ខេត្តកំពត ៖ រថយន្ត១គ្រឿង បើកបរឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលទីតាំងនោះ មិនមានស្លាកសញ្ញា ឬឆ្នាំ ចាំផ្តល់ដំណឹងថាមានរថភ្លើងឆ្លងកាត់នោះឡើយ ជាហេតុធ្វើឱ្យរថយន្តបើកឆ្លងដល់ពាក់កណ្តាលផ្លូវរថភ្លើង ក៏មានរថភ្លើង១ខ្សែ បើកមកបុក យ៉ាងពេញទំហឹង និងអូសប្រមាណជាង៥០ម៉ែត្រ បណ្តាលឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរក្មេងចាស់៣នាក់ទៀត បានរង របួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។
អ្នកបើកបររថយន្ត ដែលរងរបួសធ្ងន់ មានឈ្មោះផាត សុភ័ក្ក្រ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ (បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល)។ ចំណែកអ្នករួមដំណើរ២នាក់ដែលរងរបួសស្រាល រួមមាន ទី១-ឈ្មោះ គង់ ស្រីហុង ភេទស្រី អាយុ២៧ឆ្នាំ។ ទី២-ឈ្មោះសុភ័ក្ក្រ ហុងឡុង ភេទប្រុស អាយុ៣ឆ្នាំ។ និងទី៣-ឈ្មោះចាន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំ ត្រូវជាក្មួយ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។
ចំណែកអ្នកបើកបររថភ្លើងមានគ្នា២នាក់ រួមមាន ទី១-ឈ្មោះម៉ី ចាន់ទី ភេទប្រុស អាយុ៥៧ឆ្នាំ មានលំនៅភូមិស្វាយប៉ោ ឃុំវត្តដំរីស ស្រុកសង្កែ ខេត្តបាត់ដំបង។ និងទី២-ឈ្មោះស៊ុន វណ្ណដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅភូមិប៉ុសញិញ ឃុំកូនសត្វ ស្រុកទឹកឈូ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ខណៈពេលរថភ្លើងមកដល់ចំណុចផ្លូវខ្វែង មិនមានសញ្ញា ឬឆ្មាំយាមបិទប៉ារ៉ាស់ទេ លុះពេល រថភ្លើងឆ្លងកាត់ក៏វាក់ជាមួយរថយន្ត១គ្រឿង ដែលបើកចេញពីផ្លូវពន្ធនាគារ មកកាត់ទទឹងផ្លូវដែក ទើបបណ្តាលឱ្យបុកទាំងកំរោលតែម្តង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានរថភ្លើងដឹកអ្នកដំណើរ១ខ្សែ ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ AS1002 មានទិស ដៅពីខេត្តព្រះសីហនុ មកខេត្តកំពត។ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកប៉ះជាមួយរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2BN-9350 ដែលបើកបរក្នុងទិសដៅចេញពីពន្ធនាគារ បើកឆ្លងផ្លូវលំកាត់ទទឹងផ្លូវដែក តែការបើកបរនោះមិនបានបង្អង់ ល្បឿន ទើបពេលឡើងដល់កំណាត់ផ្លូវដែកក៏ត្រូវរថភ្លើងមកដល់ល្មមបុកនៅពេលឆ្លងផ្លូវតែម្តង ដោយអូសពីផ្លូវលំខ្វែងផ្លូវដែកបានចម្ងាយ ៤៩ម៉ែត្រ ទើបរថភ្លើងអស់ល្បឿនឈប់ បណ្តាលឱ្យរថយន្តខូចខាតយ៉ាងដំណំ និងបង្កឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ រីឯអ្នករួមដំណើរ៣នាក់ទៀត រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងអូសយករថយន្តមករក្សាទុកនៅអធិការរដ្ឋានក្រុងបូកគោជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែករថភ្លើងដឹកអ្នកដំណើរក៏បានបន្តដំណើរទៅមុខទៀតឆ្ពោះមករាជធានីភ្នំពេញ។/