Monday, November 10, 2025
Homeចរាចរណ៍ឡានដឹកមាន់ បុកបង្គោលភ្លើងបាក់១ដើម

ឡានដឹកមាន់ បុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តសាំងយ៉ុងកែច្នៃ ដឹកមាន់ ១គ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន រេចង្កូតឡើងខឿន រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ចំនួន១ដើម ចំណែករថយន្តបង្កហេតុ ខូចខាតធ្ងន់ សំណាងល្អ អ្នកបើកបរមិនមានរងរបួសអ្វីឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ដែលគេកែច្នៃដឹកមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2W-5187 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិច ក្នុងល្បឿន លឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿន រួចបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចំនួនមួយដើម បណ្តាលឱ្យបាក់រលំដល់ដី សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES