Sunday, November 24, 2024
Homeព័ត៌មានជាតិខឹងប្តីមានស្រី ប្រពន្ធអា....រកស.....ម្លាប់

ខឹងប្តីមានស្រី ប្រពន្ធអា….រកស…..ម្លាប់

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ ខឹងប្តីធ្វើបាបចិត្តកាយ លួចលាក់មានស្រី និងតែងរករឿងឈ្លោះប្រកែក វាយធ្វើបាបប្រពន្ធ គ្មានលស់ថ្ងៃ និងថែមទាំងលែងទំនុកបម្រុងចិញ្ចឹមគ្រួសារ លុយកាក់រកបាន យកទៅឱ្យស្រីសហាយអស់ ឈឺចាប់ពេកក៏បែកគំនិតអារកសម្លាប់ប្តី ពេលដេកលក់ រួចព្យាយាមរត់គេចខ្លួនបានជិត២០ថ្ងៃ ក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ ប្រពន្ធអារកសម្លាប់ប្តីនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចលើគ្រែខាងក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យដែលជាឃាតករបាន។

ស្ត្រីសង្ស័យជាឃាតករសម្លាប់ប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលាវ លុយ អាយុ៤៣ឆ្នាំ។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះយុន សារៀង ភេទប្រុស អាយុ៤៤ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ មានលំនៅ ភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិកើតហេតុខាងលើ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើង ដោយបុរសរងគ្រោះ ឈ្មោះយុន សារៀង ត្រូវបានប្រទះឃើញដេកស្លាប់នៅលើគ្រែក្រោមផ្ទះ ដោយត្រូវឃាតករអារកសម្លាប់ ហើយក្រោយពីបង្កហេតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញាជនសង្ស័យបាន ពោលគឺជនដៃដល់ ជាប្រពន្ធរបស់ជនរងគ្រោះតែម្តង។ ប៉ុន្តែយ៉ាងណា ស្ត្រីសង្ស័យជាប្រពន្ធ បានរត់គេចខ្លួនបាត់ទៅហើយ។ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធជនរងគ្រោះបាន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យជាប្រពន្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ប្តីខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែខឹងប្តីធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយខ្លួនមិនឈប់។

ស្ត្រីសង្ស័យ បានឆ្លើយសារភាពថា តាំងពីរៀបការនឹងគ្នាមក ខ្លួននិងប្តី មានកូនប្រុសស្រី ចំនួន២នាក់ ជាចំណងនិស្ស័យ ហើយបច្ចុប្បន្ន កូនៗរបស់គាត់ធំៗ និងបាននាំគ្នាទៅរកការងារធ្វើ នៅឯរាជធានីភ្នំពេញ អស់ហើយ នៅសល់តែពួកគាត់ពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។ ស្រាប់តែប្រហែលជា ៣ឆ្នាំចុងក្រោយនេះ ប្តីរបស់គាត់បានបែកគំនិតមានស្រីសហាយ ហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធ ស្ទើរគ្មានលស់ថ្ងៃនោះទេ ឯលុយកាក់ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឱ្យរូបគាត់ជាប្រពន្ធ យកមកចាយវាយ ឬក៏ទិញម្ហូបអាហារសោះឡើយ គឺប្តីរបស់គាត់ អង្គុយចាំចាប់តែកំហុសគាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឱ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធ ជួបតែរឿងក្តៅក្រហាយមិនឈប់។

ស្ត្រីសង្ស័យ បានសារភាពបន្តទៀតថា រូបគាត់ជាប្រពន្ធ ដេកឱបទុក្ខរងតែទឹកភ្នែក ទាំងថ្ងៃទាំងយប់ រួមជាមួយនឹងការជេរប្រមាថ មើលងាយ និងវាយដំគ្មានត្រាប្រណីពីប្តី ទើបធ្វើឱ្យគាត់ដាច់ចិត្តសម្លាប់ប្តីនេះចោលតែម្តង ដោយនៅយប់ថ្ងៃកើតហេតុ គាត់ឃើញឱកាសល្អ ខណៈប្តីរបស់គាត់ទើបនឹងត្រឡប់មកពីរកស្រីវិញ ហើយដេកនៅលើគ្រែក្រោមផ្ទះ គាត់ក៏យកកាំបិតចែត មកអារផ្តាច់បំពង់កប្តីរបស់គាត់ ធ្វើឱ្យប្តីគាត់ប្រកាច់ បាញ់ឈាម ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេចតែម្តង ហើយរូបគាត់បានព្យាយាមរត់គេចខ្លួនបានជិត២០ថ្ងៃ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។

ស្ត្រីសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធគារ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕

RELATED ARTICLES