ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកលុះក្រោយមក ដោយឃើញកូនប្រសាដេកក្នុងអង្រឹងយូរពេក មិនព្រមក្រោកសោះ ទើបស្ត្រីជាម្តាយក្មេក បានដើរទៅដាស់ តែមិនក្រោក ក៏យកដៃប៉ះ ស្រាប់តែប្រទះឃើញកូនប្រសាប្រុសស្លាប់រឹងស្តូកទៅហើយ។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល។
សពបុរសរងគ្រោះ មានឈ្មោះផៃ ជៀស ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ស្ត្រីឈ្មោះឃ្វៀ អោញ អាយុ៦៦ឆ្នាំ ត្រូវជាម្តាយក្មេកជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក កូនប្រសារបស់គាត់ (ជនរងគ្រោះ) ពុំដែលទៅធ្វើការអ្វីនោះទេ គឺតែងផឹកស្រាជាប្រចាំ និងសូវហូបបាយហូបទឹកទេ ហើយរាល់ពេលផឹកស្រវឹង តែងដេកក្នុងអង្រឹង នៅខ្ទមក្បែរផ្ទះ។ លុះដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កូនប្រសានេះ បានប្រាប់ថា គេគ្រុន ហើយក្អកមិនឈប់ ពេលនោះ គាត់ជាម្តាយក្មេក បានទៅទិញថ្នាំឱ្យលេប តែមិនបាត់សោះ។ លុះដល់វេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយពុំឃើញកូនប្រសាក្រោកពីអង្រឹង គាត់ក៏ដើរទៅមើល និងស្រែកដាស់ មិនកម្រើក ក៏យកដៃប៉ះ ស្រាប់តែឃើញកូនប្រសាស្លាប់ក្នុងអង្រឹង រឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌស្រុកបន្ទាយអម្ពិល បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកបានដឹកកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ពស់ លោកមេភូមិ គ្រូពេទ្យធ្វើការពិនិត្យសពជនរងគ្រោះឈ្មោះផៃ ជៀស នៅចំណុចកើតហេតុខាងលើ។
តាមការពិនិត្យសព ឃើញថាសពស្លៀកខោខ្លីពណ៌ត្រីអ៊ី គ្មានអាវ ដេកលើអង្រឹង និងគ្មានស្លាកស្នាមនៅលើដងខ្លួន។
បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕