ភ្នំពេញ ៖ ស្ត្រីរងគ្រោះដែលដាច់ពោះវៀន ដោយសារពេទ្យឆ្មបកាត់ច្រឡំទងសុកនោះ បានបាត់បង់ជីវិតហើយ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីត្រឡប់ពីមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ រួចមកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីរង់ចាំការវះកាត់តពោះវៀនឡើងវិញ។
យោងតាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានបញ្ផាក់ឱ្យដឹងតាមរយៈបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ថា “ប្អូនស្រីជីដូនមួយខ្ញុំ ដែលយកសពកូនក្នុងផ្ទៃអាយុ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្ក្រង ធ្វើការធ្វេសប្រហេស បណ្តាលឱ្យដាច់ពោះ វៀននោះ គាត់បានទទួលមរណៈភាព កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រយប់មិញ ១៦មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមក ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត…”។
ជុំវិញការបាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះខាងលើ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ថា ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្តគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្តថា “ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មាន សង្ឃឹមសោះ ទើបនៅកំឡុងម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏ បានផុតដង្ហើមតែម្តង សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ”។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបញ្ផាក់ថា “អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្តាប្រឈម និងកត្តាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុម គ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ ឥឡូវថ្ងៃនេះក៏បាន មកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេស វៀតណាម និងថៃ”។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបញ្ផាក់ន្ថែមថា ស្ត្រីរងគ្រោះខាងលើនេះ គាត់បានទទួលការយកចិត្តទុកដាក់ខ្ពស់ណាស់ពីថ្នាក់ដឹកនាំ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់ការងារ ព្យាបាល និងមើលថែ ជូនដល់មន្ទីរពេទ្យកាល់ម៉ែតយើង ដោយឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះជាចំណាយអស់ថវិកាច្រើនយ៉ាងណា ក៏ដោយ។
គួរបញ្ផាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ឡឹម តារា ក៏បានបញ្ជាក់ ពីស្ថានភាពរបស់ស្ត្រីរងគ្រោះខាងលើនេះ ពីវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ រហូតត្រូវដាក់បន្ទប់សង្គ្រោះបន្ទាន់ និងបានបង្ហាញពីកត្តា ប្រឈមដែលកើត មានកន្លងមក ដូចជា ៖
– ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ
– ដុំឈាមកកក្នុងសសៃឈាម
– មិនអាចហូបអាហារតាមមាត់បានទេ គឺត្រូវឱ្យអាហារ9វេជ្ជសាស្ត្របតាមសសៃឈាមទាំងស្រុង
អាចប្រឈមចំពោះមុខ គឺ ៖
– ការក្លាយរោគធ្ងន់ធ្ងរ និង សម្ពាធឈាមស្រុតចុះខ្លាំងអាចអោយគ្រោះថ្នាក់ឆាប់ៗ។
– ការរលាកស្រោមពោះខាងក្នុងដោយទឹកប្រម៉ាត់និងទឹកលំពែងដែលអាចអោយមានការហូរឈាម៘
– ករណីអវិជ្ជមាន អាចកើតមានលើអ្នកជំងឺគ្រប់ពេល។
ដោយឡែក លោកផេង វឿន ជាប្តីរបស់ស្ត្រីរងគ្រោះ សៀង ស្រីអូន ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ស្ថានភាពភរិយាលោក ពី១ថ្ងៃទៅ១ថ្ងៃ កាន់តែដុនដាបទៅហើយ កុំថាឡើយដើរបានដូចកាលនៅមន្ទីរពេទ្យប្រទេសថៃ និងពេល មកដល់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ សូម្បីតែងើបអង្គុយ ក៏មិនអាចបានផង គឺដេកនៅជាប់នឹងគ្រែពេទ្យរហូត ហើយត្រូវគ្រូពេទ្យរុញចូលបន្ទប់ សង្គ្រោះបន្ទាន់ អស់ជាច្រើនថ្ងៃហើយ ខណៈដែលនៅទុយោដែលតចេញពីខ្លួននាងនោះ មានហូរឈាមរហូត ដែលធ្វើឱ្យខ្វះឈាម ដើម្បីបង្កើន គ្រាប់ឈាមក្រហម ឡើងវិញ ។ ដូច្នេះហើយទើបពេលនេះ រឿងថវិកា មិនសូវចោទជាបញ្ហាប៉ុន្មានទេ ព្រោះនៅក្នុងមន្ទីរពេទ្យ អត់អស់ថ្លៃ ព្យាបាល អស់តែថ្លៃហូបចុកខ្លួនឯងបន្តិចបន្តួច និងបានសប្បុរសជនជួយខ្លះៗកន្លងមកដែរ ប៉ុន្តែអ្វីដែលសំខាន់ចាំបាច់បំផុត គឺត្រូវរកសប្បុរសជន បរិច្ចាគឈាម។
លោកផេង វឿន បាននិយាយថា “និយាយពីអារម្មណ៍របស់ខ្ញុំជាប្តី នៅពេលនេះ ពិបាកប្រាប់ណាស់ គ្រាន់តែចង់បញ្ជាក់ថា ដូចបានដឹង ហើយ ពីមុនមក គាត់ធ្លាប់តែល្អប្រសើរ និយាយលេងជាមួយយើងបានច្រើន យើងចេះតែសប្បាយ តែពេលឃើញគាត់ធ្លាក់ក្នុងស្ថានភាព ដុនដាប អ៊ីចឹង ក្តីសង្ឃឹមយើងដូចថាមានតិចណាស់ ហើយពេលដែលលោកគ្រូពេទ្យបញ្ជាក់ប្រាប់ថា ពួកគាត់ព្យាយាមអស់លទ្ធភាព ដោយពួកគាត់អត់អាច ជួយអីបានលើសហ្នឹងនោះ អារម្មណ៍ខ្ញុំក៏ធ្លាក់ចុះតាមហ្នឹងទៀត…”។
គួររំលឹកថា ស្ត្រីរងគ្រោះឈ្មោះសៀង ស្រីអូន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ នាងនិងប្តី ជួលផ្ទះរស់នៅ និងធ្វើការរោងចក្រ នៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុនជួបរឿងអកុសលបែបនេះ ស្ត្រីរងគ្រោះ បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ បន្ទាប់ មកក្រុមគ្រូពេទ្យរបស់គ្លីនិកនោះ បានធ្វើការព្យាបាល ដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ តែគ្រូពេទ្យឆ្មបបែរជាកាត់ច្រឡំទងសុក បណ្តាលឱ្យដាច់ពោះវៀនស្ត្រីរងគ្រោះទៅវិញ។ លុះមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្តងទៀត ដោយរោគ សញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺ ទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ និងឈានទៅព្យាបាលនៅក្រៅប្រទេសទៀតផង ប៉ុន្តែចុងក្រោយនៅតែមិនអាច ស្រោចស្រង់បាន។/