ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាមជំនាញលោត ឆត្រយោងរបស់អង្គភាពកងឆត្រយោងពិសេស ៩១១ម្នាក់ ក្នុងចំណោម៥នាក់ បានហាត់សម លោតឆត្រយោងចុះពីឧទ្ធម្ភាចក្រចុះមកដី តែ អកុសល ដោយសារតែឆត្រមិនរលាស់ ទើប បណ្តាលឱ្យធ្លាក់ចុះមកដល់ដីស្លាប់ភ្លាមៗមួយ រំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង។
តាមប្រភពពីប្រជាពលរដ្ឋ ដែលបានឈរ មើលការលោតឆត្ររបស់ក្រុមសិក្ខាកាមរបស់ អង្គភាពកងឆត្រយោងពិសេស៩១១ពីចម្ងាយ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ សិក្ខាកាមចំនួន៥នាក់ បាននាំគ្នាដើរឡើងទៅ លើឧទ្ធម្ភាចក្រយ៉ាងស្វាហាប់ ដើម្បីហាត់សម លោតឆត្រពីលើឧទ្ធម្ភាចក្រចុះមកក្រោម។ លុះ ក្រោយពីឧទ្ធម្ភាចក្រហោះឡើងខ្ពស់ត្រដែត នៅលើអាកាស ទើបក្រុមសិក្ខាកាមទាំង៥នាក់ បានលោតចុះពីឧទ្ធម្ភាចក្រជាបន្តបន្ទាប់ និង ឃើញឆត្ររបស់សិក្ខាកាមទាំងអស់បានរលាស់ ចេញត្រដាងនៅលើអាកាស ប៉ុន្តែលើកលែង ឆត្ររបស់សិក្ខាកាមម្នាក់ មិនបានរលាស់ចេញ នោះទេ មិនដឹងជាខុសបច្ចេកទេសយ៉ាងម៉េច ស្រាប់តែបណ្តាលឱ្យសិក្ខាកាមរូបនោះ បានធ្លាក់ ចុះពីលើអាកាសយ៉ាងលឿនស្លេវ រួចក៏បោកទៅ នឹងដីស្លាប់ភ្លាមៗមួយរំពេច គួរឱ្យអាណោច អាធ័មបំផុត។
តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹង ថា ពិតជាមានករណីសិក្ខាកាមលោតឆត្រខុស បច្ចេកទេស ធ្លាក់ស្លាប់ម្នាក់មែន ប៉ុន្តែសាមី អង្គភាព មិនអនុញ្ញាតឱ្យថតរូប ឬធ្វើរបាយការណ៍ ជូនថ្នាក់លើនោះឡើយ ពោលគឺបានដឹកសព- ជនរងគ្រោះចេញពីទីលានហាត់សមលោតឆត្រ យ៉ាងប្រញាប់ប្រញាល់បំផុត។
ជុំវិញករណីខាងលើនេះ “នគរធំ“ មិនអាច ទាក់ទងសុំការបំភ្លឺអង្គភាពកងឆត្រយោងពិសេស ៩១១បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់។
ប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍ ខាងលើ បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងរន្ធត់បំផុតចំពោះករណីខាងលើនេះ និងបាន លើកឡើងថា ករណីនេះ មិនដឹងថាជាកំហុស បច្ចេកទេសរបស់គ្រូបង្វឹកដែលមិនបានត្រួតពិនិត្យបច្ចេកទេសឆត្ររបស់សិក្ខាកាម ឱ្យបាន ត្រឹមត្រូវ ឬក៏ជាកំហុសបច្ចេកទេសរបស់សិក្ខាកាមខ្លួនឯងនោះទេ៕