នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Catarina de Albuquerque នាយកប្រតិបត្តិគណៈកម្មការ ភាពជាដៃគូសកលនៃការសម្អាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា SWA។
ក្នុងជំនួបនេះដែរលោកស្រីCatarina បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ និងកោតសរសើរចំពោះការដឹកនាំការងាររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសនាពេលកន្លងមក ជាពិសេសក្នុងការពង្រឹងដំណើរការភាគីពាក់ព័ន្ធក៏ដូចជា កិច្ចសហការជាមួយក្រសួងផ្សេងទៀត។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Catarina
ចំពោះការរៀបចំជំនួបពិភាក្សាការងារនេះ និងបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង SWA និងក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យទឹក និងអនាម័យ៕