ភ្នំពេញ ៖ យុវជនចំនួន ២ក្រុម បានកើតមានជម្លោះនឹងគ្នាតាមឆាតហ្វេសប៊ុក រួចក៏ណាត់ជួប ដើម្បីកាប់គ្នាលុះ ភាគីម្ខាងមានគ្នា៣នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដាវ បានមករង់ចាំគូទំនាស់របស់ខ្លួននៅកន្លែងណាត់ ស្រាប់តែគូជម្លោះមិនទាន់មកដល់ផង ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ មានការសង្ស័យ ឃាត់សកសួរ ឆែកឃើញ កាំបិតប៉័ងតោ និងដាវ ក៏ឃាត់ខ្លួនទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្សារព្រៃទារ ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមយុវជនទាំង៣នាក់នោះ បានកើត មានជម្លោះជាមួយយុវជន ១ក្រុមទៀត តាមរយៈឆាតហ្វេសប៊ុក ហើយក៏ណាត់ជួប ដើម្បីកាប់គ្នា ដោយឈររង់ ចាំនៅន្លែងកើតហេតុខាងលើ។ ស្របពេលនោះ មិនទាន់បានជួបគូទំនាស់ផង ក៏ជួបនឹងកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលចោមចៅទី៣ ដែលកំពុងជិះម៉ូតូល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយមានការសង្ស័យ ក៏ឃាត់ខ្លួន យុវជនទាំង៣នាក់ ដើម្បីសាកសួរ និងឆែកឆេរ ស្រាប់តែរកឃើញមានកាំបិតប៉័ងតោ ចំនួន២ដើម ដាវមួយដើម និងខ្សែក្រវាត់មួយខ្សែទៀតផង។

ក្រោយពីឃាត់ខ្លួន និងឆែកឆេររួចរាល់ហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានប្រគល់ក្រុមយុវជន ទាំង៣នាក់ រួមទាំងវត្ថុតាង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសកសួរ និងចាត់ការតាមនីតិវិធី៕


