ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានបញ្ជួនខ្លួនបុរសម្នាក់ ជាមន្ត្រីយោធាពាក់ផ្កាយ៣ ចូលនិវត្តន៍ ទៅតុលាការ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ចេញសែកស្អុយ លើទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅប្លុកបឹងកក់ ខណ្ឌទួលគោក ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីស្ថាប័នអយ្យការ ខណៈដែលជនត្រូវចោទកំពុងធ្វើដំណើរតាមរថយន្តទំនើប ១គ្រឿង។
បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះវង្ស វន អាយុ៦៦ឆ្នាំ មានលំនៅ ផ្ទះលេខ០៨ ផ្លូវ Maple 1 បុរីសាន់វ៉េ ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ដើមចមនៃការឃាត់ខ្លួនបុរសខាងលើនេះ តាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបប្រាប់ថា មានក្រុមហ៊ុនប្តូរប្រាក់មួយ បានពឹងពាក់មេធាវីការពារក្តី តំណាងដោយអាណត្តិ ប្តឹងឈ្មោះវង្ស វន ទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ “សែកស្អុយ”។
តាមពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីអំឡុងខែមេសា ដល់ខែកក្កដា ឆ្នាំ២០២២ ឈ្មោះវង្ស វន បានផ្តិតមេដៃជាបន្តបន្ទាប់ ចំនួន៣លើក ដើម្បីខ្ចីប្រាក់ពីក្រុមហ៊ុនមួយ ប្រមាណ២០ម៉ឺនដុល្លារ ដែលប្រាក់ដើមទាំងអស់នោះ នឹងត្រូវទូទាត់មកវិញ តាមរយៈមូលប្បទានបត្រ ៣សន្លឹក។ ប៉ុន្តែដល់ថ្ងៃកំណត់ ត្រូវបានក្រុមហ៊ុននោះយកសែកទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយថា មូលប្បទានបត្រទាំង៣សន្លឹកនោះ គ្មានប្រាក់ ពោលគឺសែកស្អុយទាំងអស់។ ក្រោយពីដឹងថា មូលប្បទានបត្រចេញដោយបុរសនោះ គ្មានសាច់ប្រាក់ ភាគីដើមបណ្តឹង បានទាក់ទងទៅកូនបំណុល ដើម្បីជួបដោះស្រាយក្រៅប្រព័ន្ធតុលាការ តែលទ្ធផល ត្រូវបានភាគីចុងចោទគេចវេះ មិនអាចរកការចរចាគ្នាបាន ទើបភាគីដើមបណ្តឹង សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឱ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង៕