បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចុះឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីចេញសែកស្អុយ ចំនួន១ម៉ឺនដុល្លារ។
ស្ត្រីដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន មានឈ្មោះយូ ស្រីនី អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកដើមបណ្តឹង មានឈ្មោះងួន សេងហេង ហៅរ៉ាដា ភេទស្រី អាយុ៣៨ឆ្នាំ មានលំនៅ ភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះងួន សេងហេង បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះយូ ស្រីនី លើករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខេត្តបន្ទាយមានជ័យ។
ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ការិយាល័យព្រហ្មទណ្ឌ បានធ្វើការកោះហៅឈ្មោះយូ ស្រីនី ឱ្យចូលមកបំភ្លឺអំពីដំណើររឿងហេតុ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយជនសង្ស័យឈ្មោះយូ ស្រីនី បានចូលខ្លួនមកបំភ្លឺតាមការកោះហៅ និងបានឆ្លើយបំភ្លឺតាមដំណើររឿងហេតុដែលបានកើតឡើង ឃើញមានពិរុទ្ធភាពនៃបទល្មើសខាងលើ ទើបកម្លាំងជំនាញមានចំណាត់ការតាមនីតិវិធីតែម្តង។
ក្រោយឃាត់ខ្លួន តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចេញមូលប្បទានបត្រពុំមានសាច់ប្រាក់ (សែកស្អុយ) ចំនួន ១ម៉ឺនដុល្លារ ឱ្យទៅដើមបណ្តឹងមែន ដោយវាជាលុយតម្កល់ក្នុងដំណើររឿងដែលខ្លួន និងដើមបណ្តឹង មានទំនាក់ទំនងទូទាត់លើរបររកស៊ីជាមួយគ្នា។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។
ករណីនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនស្ត្រីសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕