Sunday, November 24, 2024
Homeព័ត៌មានជាតិជិតរៀបការ យកថ្លៃទឹកដោះជូនម៉ែក្មេក ក្រឡាប់គោយន្ត កូនកំលោះស្លា....ប់

ជិតរៀបការ យកថ្លៃទឹកដោះជូនម៉ែក្មេក ក្រឡាប់គោយន្ត កូនកំលោះស្លា….ប់

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បាននាំគូដណ្តឹង និងក្រុមគ្រួសាររបស់ខ្លួន ជិះគោយន្តយកប្រាក់ថ្លៃបណ្ណាការ ទៅជូនម្តាយក្មេក ព្រោះជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែអកុសល ធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ គោយន្តបានក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឱ្យ កូនកំលោះ និងបងស្រីជីដូនមួយម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម រីឯកូនក្រមុំ រងរបួសធ្ងន់ (បាក់ដៃ) ខណៈដែលសាច់ញាតិ ៤នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់គោយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន) ខាងកើតវត្តគោករមៀត ប្រហែល៣០០ម៉ែត្រ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក។

យុវជនជាកូនកំលោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក។ ចំណែកយុវតីជាកូនក្រមុំដែលរងរបួសធ្ងន់ មានឈ្មោះជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប (បាក់ដៃឆ្វេង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់គោយន្ត) ខាងលើនេះ បណ្តាលឱ្យមនុស្សចំនួន២នាក់ បានស្លាប់ ចំណែក ៥នាក់ទៀត រងរបួសធ្ងន់ ខណៈដែលកូនកំលោះ កូនក្រមុំ និងសាច់ញាតិ សរុបមានគ្នា ៧នាក់ បានធ្វើដំណើរតាមគោយន្តកន្ត្រៃ ១គ្រឿង បំណងយកប្រាក់ថ្លៃបណ្ណាការ ទៅប្រគល់ជូនខាងស្រី ដើម្បីត្រៀមរៀបមង្គលការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ តែអកុសលបែរជាគោយន្តដាច់ដៃចង្កូត រេធ្លាក់ចូលប្រឡាយទឹក ក្រឡាប់ បណ្តាលឲ្យស្លាប់និងរបួសតែម្តង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គោយន្តខាងលើ បើកបរដោយឈ្មោះឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក រួមដំណើរដោយកូនកំលោះ-ក្រមុំ និងសាច់ញាតិ សរុប៧នាក់ និងមានដាក់អុសផង  បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៦៣ គោលដៅទៅខេត្តសៀមរាប ដោយបើកបរក្នុងទិសដៅពីលិច ទៅកើត ខណៈដែលបើកមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃ បានគាំងចង្កូត ហើយក៏រេក្បាលគោយន្តកន្ត្រៃធ្លាក់ចូលប្រឡាយជ្រៅ នៅខាងឆ្វេងដៃ ក្រឡាប់ទាំងកំរោល បណ្តាលឱ្យមាន អ្នកស្លាប់និងរបួសធ្ងន់រដូករណែលតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ជនរងគ្រោះទាំង៧នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ រួមមាន ទី១-ឈ្មោះព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាបងជីដូនមួយរបស់កូនកំលោះ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី១-ឈ្មោះលី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនកំលោះ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក)។ ទី៣-ឈ្មោះជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ ជាកូនក្រមុំ រងរបួសធ្ងន់ (បាក់ដៃខាងឆ្វេង)។ ទី៤-ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ (របួសធ្ងន់)។ ទី៥ ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសបាក់ដៃ)។ ទី៦-ឈ្មោះហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ (របួសបាក់ជើងខាងស្តាំ) និងទី៧-ឈ្មោះឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើកបរ (ពុំមានរងរបួសទេ)។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍មូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ស្រុកថ្មពួក ចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួស យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកភ្លាមៗ។ ចំណែកសពជនរងគ្រោះទាំង២នាក់ (កូនកំលោះ និងបងស្រីជីដូនមួយ) ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES