ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជាផ្លូវការ បន្ទាប់ពីព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់រូបលោក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និងក្រោយពេលដែល លោកបណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងសង្គម បានផ្ទុះសង្គ្រាមសម្តី បាញ់ផ្លោងដាក់គ្នា ជាមួយអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា រឿងមិនឃើញលោកហ៊ុន ម៉ាណែត ពាក់ផ្កាយ៤ តាមព្រះរាជក្រឹត្យ..។
ពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងមានការចូលរួមពីនាយទាហាន និងពលទាហានជាច្រើនរូប ។
នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ថា “ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហាន រាប់ពាន់នាក់ នៅក្នុងកងទ័ព ថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង“ ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឫទ័យ ប្រោស ព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ។ ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើ ជាតិនិងប្រជាជន“ ។
គួរបញ្ជាក់ដែរថា ពិធីបំពាក់ឋានន្តរស័ក្ដិនាយឧត្ដមសេនីយ៍ (ផ្កាយ៤) ជូនលោកហ៊ុន ម៉ាណែត នៅពេលនេះ បានធ្វើឡើងក្រោយពេលដែលអ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី បានផ្ញើសារសួរតាមបណ្ដាញសង្គម ហ្វេសប៊ុក ថា ហេតុអ្វីមិនពាក់ផ្កាយ៤ តាមព្រះរាជក្រឹត្យ ព្រោះព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ អស់រយៈពេល ១ខែមកហើយ គឺតាំងពីខែមីនា តែចូល មកដល់ខែមេសា ដល់ថ្ងៃទី១៩ ទៅហើយ នៅតែឃើញលោកហ៊ុន ម៉ាណែត ពាក់ផ្កាយ៣ (ឧត្ដមសេនីយ៍ឯក) ដដែល ។
លោកសេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ ថា “គោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត!
សុំសួរឯកឧត្តមបងបន្តិច ក្រោយចូលឆ្នាំ ៖
– តើថ្ងៃណាបានពាក់ផ្កាយថែម ១ទៀត ឱ្យគ្រប់៤ តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ មីនា ២០២៣? ពាក់ថែមមួយទៀត វាធ្ងន់ពេក ឬជាងធ្វើមិនទាន់ហើយ ឬភ្លេចពាក់ ឬរវល់ពេក ឬមិនចង់បាន ឬមិនខ្វល់ ឬដាក់ខ្លួន ឬមានមូលហេតុអ្វីផ្សេង?
– តើអាចមានទោសខាងវិន័យកងទ័ពទេ បើមិនព្រមធ្វើអនុវត្តន៍តាមព្រះរាជក្រឹត្យបែបនេះ សូមមេមេខាងកង ទ័ពជួយពន្យល់ផង?
មកដល់ពេលនេះ ១ខែហើយ ឯកឧត្តមបង បានពាក់ផ្កាយ ខ្វះមួយរហូត ក្នុងពេលចូលរួមក្នុងកម្មវិធី កងទ័ព ផ្សេងៗ! បើនៅស្រឡាញ់ត្រឹមផ្កាយ៣ ហ្នឹងណាស់ អាមួយទៀត ប្រឡេះបេះបោះទៅក្រោយទៅ មេមេដែល អង្គុយនៅខាងក្រោយ ដឹងតែដណ្តើមគ្នារើសយកមកពាក់ហើយ មិនឱ្យធ្លាក់ដល់ដីទាន់ទេ!“ ។
ក្រោយបានឃើញសំណេររបស់លោកបណ្ឌិត សេង សារី ខាងលើនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន ក្រុមហ៊ុនឡេង ណាវ៉ាត្រា គ្រុប និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មជំនួសលោកហ៊ុន ម៉ា ណែត ដោយចាត់ទុកសំណេរខាងលើនេះ ជាការទើសគ្មានមូលដ្ឋាន ឬជាការសួរមិនសមជាបណ្ឌិត មានចំ ណេះដឹងទូលំទូលាយ ដោយអ្នកឧកញ៉ាវ័យក្មេងរូបនេះ បានហៅលោកបណ្ឌិត សេង សារី ថាជាទាសករ នយោបាយរបស់អតីតមេបក្សប្រឆាំង (សម រង្ស៊ី) ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សរសេរ ឈ្មោះសុទ្ធតែបណ្ឌិត តែផុសអាឡេអាឡឺដូចឡានលាបឡេ មុននឹងសរសេរ ត្រូវមានមូលដ្ឋានឲ្យច្បាស់ នេះគេ ហៅថាទើសគ្មានមូលដ្ឋាន។ បើថាបណ្ឌិត ត្រឹមតែឈ្មោះទេ កុំធ្វើឯងអស្ចារ្យខ្លាំងពេក។ បណ្ឌិតលោក ចេញពី ច្រកណា ម៉េចបាននិយាយចេញមកដូចមិនដឹងខ្យល់អីអ៊ីចឹង? កុំប្រាប់ណាថា បណ្ឌិតតែឈ្មោះ រស់ពឹងរបបបាយ បរទេស។ នាមជាបណ្ឌិត គំនិតមិនស្មើក្មេងមត្តេយ្យបែបនេះ ត្រឡប់ទៅអានសៀវភៅវិញទៅ ក្រែងខួរក្បាលមាន ការអភិវឌ្ឍខ្លះ និងអាចឈ្វេងឈល់បានច្រើនជាងនេះ កុំឱ្យចេញមកភ្លាវពេក។ ក្នុងវិស័យទ័ព បើគ្មានពិធីបំពាក់ ស័ក្តិទេ គឺគ្មានសិទ្ធិក្នុងការពាក់នោះទេ តែការអនុវត្ត ហៅតាមស័ក្តិដែលព្រះរាជទានដោយព្រះមហាក្សត្រ គឺ អនុវត្តចាប់ពីថ្ងៃទទួលព្រះរាជក្រឹត្យ។ បើថាខ្លួនទិញសញ្ញាបត្រគេហើយ នៅល្ងើបែបនេះ កុំមកទើសគេទាំង ទទិសអី ចេះខ្មាសគេខ្លះផង នាមសុទ្ធតែជាបណ្ឌិតផង ដល់ពេលអ៊ីចឹងពេកទៅ ខ្ញុំពិត ជាអស់សំណើចខ្លាំង ណាស់។ ទាសករនយោបាយដូចលោកនេះ សុខចិត្តធ្វើពើ ល្ងីល្ងើ ឱ្យតែរស់មួយថ្ងៃៗមែន។ តាំងឈ្មោះសុទ្ធតែ បណ្ឌិត ចង់ក្អួត ឲ្យសូន្យ“ ។
ទោះបីជាយ៉ាងណា ក្រោយឃើញប្រតិកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខាងលើនេះ លោកបណ្ឌិត សេង សារី ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានឆ្លើយតប ដោយហៅអ្នកឧកញ៉ារូបនេះថា «ឧកញ៉ាជន្លេនត្រោក» និងបានសួរបកទៅវិញថា តើមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសក្រសួង ឬបទបញ្ជាផ្ទៃក្នុងណា ចែងថា ទាល់តែក្រោយពិធីបំពាក់ស័ក្តិហើយ ទើបអាចពាក់ផ្កាយបាន?
លោកបណ្ឌិត សេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ថា “បានឃើញកូនចាបកូនព្រាប របស់ឯកឧត្តមបង ចេញមកតាំងខ្លួនជាគ្រូបាអាចារ្យ ពិធីការទ័ព ប្រដៅគេឯងដោយពាក្យអសុរោះ ប្រមាថ និងមាក់ងាយ មើលទៅដូចទំនងចេះមាំណាស់ ដែលក្នុងនោះ រួមមានលោកប្អូនឧកញ៉ាជន្លេនត្រោក និងបងពាលចុងភូមិផង បានអះអាងយ៉ាងខែងរ៉ែង និងអឿកាតឿថា ៖ ទាល់តែមានពិធីបំពាក់ស័ក្តិហើយ បានអាចពាក់ផ្កាយ៤ បាន ទោះបីមានព្រះរាជក្រឹត្យតែងតាំងហើយក៏ដោយ។ ថ្ងៃនេះកូនចៅ សូមតាំងខ្លួនជាកូនសិស្ស សួរទៅគ្រូបាអាចារ្យ ពិធីការទ័ព និងព្រឹទ្ធាចារ្យទ័ពទាំងឡាយថា ៖ តើមានច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ ប្រកាសក្រសួង ឬបទបញ្ជាផ្ទៃក្នុងណាចែងថា ទាល់តែក្រោយពិធីបំ ពាក់ស័ក្តិហើយ ទើបអាចពាក់ផ្កាយបានទេ? ឬក៏ធ្វើទៅតាមទម្លាប់តៗគ្នាមក? តិចឆ្លើយថាយោង តាមច្បាប់ព្រះ មាតាអីទៅ?“ ។
ជុំវិញប្រតិកម្ម ឬសង្គ្រាមសម្តី បាញ់ផ្លោងដាក់គ្នា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ បន្ថែមពី លោកបណ្ឌិត សេង សារី និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទេ កាលពីម្សិលមិញ ។
យ៉ាងណា ក្រោយពីទទួលបានការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) ជាផ្លូវការរួចមក លោកហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែត បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោក នូវរូបភាពកូនប្រុសពៅ ជូនកន្ត្រកផ្កា អបអរសាទរ ជាមួយសំណេរថា «ថ្ងៃនេះមានកូនទាហានពិសេសម្នាក់ រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងឲ្យម៉ាក់និងបងស្រីទាំងពីររបស់គាត់ផងដែរ)។
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតា លោកយាយ លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ នាថ្ងៃនេះ។
ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬដំឡើង ឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការដំឡើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្ត ទើស តាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំ ត្រូវចំណាយ ទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។
ជាក់ស្តែង ពេលនេះ ខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តា អង្គភាពកង ទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការត្រៀមលក្ខណៈ ការពារបូរណ ភាពទឹកដីរបស់យើង។ កិច្ចការងារនេះ វាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតប នឹងការឆ្ងល់ ឬទើសរបស់អស់លោក។ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង»។
ចំណែកលោកបណ្ឌិត សេង សារី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា «ទីបំផុត! សូមចូលរួមអបអរសាទរឯកឧត្តមបង! រូបសម្បត្តិក៏បាន រាងក៏សង្ហា រៀនក៏អស់ថ្នាក់ ជាកូននាយករដ្ឋមន្ត្រីទៀត!
ឆ្នាំនេះក្លាយជានាយឧត្តមសេនីយ៍ ផ្កាយមាស៤ ឆ្នាំក្រោយឡើងជានាយករដ្ឋមន្រ្តី ពិតជាយីអ៊ុនឡើងធ្លុះមេឃ ជ្រែកដីមែន សូម្បីទេវតាឃើញហើយក៏ញ័រក្បិនដែរ។
តែកូនចៅនៅមានសំណួរមួយដដែលថា ៖ តើមានឯកសារជាគោលការណ៍គតិយុត្តណាខ្លះទេ ដែលបញ្ជាក់ថា ទាល់តែមានពិធីបំពាក់ បានអាចពាក់ស័ក្តិបាន ទោះមានព្រះរាជក្រឹត្យតែងតាំងហើយក៏ដោយ?
– បើមាន សូមជួយចែករំលែកដើម្បីអាចកូនចៅ មហាជន អ្នកប្រាជ្ញចុងភូមិ អ្នកប្រាជ្ញដើមភូមិ និងអ្នកប្រាជ្ញពុះភូមិ បានសិក្សាស្វែងយល់បន្ថែមផង!
– បើគ្មានវិញ អំណាចមានពេញដៃស្រេចហើយ បង្កើតឯកសារទាំងនោះ ដើម្បីទុកជាគោលការណ៍សម្រាប់កង ទ័ពជំនាន់ក្រោយ អនុវត្តបន្តទៀត ជាការប្រសើរដែរ!
– បើជារឿងសម្ងាត់របស់កងទ័ព ក៏មិនអីដែរ!»៕ កុលបុត្រ