Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្កាយ៣ចេញសែកស្អុយ ២០ម៉ឺនដុល្លារ សមត្ថកិច្ច​បញ្ជូន​ឡើងតុលាការ

ផ្កាយ៣ចេញសែកស្អុយ ២០ម៉ឺនដុល្លារ សមត្ថកិច្ច​បញ្ជូន​ឡើងតុលាការ

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានបញ្ជួនខ្លួនបុរសម្នាក់ ជា​មន្ត្រីយោធាពាក់ផ្កាយ៣ ចូលនិវត្តន៍ ទៅតុលាការ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍​អាច​ជួញ​ដូរបាន» ចេញសែកស្អុយ លើទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២៣ នៅប្លុកបឹងកក់ ខណ្ឌទួលគោក ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីស្ថាប័នអយ្យការ ខណៈ​ដែលជនត្រូវចោទកំពុងធ្វើដំណើរតាមរថយន្តទំនើប ១គ្រឿង។

បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះវង្ស វន អាយុ៦៦ឆ្នាំ មានលំនៅ ផ្ទះលេខ០៨ ផ្លូវ Maple 1 បុរី​សាន់​វ៉េ ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ដើមចមនៃការឃាត់ខ្លួនបុរសខាងលើនេះ តាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបប្រាប់ថា មានក្រុម​ហ៊ុនប្តូរប្រាក់មួយ បានពឹងពាក់មេធាវីការពារក្តី តំណាងដោយអាណត្តិ ប្តឹងឈ្មោះវង្ស វន ទៅសមត្តកិច្ចនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ “សែកស្អុយ”។

តាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែមេសា ដល់ខែកក្កដា ឆ្នាំ២០២២ ឈ្មោះវង្ស វន បានផ្តិតមេដៃ​ជាបន្តបន្ទាប់ ចំនួន៣លើក ដើម្បីខ្ចីប្រាក់ពីក្រុមហ៊ុនមួយ ប្រមាណ២០ម៉ឺនដុល្លារ ដែលប្រាក់ដើមទាំងអស់នោះ នឹងត្រូវទូទាត់មកវិញ តាមរយៈមូលប្បទានបត្រ ៣សន្លឹក។ ប៉ុន្តែដល់ថ្ងៃកំណត់ ត្រូវបានក្រុមហ៊ុននោះ​យកសែក​ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយថា មូលប្បទានបត្រទាំង៣សន្លឹកនោះ គ្មានប្រាក់ ពោលគឺសែក​ស្អុយទាំងអស់។ ក្រោយពីដឹងថា មូលប្បទានបត្រចេញដោយបុរសនោះ គ្មានសាច់ប្រាក់ ភាគីដើមបណ្តឹង បាន​ទាក់​ទងទៅកូនបំណុល ដើម្បីជួបដោះស្រាយក្រៅប្រព័ន្ធតុលាការ តែលទ្ធផល ត្រូវបានភាគីចុងចោទគេចវេះ មិន​អាចរកការចរចាគ្នាបាន ទើបភាគីដើមបណ្តឹង សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឱ្យជួយ​ចាត់ការ​តាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES