Sunday, November 24, 2024
Homeព័ត៌មានជាតិគ....ប់១ដុំ.....ថ្ម ដួលម៉ូតូស្លា.......ប់ ជាប់ខ្នោះ៣

គ….ប់១ដុំ…..ថ្ម ដួលម៉ូតូស្លា…….ប់ ជាប់ខ្នោះ៣

ខេត្តតាកែវ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ដែលធ្វើសកម្មភាពដេញវាយនិងគប់ដុំថ្ម បណ្តាលឱ្យយុវជនម្នាក់ដួលម៉ូតូ រងរបួសធ្ងន់ និងស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈបក្ខពួក ២នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីឃាតកម្មខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ស្ថិតក្នុងភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ រហូតមកដល់វេលាម៉ោង ៩ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ទើបកម្លាំងនគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះ រួមមាន ទី១-ឈ្មោះប្រាក់ វិសម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ទី២-ឈ្មោះគូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង (ជាជនដៃដល់យកដុំថ្មគប់ទៅលើជនរងគ្រោះ) និងទី៣-ឈ្មោះហ៊ឹម ប៊ិននី ហៅនុយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ រីឯវត្ថុតាងដកហូត រួមមាន ម៉ូតូអ៊ិចសិនទ័រ ១គ្រឿង និងថ្ម ១ដុំ។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន  ទី១-ឈ្មោះសេង រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និង ២-ឈ្មោះ ប្រាក់ ប្រុសពៅ ហៅស៊ុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ដោយឡែក ជនរងគ្រោះ មានឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

លោកអធិការ បានបញ្ជាក់ប្រាប់ថា  មុនពេលកើតហេតុ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ស្ថិតក្នុងភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ មានករណីឃាតកម្មមួយ បង្កឡើងដោយជនសង្ស័យ ១ក្រុម ដែលមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង (១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ និង ១គ្រឿងទៀត ម៉ាកអ៊ិចស៊ិនទ័រ) បានធ្វើសកម្មភាពយកដុំថ្មដេញគប់ទៅលើជនរងគ្រោះឈ្មោះគង់ ចំរើន ដែលកំពុងបើកម៉ូតូដឹកឈ្មោះ គឺ ជា ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង មកត្បូង បណ្តាលឱ្យត្រូវ១ដុំថ្ម ចំទ្រូងជនរងគ្រោះឈ្មោះគង់ ចំរើន រងរបួសធ្ងន់ ធ្វើឲ្យដួលម៉ូតូ ហើយត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ ប៉ុន្តែជាអកុសល ជនរងគ្រោះ បានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចពុំទទួលបានព័ត៌មាននោះទេ លុះរហូតដល់ម៉ោង ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះពីក្រុមគ្រួសារជនរងគ្រោះ។ បន្ទាប់មក សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ រួចធ្វើការពិនិត្យនិងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់ដុំថ្មលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ រីឯបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES