត្រង់ចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ដោយគូសង្សារមួយគូ បានទាក់ទងស្នេហាគ្នាមួយរយៈមកហើយ លុះក្រោយមក ជួបរឿងរកាំរកូស រហូតឈានដល់ខាងប្រុសស្ទាក់ចាក់នារីជាសង្សារ ពេលចេញពីធ្វើការថែមម៉ោងយប់ ចំនួន១កាំបិត ចំក្រោមក្លៀក បណ្តាលឱ្យនារីរងគ្រោះស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាឃាតករ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានធ្វើការថែមម៉ោង រហូតដល់វេលាម៉ោងប្រមាណ ១០យប់ ទើបចេញពីធ្វើការ ដើរសំដៅទៅបន្ទប់ជួលស្នាក់នៅរបស់ខ្លួន លុះគ្រាន់តែដើរចេញមកដល់ត្រង់ចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង (ទីតាំងកើតហេតុខាងលើ) ក៏លេចមុខជនសង្ស័យជាសង្សារ កាន់កាំបិតចុងស្រួច ចូលមកធ្វើសកម្មភាពចាក់ប្រហារនារីរងគ្រោះ ចំនួន១កាំបិត ចំក្រោមក្លៀកខាងឆ្វេង បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែងមួយរំពេច។ ចំណែកជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីមិត្តភក្តិនារីរងគ្រោះ បានបង្ហើបប្រាប់ថា រវាងអ្នកទាំងពីរ (ជនដៃដល់ និងនារីរងគ្រោះ) គឺជាគូសង្សារ ដោយទាក់ទងស្នេហាគ្នាមួយរយៈមកហើយ តែមួយរយៈចុងក្រោយនេះ មិនដឹងថាចំណងស្នេហ៍ពួកគេមានបញ្ហាអ្វី ទើបចេះតែមានរឿងរកាំរកូសមិនស្វាង រហូតដល់ខាងប្រុស ស្ទាក់ចាក់សម្លាប់នារីរងគ្រោះជាសង្សារ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់តែម្តង។ តែទីបំផុតឈាមស្រែកស្បែកហើយ បន្ទាប់ពីរត់គេចខ្លួនបាន ៦ថ្ងៃ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់៕