Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្រីស្អាត ចេញសែកស្អុយ១ម៉ឺនដុល្លារ

ឃាត់ខ្លួនស្រីស្អាត ចេញសែកស្អុយ១ម៉ឺនដុល្លារ

បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩  ខែឧសភា  ឆ្នាំ២០២៣ បានចុះឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីចេញសែកស្អុយ ចំនួន១ម៉ឺនដុល្លារ។

ស្ត្រីដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន មានឈ្មោះយូ ស្រីនី អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកដើមបណ្តឹង មានឈ្មោះងួន សេងហេង ហៅរ៉ាដា  ភេទស្រី  អាយុ៣៨ឆ្នាំ មានលំនៅ ភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយ​មាន​ជ័យ បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា  កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះងួន សេងហេង បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះយូ ស្រីនី លើករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល​អាច​ជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ  ការិយាល័យព្រហ្មទណ្ឌ បានធ្វើការកោះហៅឈ្មោះយូ ស្រីនី ឱ្យចូលមកបំភ្លឺអំពីដំណើររឿងហេតុ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយជន​សង្ស័យឈ្មោះយូ ស្រីនី បានចូលខ្លួនមកបំភ្លឺតាមការកោះហៅ និងបានឆ្លើយបំភ្លឺតាមដំណើររឿងហេតុ​ដែលបាន​កើតឡើង ឃើញមានពិរុទ្ធភាពនៃបទល្មើសខាងលើ ទើបកម្លាំងជំនាញមានចំណាត់ការតាមនីតិវិធីតែម្តង។

ក្រោយឃាត់ខ្លួន តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ៦៥៣ អយ.ក ចុះថ្ងៃទី១៧  ខែឧសភា  ឆ្នាំ​២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ  ជនសង្ស័យបានសារភាពថា  ខ្លួនពិតជាបាន​ចេញមូលប្បទានបត្រពុំមានសាច់ប្រាក់ (សែកស្អុយ) ចំនួន ១ម៉ឺនដុល្លារ ឱ្យទៅដើមបណ្តឹងមែន ដោយវាជា​លុយ​តម្កល់ក្នុងដំណើររឿងដែលខ្លួន និងដើមបណ្តឹង មានទំនាក់ទំនងទូទាត់លើរបររកស៊ីជាមួយគ្នា។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ​ល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តផងដែរ។

ករណីនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនស្ត្រីសង្ស័យ​ខាងលើ ទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី២៩  ខែឧសភា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES