Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ៤០៥ថ្ងៃរកច្រកចេញមិនឃើញ​ខណៈ EU ថាចិន មានកាត​ព្វ​កិច្ច​ស្វែងរកសន្តិភាព​នៅ​អ៊ុយក្រែន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ៤០៥ថ្ងៃរកច្រកចេញមិនឃើញ​ខណៈ EU ថាចិន មានកាត​ព្វ​កិច្ច​ស្វែងរកសន្តិភាព​នៅ​អ៊ុយក្រែន

គិតមកត្រឹមថ្ងៃអង្គារទី៤ខែមេសាឆ្នាំ ២០២៣ ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី​៤០៥ហើយក៏ប៉ុន្តែនៅតែរករូបមន្តបញ្ចប់សង្គ្រាមមិនបានខណៈការប្រយុទ្ធគ្នាជាប់គាំងនៅទីក្រុងBakhmut ហើយ​អ៊ុយក្រែននៅតែប្រយុទ្ធយ៉ាងស្វិតស្វាញការពារទីក្រុងនេះបើទោះជាទាហានស៊ីឈ្នួលរុស្ស៊ីអះអាងថាខ្លួនបានកាន់កាប់ទីក្រុងនេះក៏ដោយ។

លោក Serhiy Cherevatiy អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានយោធាភាគខាងកើត បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័តាមទូរស័ព្ទថាBakhmut នៅតែជារបស់ប្រជាជនអ៊ុយក្រែន ហើយពួកគេមិនបានចាប់យកអ្វីទាំងអស់។

កាលពីព្រឹកថ្ងៃចន្ទ ក្រុម Wagner ដែលបានដឹកនាំការវាយលុកសម្រាប់ Bakhmut បានអះអាងថាខ្លួនបានចាប់​យកសាលាក្រុង។ ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ថា ខ្លួនគ្រប់គ្រងទីក្រុងទាំងស្រុងនោះទេ។

ការប្រយុទ្ធដើម្បីទីក្រុងឧស្សាហកម្ម Bakhmut បានក្លាយជាសមរភូមិដ៏វែងបំផុតនិងបង្ហូរឈាម​បំផុតនៃការវាយ​លុក​រយៈពេលមួយឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន។ ភាគច្រើននៃប្រជាជនមុនសង្គ្រាមរបស់ Bakhmut ប្រហែល​៧០០០០នាក់​បាន​ភៀសខ្លួនចេញពីទីក្រុងក្នុងឆ្នាំ២០២២។

លោក Josep Borrell ៖ប្រទេសចិន មានកាតព្វកិច្ចសីលធម៌ដល់សន្តិភាពនៅអ៊ុយក្រែន

ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថាប្រទេសចិនមានកាត​ព្វកិច្ចសីលធម៌ក្នុងការរួមចំណែកដល់ការបង្កើតសន្តិភាពនៅអ៊ុយក្រែនហើយមិនត្រូវគាំទ្រអ្នកឈ្លានពាននៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។

លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅទីក្រុងព្រុច​សែលថា ប្រទេសចិនមានកាតព្វកិច្ចសីលធម៌ក្នុងការរួមចំណែកដល់​សន្តិភាពដោយយុត្តិធម៌​ហើយពួកគេ​មិន​អាចឈរនៅខាងអ្នកឈ្លានពានបានទេ។

អ៊ុយក្រែន កម្ទេចយន្តហោះគ្មានមនុស្សបើករុស្ស៊ី១៤ គ្រឿង

យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងការពាររបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ១៤គ្រឿងក្នុងចំណោម ១៧គ្រឿងដែលរុស្ស៊ីបានវាយប្រហារពេញមួយយប់។

មេបញ្ជាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើតេឡេក្រាម ថា សរុបមកយន្តហោះគ្មាន​មនុស្ស​បើក UAV ១៧គ្រឿងត្រូវបានកត់ត្រាទុកដោយសន្មតថាហោះចេញពីតំបន់ឆ្នេរភាគខាងកើតនៃសមុទ្រ Azov។

បញ្ជាការយោធាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ១៣​គ្រឿង​​ត្រូវបានបំផ្លាញនៅលើតំបន់ Odesa ប៉ុន្តែយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារ​សហ​គ្រាសមួយបណ្តាលឱ្យមានអគ្គីភ័យនិងត្រូវបានពន្លត់នៅព្រឹក។យោងទៅតាមព័ត៌មានបឋមមិនមានការ​បាត់​បង់ជីវិតមនុស្សទេ។

រដ្ឋមន្ត្រីការពារជាតិរុស្សី៖វត្តមានហ្វាំងឡង់ ចូលណាតូនឹងពង្រីកជម្លោះ

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu និយាយថា ការចូលរបស់ប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធមិត្ត​យោធាណាតូ និងសកម្មភាពរបស់ខ្លួន ដើម្បីត្រៀមប្រយុទ្ធ វានឹងបង្កើនហានិភ័យនៃជម្លោះកាន់តែធំឡើង។ លោក Shoigu ក៏បានគំរាមផងដែរថាយន្តហោះចម្បាំងយោធាបេឡារុស​មួយចំនួនឥឡូវនេះអាច​ផ្ទុក​ក្បាល​គ្រាប់នុយក្លេអ៊ែរបាន ហើយប្រព័ន្ធរ៉ុក្កែត Iskander ត្រូវបានផ្ទេរទៅប្រទេសបេឡារុស ដែលអាចប្រើសម្រាប់​ផ្ទុកមីស៊ីលធម្មតា ឬនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថាការចូលជាសមាជិករបស់ហ្វាំងឡង់​នៅថ្ងៃអង្គារនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហើយស៊ុយអែតនឹងចូលរួមជាមួយពួកគេក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES