Friday, March 21, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី កំណត់លក្ខខណ្ឌសម្រាប់កិច្ចចរចា​សន្តិភាព​ជាមួយអ៊ុយក្រែន និងចាប់ខ្លួនអ្នកកាសែតអាមេរិក

រុស្ស៊ី កំណត់លក្ខខណ្ឌសម្រាប់កិច្ចចរចា​សន្តិភាព​ជាមួយអ៊ុយក្រែន និងចាប់ខ្លួនអ្នកកាសែតអាមេរិក

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានដាក់លក្ខខណ្ឌឲ្យប្រទេសអ៊ុយក្រែនត្រូវតែអព្យាក្រឹតនិងមិនចូលរួមជាមួយណាតូនិងសហភាពអឺរ៉ុបដើម្បីចាប់ផ្តើមការចរចាសន្តិភាពបញ្ចប់សង្រ្គាម។

នៅក្នុងបទសម្ភាសន៍របស់លោកMikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសជាមួយបណ្តាញព័ត៌មានរុស្ស៊ី RTVI បាន​ឲ្យដឹងថាយើងត្រូវការស្ថានភាពអព្យាក្រឹត និងមិនមែនប្លុករបស់អ៊ុយក្រែន ការបដិសេធរបស់អ៊ុយក្រែន​រួមជា​មួយ​​ណាតូ និងសហភាពអឺរ៉ុប និងការបញ្ជាក់ពីស្ថានភាពគ្មាននុយក្លេអ៊ែររបស់អ៊ុយក្រែន ព្រមទាំងការទទួល​ស្គាល់​ដោយ​ទីក្រុងគៀវ និងសហគមន៍អន្តរជាតិអំពីការពិតនៃដែនដីថ្មីទាំង៤តំបន់​ដែលរុស្ស៊ីទើបលេប​ត្របាក់​បាន។

លោក Galuzin បាននិយាយថា ទីក្រុងម៉ូស្គូជឿជាក់ថា សន្តិភាពពេញលេញ យុត្តិធម៌ និងនិរន្តរភាពនៅអ៊ុយក្រែន និងអឺរ៉ុបអាចធ្វើទៅបាននៅពេលដែលការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ចប់បន្ថែមពីលើការឈប់ផ្គត់ផ្គង់អាវុធដោយបណ្តាប្រទេសលោកខាងលិច។

លោកបានបន្តថាអ៊ុយក្រែនបានបដិសេធមិនពិចារណាលើដំណោះស្រាយការទូតចំពោះសង្រ្គាម ហើយមិនមាន ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងជំហររបស់ ទីក្រុងគៀវខណៈដែលប្រទេសនេះ បន្តពឹងផ្អែកលើដំណោះស្រាយ​យោ​ធាចំពោះជម្លោះ។

 រុស្ស៊ី ចាប់ខ្លួនអ្នកកាសែតអាមេរិក

សេវាសន្តិសុខFSBរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមីនាថាអ្នកកាសែត​អាមេរិកម្នាក់ដែលធ្វើ​ការ​ឱ្យកាសែត Wall Street Journalត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីពីបទចោទ​ប្រកាន់ចារកម្មសម្រាប់ទី​ក្រុងវ៉ាស៊ីនតោន។ មុនពេលចូលរួមជាមួយកាសែត Wall Street Journal Gershkovich គាត់បានធ្វើការឱ្យ AFP នៅទីក្រុងម៉ូស្គូ។

សេវាសន្តិសុខ FSB បាននិយាយថា ពួកគេបាន បញ្ឈប់សកម្មភាពខុសច្បាប់របស់ពលរដ្ឋអាមេរិក​ដែលមាន​ឈ្មោះ​​ថា Evan Gershkovich អ្នកយកព័ត៌មាន Wall Street Journalពីបទសង្ស័យថាបានធ្វើចារកម្មក្នុងផល​ប្រ​យោជន៍របស់រដ្ឋាភិបាលអាមេរិក៕

RELATED ARTICLES