Sunday, November 24, 2024
Homeនយោបាយផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្រកម្ពុជា ព្រែកជីកហ្វូណន តេជោ ផ្តល់ប្រយោជន៍អ្វីខ្លះ?

ផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្រកម្ពុជា ព្រែកជីកហ្វូណន តេជោ ផ្តល់ប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈ រួមទាំងមន្រ្តីរាជរដ្ឋាភិបាល បាន លើកឡើងស្របគ្នាថា គម្រោងសាងសង់ផ្លូវទឹក តភ្ជាប់ទន្លេ និងសមុទ្រ របស់កម្ពុជា ពីរាជធានីភ្នំពេញ ទៅខេត្ត កែប ដែលត្រូវបានដាក់ឈ្មោះថា «ព្រែកជីក ហ្វូណនតេជោ» និងគ្រោងចំណាយពេលសាងសង់ ប្រមាណ៤ឆ្នាំ និងចំណាយថវិកា ១៧០០លានដុល្លារអាមេរិកនោះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាល ដល់ប្រទេសកម្ពុជា ជា ពិសេសវិស័យដឹកជញ្ជូន វិស័យអចលនទ្រព្យ និងការវិនិយោគ ។ ជាពិសេស គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធ ភ័ស្តុភារកម្មទន្លេបាសាក់នេះ នឹងធ្វើឲ្យកម្ពុជា មានដង្ហើមដកដោយខ្លួនឯង លែងពឹងដង្ហើមគេដកទៀតហើយ ។

 យោងតាមរបាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោង ផ្លូវនាវា ចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ បានបង្ហាញថា ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញឲ្យឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក គឺជាវិស័យដ៏មានសារសំខាន់ និងមានសក្ដានុពលធំធេង សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញ និងទេសចរណ៍ ចុះកាន់តែទាប កាត់ បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយ ដឹកជញ្ជូនផ្សេងទៀតនៅ កម្ពុជា ។ យ៉ាងណាមិញ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នាពេលបច្ចុប្បន្ន ពុំទាន់ត្រូវបានប្រើប្រាស់ឲ្យអស់ លទ្ធភាពនៅឡើយទេ ដោយសារទន្លេ ព្រែក ស្ទឹង និងប្រឡាយមួយចំនួន ត្រូវបានគោករាក់ ដោយកត្តាធម្មជាតិ ជាបន្តបន្ទាប់ ខណៈដែលវិស័យដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា កំពុងប្រឈមនឹងបញ្ហាការអនុវត្តនីតិវិធី ស្មុគស្មាញ ការប្រើរយៈពេលដឹកជញ្ជូនយូរ ចម្ងាយឆ្ងាយ និងចំណាយថវិកាច្រើនជាដើម ។

 គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ «ព្រែកជីក ហ្វូណនតេជោ» គឺជាគម្រោង ប្រវត្តិ សាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោង នេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូល រួម លើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើងបាន និងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន។

 គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប ២៦ខែ។ តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសង ខាងផ្លូវ ទឹក។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹក ប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លង នាវា ចរណ៍ ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្ម របស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដារអន្តរជាតិ ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយ គិតគូរគ្រប់ជ្រុងជ្រោយលើផ្នែកបច្ចេកទេស និងបរិស្ថាន សម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។ គម្រោង នេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ ចំនួន ៣កន្លែង, សាងសង់ស្ពាន ចំនួន ១១កន្លែង, សាងសង់ផ្លូវអម សាង ខាង ប្រវែង ២០៨គីឡូម៉ែត្រ, និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ទន្លេ ផ្សេងៗ ទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១៧០០លាន ដុល្លារអាមេរិក និងរយៈពេលសាងសង់ ប្រមាណ ៤ឆ្នាំ។

 គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ៖ ការ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភ័ស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូប នីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ។

 លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ គឺសំដៅលើ ការចូល រួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើន ឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើង បាន និងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន ។ លោកបានបញ្ជាក់ថា គម្រោងនេះ នឹងផ្ដល់ផលចំណេញលើ តម្លៃដឹក ជញ្ជូនប្រមាណ ១៧០លានដុល្លារ សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹក ជញ្ជូននា ពេលបច្ចុប្បន្ន ប្រមាណ ១៦ភាគរយ ។

 ទាក់ទងដល់ប្រយោជន៍ផ្នែកប្រវត្តិសាស្រ្ត លោកបណ្ឌិត ដៀប សុផល សាស្រ្តាប្រវត្តិសាស្រ្ត បានបញ្ជាក់ថា ប្រទេសកម្ពុជា តាំងពីសម័យគោកធ្លក (ហ្វូណន) ជាពិសេសមកដល់សម័យអង្គរ រីកចម្រើន ក្លាយជាអាណាចក្រ មួយ ដោយសារបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក យ៉ាងរឹងមាំ ដែលធ្វើឲ្យការដឹកជញ្ជូនផ្លូវទឹកបានល្អប្រសើរ ហើយអរិយធម៌ខ្មែរ ក៏កើតចេញពីទឹក បើសិនជាទីណាមានទឹក គឺធ្វើឲ្យយើងសម្បូរសប្បាយ សូម្បីតែទំនៀម ទម្លាប់ខ្មែរ តែងនឹកគុណទៅដល់ “មេបា” ហើយ “មេ” សំដៅទៅលើទឹក ឯ “បា” សំដៅទៅលើដី ។ ដូច្នេះការ ចង់អភិវឌ្ឍ បើសិនជាមានដី អត់ទឹក គឺដូចថ្មបាយក្រៀមអ៊ីចឹង វាមិនលូតលាស់ទេ តែបើមានទឹកស្រោចស្រព គឺបានទាំងមេបា ។ ដូច្នេះការបង្កើតនូវតំបន់អភិវឌ្ឍន៍មួយ ត្រូវមានទាំងដី មានទាំងទឹក ហើយអ្វីដែលអាចនាំ ទឹកមក វាអាចជាព្រែកជីក វាអាចជាបារាយណ៍ ជាដើម ។ ដូច្នេះការធ្វើព្រែកជីក ហ្វូណនតេជោ ដែលមាន ចម្ងាយ ១៨០គីឡូម៉ែត្រ និងក្នុងគម្រោងទឹកប្រាក់ ១៧០០លានដុល្លារ នៅក្នុងសម័យសន្តិភាពនេះ ពិតជាអស្ចារ្យ ណាស់ និងមិនមែនជារឿងធម្មតាទេ ដែលផ្ដល់អាទិភាពដល់ប្រជាជន ៤ខេត្ត និងផ្ដល់ផលប្រយោជន៍ ដល់ប្រ ជាជនទូទាំងប្រទេស ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ទំនាក់ទំនងជាមួយបរទេសផងដែរ ។

ជាមួយគ្នានោះដែរ ទាក់ទងដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការធ្វើព្រែកជីកនេះ គឺជាការលះបង់របស់រដ្ឋាភិបាល មួយដ៏ធំ ដើម្បី រួមចំណែកនៅក្នុងការកាត់បន្ថយថ្លៃដើម ឬជាការរួមចំណែកលើកកម្ពស់ថ្លៃលក់នៃកសិផលរបស់កម្ពុជា ហើយ ការកាត់បន្ថយថ្លៃដើមនេះ នឹងធ្វើឲ្យកម្ពុជា មានឧត្ដមភាពក្នុងការប្រកួតប្រជែងសម្រាប់នាំចេញ ។ លើសពីនេះ ការធ្វើព្រែកជីកនេះ ជួយគាំទ្រទៅដល់វិស័យឧស្សាហកម្មទាំងអស់ ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានមានប្រសាសន៍ថា “ការធ្វើព្រែកជីកនេះ គឺជាលះបង់របស់រដ្ឋាភិបាលមួយដ៏ធំ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយថ្លៃដើម ហើយយើងក្រឡេកមើលតើអ្នកណាដែលបាន ផលពីព្រែកជីក នេះ? មិនមែនរាជរដ្ឋាភិបាល ជាអ្នកមានការដឹកជញ្ជូនទេ រាជរដ្ឋាភិបាល បានគិតគូរពិចារណាពីផលប៉ះពាល់ ទាំងបរិស្ថាន ទាំងរបបទឹក ទាំងឥទ្ធិពលកសិកម្ម ទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយដែលបានផលមកវិញនោះ គឺកសិផលរបស់បងប្អូនប្រជាពលរដ្ឋទេ ដែលអាចដឹកជញ្ជូនតាមផ្លូវទឹកនេះ មកកាន់កំពង់ផែ ។ អ៊ីចឹងខ្ញុំគ្រាន់តែ ឧទាហរណ៍មួយ ពីផលិតផលដំឡូងមី ដែលពីមុន យើងនាំទៅកូរ៉េ នាំទៅអឺរ៉ុប ដើម្បីធ្វើចម្រាញ់យកអេតាណុល ចាក់រថយន្ត ដោយសារប្រេងឡើងថ្លៃ ក៏ប៉ុន្តែការដឹករបស់យើង វាពិបាក កាលណាយើងដឹកដំឡូងមី ពីបាត់ដំបង ពីបន្ទាយមានជ័យ មកដល់កំពង់សោម យើងត្រូវចំណាយថវិកាយ៉ាងច្រើន ហើយពេលវេលានោះ អាចចូលទៅ ដល់ ៣ថ្ងៃ ហើយក៏មានការខូចឡានក៏ច្រើន ខូចផ្លូវក៏ច្រើន អ៊ីចឹងវាបង្កភាពខាតបង់យ៉ាងច្រើន តែបើយើងក្រ ឡេកមកមើលអំពីការប្រើតាមទូកវិញ អ៊ីចឹងកាលពីជំនាន់នោះ យើងដឹងបានតែបន្តិច គឺដំឡូងមីក្រៀមហ្នឹង មិន អាចដឹកទៅច្រើនបាន តែពេលដែលរដ្ឋាភិបាល ពិចារណាក្នុងការធ្វើព្រែកជីកនេះ ខ្ញុំរំពឹងថា កសិផលប្រជាពល រដ្ឋ នឹងអាចដឹកជញ្ជូនក្នុងថ្លៃទាប ។ កាលណាដឹកជញ្ជូនក្នុងថ្លៃទាប អ្វីដែលបានទៅពួកគាត់វិញ គឺពួកគាត់លក់ បានថ្លៃខ្ពស់ ព្រោះយើងគិតអំពីថ្លៃនៅលើទីផ្សារអន្តរជាតិ វាមានកម្រិតមួយ អ៊ីចឹងគេទិញទម្លាក់ថ្លៃដល់កសិករ ហ្នឹង គេត្រូវដកប្រាក់ចំណេញគេមួយ ។ កាលណាគេដកប្រាក់ចំណេញហើយ គេដកថ្លៃដើមដឹកជញ្ជូន ដកថ្លៃ ដើមដឹកជញ្ជូនហើយ គេដកថ្លៃដើមការប្រាក់ ។ អ៊ីចឹងបើថ្លៃដើមដឹកជញ្ជូននេះតិច ចំណាយដែលបានទៅ កសិករ ហ្នឹង វានៅសល់ចំណែកធំណាស់ ។ អ៊ីចឹងនេះជាការរួមចំណែកលើកកម្ពស់ថ្លៃលក់នៃកសិផលរបស់កម្ពុជា ផង ដែរ“ ។ 

 ដោយឡែក ពាក់ព័ន្ធនឹងនយោបាយភូមិសាស្រ្ត លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ថា ប្រសិនបើព្រែកជីកហ្វូណនតេជោ ដំណើរការដោយរលូន គម្រោងផ្លូវនាវាចរណ៍នេះ នឹងក្លាយជាច្រកនាំំទំនិញចេញតាមផ្លូវទឹក ទៅសមុទ្រអន្តរ ជាតិ ដោយឯករាជ្យ មិនស្ថិតនៅក្រោមគំនាបរបស់ប្រទេសវៀតណាម ដែលជាប្រទេសមាន ព្រែកជីកច្រើន បំផុតនៅក្នុងតំបន់អាស៊ាន ។

 លោកឯម សុវណ្ណារ៉ា បានមានប្រសាសន៍ថា “គម្រោងព្រែកជីកថ្មី ប្រសិនបើដំណើរការរលូន នោះព្រែកជីកនេះ នឹងមានផលប្រយោជន៍ច្រើន រួមមាន ៖ តម្លៃដឹកជញ្ជូន មានតម្លៃថោក ជាច្រកនាំំទំនិញចេញតាមផ្លូវទឹក ទៅ សមុទ្រអន្តរជាតិ ដោយឯករាជ្យ មិនស្ថិតនៅក្រោមគំនាបរបស់វៀតណាម និងប្រសិនបើព្រំដែនសមុទ្រ នាពេល អនាគត មានបញ្ហាជាមួយប្រទេសវៀតណាម នោះកម្ពុជា នៅតែឯករាជ្យខាងច្រកសមុទ្រ“ ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវនាវាចរណ៍ ដែលប្រសិទ្ធនាមថា “ព្រែកជីក ហ្វូណនតេជោ” នេះ ត្រូវបានរាជរដ្ឋាភិល បានកម្ពុជា តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រទី០៩ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់ភារ កិច្ចដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធគម្រោងសាងសង់ផ្លូវនាវា ចរណ៍ទន្លេបាសាក់ នេះ ទៅបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហ ប្រតិបត្តិ ការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់អាងទន្លេមេគង្គ ឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ និងបានសម្រេចប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំគម្រោងវិនិយោគខាងលើនេះ ឱ្យបានលម្អិត ស៊ីជម្រៅ លើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ៕ កុលបុត្រ 

RELATED ARTICLES