Sunday, November 24, 2024
Homeព័ត៌មានជាតិប្តីកា.....ប់ប្រពន្ធ៥កាំបិ....ត រួចចង.......ក

ប្តីកា…..ប់ប្រពន្ធ៥កាំបិ….ត រួចចង…….ក

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាទៅអង្គុយលេងនៅផ្ទះសាច់ញាតិក្បែរខាង លុះក្រោយមក មិនដឹងថាកើតមានទំនាស់នឹងគ្នាពីរឿងអ្វី ស្រាប់តែបុរសជាប្តី ទាញកាំបិតដេញកាប់ប្រហារប្រពន្ធរបស់ខ្លួន ចំនួន៥កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ដេកដួលសន្លប់ក្នុងថ្លុក ឈាម បន្ទាប់មកបុរសជាប្តី បានរត់ត្រឡប់ទៅផ្ទះវិញ រួចចងកស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិទន្លេជ្រៃខ ឃុំកញ្ចំ ស្រុកពារាំង។

ជនបង្កហេតុជាប្តីដែលកាប់ប្រពន្ធ ៥កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ រួចចងកសម្លាប់ខ្លួននោះ មានឈ្មោះឃាម ឃន អាយុ៤៦ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហឿន សុភា អាយុ៤០ឆ្នាំ មុខរបរកសិករ រងរបួសចំនួន ៥កាំបិត ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រាល់ថ្ងៃនេះ ស្ត្រីរងគ្រោះ និងបុរសជាប្តី ដែលជាជនបង្កហេតុ រស់នៅជាមួយគ្នាតែ២នាក់ប្តីប្រពន្ធ ចំណែកកូនៗមានប្តីប្រពន្ធ និងបែកផ្ទះរស់នៅរៀងៗខ្លួនអស់ហើយ។ នៅយប់មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តី បាននាំគ្នាទៅអង្គុយលេងនៅផ្ទះសាច់ញាតិជិតខាង ឈ្មោះគល់ សែន ហើយមិនដឹងថាមានរឿងទាស់ទែងគ្នាអ្វីនោះទេ ស្រាប់តែបុរសជាប្តី បានស្ទុះទៅយកកាំបិតខ្វែវ មកកាប់ស្ត្រីជាប្រពន្ធ ១កាំបិត។ ភ្លាមនោះ ស្ត្រីរងគ្រោះជាប្រពន្ធ បានស្ទុះរត់គេច តែត្រូវប្តីរត់ដេញតាមពីក្រោយ កាប់ថែមចំនួន ៤កាំបិតទៀត បណ្តាលឱ្យដួលដេកនៅក្នុងថ្លុកឈាម។

ប្រភពដដែល បន្តថា ក្រោយពីកាប់ប្រហារប្រពន្ធ បណ្តាលឱ្យដួលដេកលែងដឹងខ្លួនក្នុងថ្លុកឈាមបែបនេះ ជនដៃដល់ជាប្តី នឹកស្មានតែប្រពន្ធស្លាប់ហើយ ក៏រត់ទៅផ្ទះរបស់ខ្លួន រួចឡើងទៅចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់តែម្តង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានញាតិជិតខាង ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ភ្លាមៗ។

លោកស្រី ព្រាប សាវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យសពជនបង្កហេតុ ឃើញថាពិតជាបានស្លាប់ដោយសារតែចងកសម្លាប់ខ្លួនប្រាកដមែន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវជនដៃដល់ជាប្តី កាប់ប្រហារចំនួន ៥កាំបិត (ក្បាល ២កាំបិត ត្រចៀកឆ្វេង ១កាំបិត ស្មាស្តាំ ១កាំបិត និងថ្លើមដៃស្តាំ ១កាំបិត) រងរបួសយ៉ាងធ្ងន់ និងត្រូវបានសាច់ញាតិបងប្អូន ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ភ្លាមៗ ដើម្បីសង្គ្រោះ។

ជុំវិញករណីខាងលើនេះ ទាំងសាច់ញាតិនិងអ្នករស់នៅក្បែរខាង មិនមានអ្នកណាម្នាក់ បានដឹងថា ករណីហិង្សារវាងប្តីប្រពន្ធខាងលើនេះ ផ្តើមចេញពីរឿងអ្វីនោះឡើយ ប៉ុន្តែបើតាមការសន្និដ្ឋានបឋម គឺអាចពាក់ព័ន្ធរឿងប្រចណ្ឌ។

សពបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES