ភ្នំពេញ ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ រាប់ឆ្នាំមកហើយ លុះខ្លាចក្រុមគ្រួសារ លំបាករកលុយកាក់ព្យាបាលជំងឺ ទើបសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួន ចំសៀតផ្កា ១គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ 53BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
បុរសដែលបាញ់សម្លាប់ខ្លួនឯងនេះ មានឈ្មោះស៊ុម រី អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ឋានន្តរស័ក្តិ វរសេនីយ៍ត្រី (ស័ក្តិ៤) តួនាទីជានាយផ្នែកស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពួកគាត់បានសម្រាកនៅខាងលើផ្ទះ ចំណែកបុរសរងគ្រោះ បានសម្រាកនៅលើគ្រែខាងក្រោមផ្ទះ តែម្នាក់ឯងដូចសព្វដង។ លុះដល់ម៉ោងកើតហេតុខាងលើ នៅវេលា ម៉ោងប្រមាណ ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ពួកគាត់បានឮស្នូរកាំភ្លើងផ្ទុះ ១គ្រាប់ ភ្លាមៗនោះពួកគាត់បានភ្ញាក់ពីដេក រួចចុះពីលើផ្ទះ មកមើលខាងក្រោម ស្រាប់តែឃើញជនរងគ្រោះបានបាញ់ខ្លួនឯងចំសៀតផ្កា ចំនួន១គ្រាប់ ស្លាប់នៅលើគ្រែ ក្រោមដើមស្វាយ។ បន្ទាប់មកពួកគាត់ជាបងប្អូនសាច់ញាតិ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី១ ចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗ។
ប្រភពដដែល បន្តថា តាមពិតកន្លងមក ជនរងគ្រោះបានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺថ្លើម ក្រពះ និងពោះវៀន និងឈឺរាប់ឆ្នាំមកហើយ ព្យាបាលមិនជានោះទេ ហើយទំនងជាជនរងគ្រោះមិនចង់ឱ្យក្រុម គ្រួសារពិបាករកប្រាក់ព្យាបាលជំងឺគាត់ ទើប សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងដូច្នេះតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ បានសហការជាមួយមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យទីតាំងកើតហេតុ និងសព។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជា។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕