ខេត្តរតនគិរី ៖ ក្រុមគ្រួសារមួយ បានកើតទុក្ខមិនសុខចិត្ត ពីរឿងកូនប្រសាប្រុស និងប្តី បានចុះចោលកូនស្រី និងប្រពន្ធ ដែលទើបនឹងរៀបការបាន ៤៥ថ្ងៃ និងថែមទាំងបានប្តឹងចោទប្រកាន់មកលើពួកគាត់ជាឪពុកម្តាយក្មេក ថាជាចោរលួចគោយន្តរបស់គេទៀតផង បន្ទាប់ពីពួកគាត់បានប្រឆាំងដាច់ខាត មិនឲ្យកូនប្រសានេះរកស៊ីជាមួយចោរ។
ក្រុមគ្រួសារលោកសុត វុធ និងប្រពន្ធឈ្មោះឃុត អ៊ិត ព្រមទាំងកូនស្រីឈ្មោះប៉ាក ស្រីនិច មានអាយុ១៧ឆ្នាំ សព្វថ្ងៃមានលំនៅ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស បានរៀបរាប់ប្រាប់ កាលពីនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា គ្រួសាររបស់លោក មានកូនស្រីច្បងម្នាក់ ឈ្មោះប៉ាក ស្រីនិច បានរៀបការរួច រយៈពេល៤០ថ្ងៃ ដោយប្តីឈ្មោះជា សុខណា ភេទប្រុស អាយុ២៥ឆ្នាំ បានរត់ចោលកូនស្រីរបស់លោក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ខណៈដែលពួកគេបានរៀបការ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ពោលគឺទើបនឹងរៀបការបាន ៤៥ថ្ងៃប៉ុណ្ណោះ។
លោកសុត វុធ បានបន្តថា ក្រោយពីរៀបការរួច បានរយៈពេល ១៤ថ្ងៃ កូនប្រសារបស់លោកឈ្មោះជា សុខណា បានទំនាក់ទំនងមិត្តភក្តិ បនភឿន នៅក្រុមហ៊ុនកៅស៊ូ ហុងអាញ់ អូរយ៉ាដាវ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី បានទាមទារប្រាក់ពីប្រពន្ធ ចំនួន៧០ម៉ឺនរៀល ដើម្បីទិញប្រេងម៉ាស៊ូតលួចលាក់ពីកម្មករក្នុងក្រុមហ៊ុនកៅស៊ូ ហុងអាញ់ ដែលលួចបូមពីឡានក្រុមហ៊ុន យកមកលក់បន្ត តែពេលនោះលោកមិនឯកភាពទេ រឿងមុខរបរខុសច្បាប់ រកស៊ីជាមួយចោរ (ទទួលផលចោរកម្ម) បែបនេះទេ។
ក្រោយពីកូនប្រសាលោក ឈ្មោះជា សុខណា មិនបានសម្រេចពីគោលបំណងខាងលើ រូបគេ តែងតែរករឿងប្រពន្ធ ស្ទើរតែរាល់ថ្ងៃ រហូតលុះដល់ថ្ងៃមួយ រូបគេបានប្រើអំពើហិង្សាលើប្រពន្ធឈ្មោះប៉ាក ស្រីនិច រឿងមិនឱ្យលុយគេ ចំនួន ៧០ម៉ឺនរៀល ទៅរកស៊ីខុសច្បាប់នោះ។
លើសពីនេះ ការរស់នៅជាមួយកូនស្រីរបស់លោក បានត្រឹមតែរយៈពេល ៤៥ថ្ងៃប៉ុណ្ណោះ ឈ្មោះជា សុខណា ជាកូនប្រសានេះ បានរៀបចំបង្វេចខោអាវរបស់គេ ចុះចេញពីផ្ទះ ចោលប្រពន្ធឈ្មោះប៉ាក ស្រីនិច ថែមទាំងបានដាក់ពាក្យប្តឹងប្រពន្ធរបស់ខ្លួន ឈ្មោះប៉ាក ស្រីនិច និងពួកលោកជាឪពុកម្តាយក្មេក ពីបទលួចទៀតផង។
លោក សុត វុធ បានបញ្ជាក់ឱ្យដឹងថា ការប្តឹងទាមទារយកគោយន្តច្នៃ ១គ្រឿង និងម៉ាស៊ីនវ៉ៃស្រូវ មានត្រឹមតែធុង គ្មានម៉ាស៊ីននោះ លោកក៏មិនជំទាស់ដែរ ប៉ុន្តែកាលរៀបការកូនប្រុស-ស្រីទាំងពីរនាក់នេះ លោកជាភាគីខាងស្រី បង្គាប់ថ្លៃបណ្ណាការ ៧០០០ដុល្លារ តែឪពុកនិងម្តាយខាងប្រុស ឱ្យលុយបណ្ណាការ នៅថ្ងៃរៀបការ បានត្រឹមតែ ៣០០០ដុល្លារប៉ុណ្ណោះ នៅខ្វះចំនួន៤០០០ដុល្លារទៀត រហូតដល់សព្វថ្ងៃនេះ។
បុរសជាឪពុកក្មេក បន្តថា ក្រោយកូនប្រសា រត់ចោលកូនស្រីលោកហើយ ឪពុកនិងម្តាយកូនប្រុស មិនដែលមកសម្របសម្រួលកូនឱ្យត្រូវរ៉ូវគ្នាវិញទេ មានតែថាកូនប្រុសពួកគេមិនខ្វល់ទេ សំខាន់គេប្តឹងទៅតុលាការខេត្តរតនគិរី ទាមទារយកគោយន្តច្នៃដែលឪពុកគេឲ្យ ក្រោយរៀបការនោះវិញ។ លោកបន្តថា កូនប្រសាររបស់លោក ឈ្មោះជា សុខណា បានដាក់ពាក្យបណ្តឹង ប្តឹងលោក តាំងពីរដ្ឋបាលឃុំញ៉ាង ស្រុកណ្តូងមាស និងអធិការរដ្ឋានស្រុកអណ្តូងមាស រហូតដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ពីបទលួចគោយន្តច្នៃរបស់គេ។ មិនតែប៉ុណ្ណោះ ក្រុមគ្រួសាររបស់កូនប្រសាលោក បានបរិហារកេរ្តិ៍ និយាយបង្កាច់កេរ្តិ៍លោកនិងក្រុមគ្រួសារខាងស្រី ដោយគ្មានការពិត។
ចំណែកអ្នកស្រី ឃុត អ៊ិត ជាម្តាយខាងស្រី បានបញ្ជាក់ថា ពាក់ព័ន្ធរឿងគោយន្តច្នៃ ១គ្រឿងនេះ លោកស្រីមិនចង់បានវាទេ ក្រោយពីកូនប្រសាប្រុសរបស់អ្នកស្រី បានដាក់ពាក្យប្តឹងមិនឈប់មិនឈរនោះ អ្នកស្រីបានដាក់ពាក្យបណ្តឹង តាំងពីឃុំញ៉ាង អធិការស្រុកអណ្តូងមាស និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីសុំឱ្យអាជ្ញាធនិងសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យសម្ភារៈ ដូចជាគោយន្តច្នៃ និងម៉ាស៊ីនវ៉ៃស្រូវ គ្មានម៉ាស៊ីនជាប់ធុង ដើម្បីរក្សាទុក រង់ចាំដោះស្រាយសំណងដែលកូនប្រសាបានចុះចោលកូនស្រីអ្នកស្រីសិន។ ម៉្យាងទៀត ឪពុកម្តាយខាងកូនប្រុស ក៏ត្រូវចូលខ្លួនមកដោះស្រាយលុយជំពាក់ ចំនួន ៤០០០ដុល្លារ ដែលមិនសង តាំងពីរៀបការកូនប្រុស-ស្រី ឈ្មោះជា សុខណា និងឈ្មោះប៉ាក ស្រីនិច ដើម្បីបញ្ចប់រឿងនេះ។
ជុំវិញរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីលោកជា សុខណា និងក្រុមគ្រួសារបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕