ភ្នំពេញ ៖ អ្នកវិភាគនយោបាយ បានលើកឡើងថា អ្នកនយោបាយប្រឆាំង មានវិថី (ផ្លូវ) ៣ ដែលត្រូវដើរ គឺ១ – ស្លាប់ ២-ជាប់គុក និង ៣-រត់ចោលស្រុក ។ ក្នុងនោះវិថីនយោបាយដែលលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ជ្រើសរើស ល្អជាងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិក គណ បក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ព្រោះទោះបីជម្រើស «ជាប់គុក» នៅក្នុងស្រុក គ្មានសេរីភាព តែ ទទួល បានការអាណិតអាសូរពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានការគាំទ្រខ្លាំងពីសហគមន៍ជាតិនិងអន្តរជាតិ ។ រីឯជម្រើស «រត់ចោលស្រុក» របស់លោកសម រង្ស៊ី ទោះបីមានសេរីភាព មានឱកាសស្រែកពីខាងក្រៅប្រទេស តែមជ្ឈដ្ឋានមហាជន និងសហគមន៍អន្តរជាតិ ពុំសូវចាប់អារម្មណ៍គាំទ្រ ឬទទួលបានការកោតសរសើរ ដូចលោ កកឹម សុខា នោះទេ។
លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថា តាមពិតទៅ ពាក្យថា ស្លាប់ ជាប់គុក និងរត់ចោល សម្រាប់អ្នក នយោ បាយប្រឆាំង ឬអ្នកធ្វើការងារសង្គម គឺជាពាក្យដែលលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមបាន និយាយមុនគេបង្អស់ មុនពេលដែលលោកត្រូវបានឃាតករលួចបាញ់ប្រហារ កាលពីឆ្នាំ២០១៦ ហើយរហូតមក ដល់ពេលនេះ លោកសង្កេតឃើញថា វិថីឬផ្លូវទាំង៣ ពិតជាក្លាយជាជម្រើសសម្រាប់ឲ្យអ្នកនយោបាយប្រឆាំង ជ្រើសរើសមែន ។ ក្នុងនោះ លោកយល់ឃើញថា ជម្រើសរបស់លោកកឹម សុខា (ជាប់គុក) ឆ្លុះបញ្ចាំងឲ្យឃើញ អំពីអ្នកនយោបាយដែលស្ម័គ្រស្មោះជាមួយនឹងប្រជាពលរដ្ឋ ក៏ដូចជានៅក្នុងការលះបង់ដើម្បីផលប្រយោជន៍ របស់សង្គម ។ រីឯជម្រើសលោកសម រង្ស៊ី (រត់ចោលស្រុក) វាត្រឹមត្រូវដែរ ក៏ប៉ុន្តែមិនបានផ្ដល់នូវផលចំណេញ អ្វីច្រើនទៅដល់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរនោះទេ ព្រោះអ្វីដែលគាត់ធ្វើ គឺធ្វើដើម្បីតែបំពេញនូវ គោលដៅ បំណងរបស់គាត់ជាធំប៉ុណ្ណោះ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “យើងបានដឹងហើយថា ទាក់ទងនឹងការធ្វើនយោបាយ នៅក្នុង ប្រទេសកម្ពុជា គឺមានបញ្ហា៣ ដែលបណ្ឌិតកែម ឡី បានលើកហ្នឹង គឺជារឿងមួយដែលយើងឃើញថាកំពុង តែត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយនិងអាចនិយាយថា វាគឺជាភ័ស្តុតាងបង្ហាញថា អ្វីដែលលោកបណ្ឌិត កែម ឡី លើកឡើង គឺជារឿងមួយដែលត្រឹមត្រូវ ពីព្រោះយើងឃើញហើយថា ការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ហាក់បីដូចជាមានភាពលម្អៀងខ្លាំងទៅផ្នែកនយោបាយ ហើយអ្នកដែលធ្វើនយោបាយ ឬជាសកម្មជន ពាក់ព័ន្ធនឹងបរិស្ថាន សង្គម ឬក៏ធនធានធម្មជាតិអីហ្នឹង យើងឃើញថា ពួកគាត់តែងតែទទួលរង នូវការវាយ ប្រហារពីរដ្ឋអំណាច ឬក៏ពីប្រព័ន្ធផ្លូវច្បាប់នៅកម្ពុជា ហើយអ្នកដែលមានឱកាសនៅក្នុងការបញ្ចេញនូវយោបល់ ដើម្បីកែលម្អ ឬក៏ស្ថាបនានូវចំណុចខ្វះខាតក្នុងការអនុវត្តច្បាប់របស់មន្រ្តីហ្នឹង យើងឃើញថា តែងតែទទួលរង នូវព្រឹត្តិការណ៍៣ ទី១ គឺស្លាប់ ទី២ គឺរត់ចោលស្រុក ហើយនិងទី៣ គឺជាប់គុកហ្នឹងហើយ ។ ដូច្នេះចំពោះករណី លោកកឹម សុខា ដែលជាប់គុក គឺជារឿងមួយដែលយើងមើលឃើញថា វាឆ្លុះបញ្ចាំងឲ្យឃើញអំពី អ្នកនយោ បាយដែលស្ម័គ្រស្មោះជាមួយនឹងប្រជាពលរដ្ឋ ក៏ដូចជានៅក្នុងការលះបង់ដើម្បីផលប្រយោជន៍របស់សង្គម ដោយគាត់មិនធ្វើការចាកចេញ ឬក៏រត់ទៅក្រៅប្រទេស អាហ្នឹងទី១ ។ ហើយយើងមើលឃើញទៀតថា លោកកឹម សុខា បើគាត់ចង់ចេញទៅក្រៅប្រទេស ប្រហែលជាមិនពិបាកទេ ក៏ប៉ុន្តែឱកាសនៅក្នុងការចូលរួមធ្វើសកម្មភាព នយោបាយ ទៅថ្ងៃអនាគត ក៏ពិបាកដែរ ។ ដូច្នេះហើយ ខ្ញុំគិតថា វាជាជម្រើសមួយរបស់លោកកឹម សុខា ដែល ជ្រើសរើសជម្រើសមួយ ក្នុងចំណោមជម្រើសទាំង៣ ដែលបណ្ឌិតកែម ឡី បានលើក»។
លោកសេក សុជាតិ បន្តថា «រីឯលោកសម រង្ស៊ី ដោយសារគាត់ជាខ្មែរមានសញ្ជាតិបារាំង ដូច្នេះគាត់មានលំនៅ គាត់មានសិទ្ធិ ហើយគាត់មានទ្រព្យសម្បត្តិនៅប្រទេសបារាំងច្រើន ដូច្នេះគាត់ធ្វើការចាកចេញ ទៅនៅក្រៅប្រ ទេស តាមរយៈការនិរទេសខ្លួនចេញពីការរុករានផ្នែកនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំ ណា ចហ្នឹង គឺជារឿងមួយដែលយើងមើលឃើញថា វាត្រឹមត្រូវដែរ ក៏ប៉ុន្តែគ្រាន់តែថា ជម្រើសនេះ វាមិនបានផ្ដល់នូវ ផលចំណេញអ្វីច្រើនទៅដល់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរនោះទេ ព្រោះយើងឃើញថា អ្វី ដែលគាត់ ធ្វើ គឺធ្វើដើម្បីតែបំពេញនូវគោលដៅរបស់គាត់ជាធំ បំណងរបស់គាត់ជាធំ ហើយការដែលប្រើប្រាស់សារនយោ បាយដោយមិនត្រូវបានរដ្ឋាភិបាល ឬក៏មិនអាចធ្វើសកម្មភាពពេញលេញនៅក្នុងប្រទេសកម្ពុជា ហាក់បីដូចជា មិនបានផ្ដល់នូវអត្ថប្រយោជន៍ច្រើនទៅដល់ប្រជាពលរដ្ឋនិងសង្គមទេ ហើយវាគ្រាន់តែជារូបភាពមួយដែល គា្រន់តែបង្ហាញថា ពួកគាត់អាចនៅមានឱកាសច្រើននៅក្នុងការបញ្ចេញយោបល់ ក៏ប៉ុន្តែបើនិយាយពីលទ្ធផល ជាក់ស្ដែង លទ្ធផលដែលអាចធ្វើដើម្បីប្រយោជន៍របស់សង្គមនិងប្រទេសជាតិ ជាពិសេសការស្រោចស្រង់ស្ថាន ភាពនយោបាយនៅកម្ពុជា គឺមានឱកាសតិចតួចមែនទែន ហើយឱកាសនេះ វានឹងធ្វើឲ្យសកម្មជនឬក៏ អ្នកដែល ពាក់ព័ន្ធជាមួយនឹងគាត់ កាន់តែទទួលរងទុក្ខនៅពេលក្រោយជាបន្តបន្ទាប់ទៀត អានេះជាអ្វីដែលខ្ញុំមើលឃើញ“ ។
គួរបញ្ជាក់ថា ការលើកឡើងពីវិថីអ្នកនយោបាយប្រឆាំង របស់អ្នកវិភាគនយោបាយខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលមានការជជែកវែកញែកពីវីរភាពនយោបាយរបស់លោកកឹម សុខា និងលោកសម រង្ស៊ី អតីត មេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដោយខាងភាគីគាំទ្រលោកកឹម សុខា បានពីលើកឆន្ទៈមោះមុត ស្មោះនឹងជាតិ និងប្រជាជន សុខចិត្តនៅខាំស្មៅតស៊ូនៅក្នុងស្រុក មិនខ្លាចជាប់គុក មិនរត់ចោលស្រុក ជាវីរភាព មួយគួរឲ្យគោរព ហើយថាការលះបង់សេរីភាព សិទ្ធិជាមូលដ្ឋាន សិទ្ធិនយោបាយ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស របស់លោកកឹម សុខា ក៏ទទួលបានគោរពកោតក្រែងពីប្រជាពលរដ្ឋទូទាំងប្រទេសដែរ សមដូចពាក្យលោកកឹម សុខា ថាទោះបីកាលៈទេសៈរងគ្រោះដោយសម្ពាធនយោបាយបែបណា ក៏លោកមិនរត់ ចោលប្រទេសជាតិ និងជាប្រជាជនរបស់លោកទេ ឬដូចពាក្យលោកកឹមសុខា ផ្ញើជូនជនរួមជាតិថា “ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរ ត្រូវតែបានសុខ” ។
ចំណែកភាគីគាំទ្រលោកសម រង្ស៊ី បានលើកឡើងការពារលោកសម រង្ស៊ី ជ្រើសផ្លូវ «និរទេសខ្លួន ឬរត់ចោល ស្រុក» នោះ មិនមែនលោកខ្លាចស្លាប់ ឬជាប់គុកទេ តែថាការជ្រើសរើសផ្លូវស្លាប់ ឬជាប់គុក មិនបានផលអ្វីទេ គឺលោកជ្រើសយកសេរីភាព និងសិទ្ធិដើម្បីធ្វើការងារការទូត ឬស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ព្រោះ ការសំងំសូត្រធម៌អហិង្សា ឬជាប់គុក មិនអាចជួយអ្វីបានឡើយ ៕ កុលបុត្រ