ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានយករំសេវផាវគ្រាប់បែក មកធ្វើការកែច្នៃធ្វើគ្រាប់បែក ដើម្បីបោកត្រី ស្រាប់តែផ្ទុះកក្រើក បណ្តាលឱ្យដាច់ប្រអប់ដៃ និងរបួសពេញខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចអូរកប់អង្ករ ទល់មុខចម្ការខ្លឹម ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះ មានឈ្មោះឌុច សូនី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ននៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ ដាច់ប្រអប់ដៃ និងរបួសមុខ ជើង ជាច្រើនកន្លែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានយកផាវគ្រាប់បែក ចាក់រំសេវចូលទៅត្បាល់ រួចបុកបញ្ចូលគ្នា ដើម្បីកែច្នៃធ្វើជាគ្រាប់បែក ទុកយកទៅបោកត្រី ស្រាប់តែអកុសលផ្ទុះលាន់កក្រក បណ្តាឱ្យជនរងគ្រោះរងរបួសធ្ងន់ ដាច់ប្រអប់ដៃ និងរបួសមុខ ជើង ជាច្រើនកន្លែង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗ៕