កំពង់ស្ពឺ ៖ យុវជនទំនើងម្នាក់ បានរំអុកសុំម្តាយទិញម៉ូតូថ្មី ១គ្រឿង ជិះមុនចូលឆ្នាំ គ្រាន់បានដឹកស្រីដើរលេង លុះ ម្តាយប្រាប់ថាមិនទាន់មានលុយទេ បែរជាផ្ទុះកំហឹង ដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះខ្ទេចអស់ទាំងស្រុងទីបំ ផុត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម្តាយឆេះហ្មត់នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី។
ផ្ទះដែលទទួលរងការឆាបឆេះ ជាកម្មសិទ្ធិរបស់ស្ត្រីជាម្តាយឈ្មោះឆឹង លីន អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីថ្មបេតុងក្រោម ខាងលើឈើ និងប្រក់ដំបូលក្បឿង។ រីឯកូនប្រុសចិត្តដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខឿន សុភីន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ជនសង្ស័យឈ្មោះខឿន សុភីន បានរំអុកសុំម្តាយ ទិញម៉ូតូ ១គ្រឿង គ្រាន់ជិះដឹកស្រី ដើរលេងចូលឆ្នាំថ្មី ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែដោយសារស្ត្រីជាម្តាយមិនមានប្រាក់ ទើបប្រាប់កូនប្រុសថា អត់មានលុយទេ ចាំបន្តិចសិនទៅ បែរជាកូន ប្រុសចិត្តកំណាច និយាយស្តាប់គ្នាមិនបាន ខឹងច្រឡោតរហូតដល់បែកគំនិតធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះខូចខាតអស់ទាំងស្រុងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាកូនដែលបានដុតផ្ទះឪពុកម្តាយនោះ យកទៅសាកសួរ និងរៀបចំកសាងសុំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់។

ដោយឡែក នៅក្នុងកិច្ចអន្តរាគមន៍ចំពោះហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់ទឹក អស់ចំនួន ២ឡាន និងប្រើប្រាស់កម្លាំងចំនួន ១៦នាក់។ចំពោះទំហំនៃការខូចខាត រួមមាន ឆេះខូចខាតផ្ទះ ១ខ្នងទាំងស្រុង ស្រូវ អង្ករ សម្លៀកបំពាក់ រួមនិងសម្ភារៈមួយចំនួនទៀត៕



